រាជធានីភ្នំពេញ ៖ កម្មការិនីម្នាក់ចេញពីធ្វើការរោងចក្រដឹកបងប្អូនទៅស្រុកកំណើតថ្ងៃបុណ្យឈប់សម្រាកត្រូវរថយន្តយីឌុបរបស់ក្រុមហ៊ុនណឹមម៉េងបើកកិនពីលើពាក់កណ្តាលខ្លួនធ្លាយពោះវៀនស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី៣០ មេសា លើកំណាត់ផ្លូវជាតិលេខ៣ ទល់មុខសួនឧស្សាហកម្មវឌ្ឍនៈ២ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ សពមានឈ្មោះ នូ សារីម ភេទស្រី អាយុ២៧ឆ្នាំ ជាកម្មការិនីកាត់ដេរនៅរោងចក្រក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្នាក់នៅបន្ទប់ជួលក្បែររោងចក្រ មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំមហារាសី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំណែកបងស្រីដែលរួមដំណើរជាមួយរងរបួសស្រាលមានឈ្មោះ នូ ភន អាយុ៣២ឆ្នាំ ធ្វើការនិងស្នាក់នៅជាមួយគ្នា ។
បើតាមសម្តីបងស្រីរបស់សពបានឲ្យដឹងថា មុនពេលកើតហេតុគាត់ចេញពីធ្វើការ ហើយថ្ងៃទី១ និងទី២ ខែឧសភា ជាថ្ងៃបុណ្យឈប់សម្រាក ទើបប្អូនស្រីបានជិះម៉ូតូហុងដាឌ្រីម ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AU 2311 មួយគ្រឿងដឹករូបគាត់ជាបងស្រីទៅលេងស្រុកកំណើតធ្វើដំណើរពីជើងទៅត្បូង ស្របគ្នាជាមួយរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណទឹកប៊ិចលាយស្លាទុំ អត់ស្លាកលេខ ជាប្រភេទរថយន្តយីឌុបរបស់ក្រុមហ៊ុនណឹមម៉េង ខណៈមកដល់ចំណុចខាងលើ រថយន្តបង្កបើកលឿនបានបើកបុកម៉ូតូរបស់គាត់ពីក្រោយពេញទំហឹងអូសជាង១០ម៉ែត្រ កិនម៉ូតូនៅជាប់កង់មុខរថយន្ត ហើយកិនពីលើពាក់កណ្តាលខ្លួនប្អូនស្រីដែលជាអ្នកបើកម៉ូតូនៅកង់ក្រោយធ្លាយពោះវៀនតាមគូទស្លាប់គួរឲ្យរន្ធត់ពេកក្រៃ ចំណែករូបគាត់ខ្ទាតចេញពីរថយន្តរងរបួសស្រាល ។
គួរកត់សម្គាល់ផងដែរថា រថយន្តរបស់ក្រុមហ៊ុន ណឹម ម៉េង គ្រាន់តែថ្ងៃទី៣០ មេសា បានកិនមនុស្សស្លាប់ដល់ទៅ២នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះកិនស្លាប់នៅមុខរោង ចក្រ SL តាមផ្លូវលេខ៣៧១ សង្កាត់ស្ទឹងមានជ័យ និងម្នាក់ទៀតកិនស្លាប់នៅខណ្ឌដង្កោនេះតែម្តង ។
ក្រោយពេលកើតហេតុអ្នកជិះលើរថយន្តមានគ្នា៣នាក់បានរត់គេចខ្លួន ចំណែកសព សមត្ថកិច្ចពិនិត្យរួចហើយបានប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
ចែករំលែកព័តមាននេះ