រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានបុរសម្នាក់បានស្លាប់នៅនឹងកន្លែងដោយសារតែរថយន្តម៉ាក KIA របស់ក្រុមហ៊ុនស៊ីភីមួយគ្រឿងបើកចុះច្រាំងឡើងទូកដ ហើយជាន់ហ្វ្រាំងមិនស៊ី រអិលជ្រុលទៅបុកម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម មួយគ្រឿង និងកិនទាំងអ្នកជិះ និងម៉ូតូ ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ នៅចំណុចកំពង់ដស្វាយជ្រុំ ផ្លូវទន្លេមេគង្គ ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ បន្ទាប់ពីគ្រោះថ្នាក់ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
រថយន្តបង្កបុកមនុស្សស្លាប់នោះ ម៉ាក KIA ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2Z-2464 ជារថយន្តឃ្លុប បើកបរដោយ ឈ្មោះទុន បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាបើកបររថយន្តឱ្យក្រុមហ៊ុនស៊ីភី ស្នាក់នៅភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះមានឈ្មោះនួន រឿង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវរថយន្តកិនបែកប្លោកនោមស្លាប់នៅកន្លែង ។
តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបើកបរចុះកំពង់ដស្វាយជ្រុំ ក្នុងបំណងត្រឡប់ទៅផ្ទះ ។ ខណៈពេលចុះបានបន្តិចអ្នកបើកបរបានពន្លត់ម៉ាស៊ីន និងបានជាន់ហ្វ្រាំងទប់ ស្រាប់តែហ្វ្រាំងមិនស៊ី ក៏រអិលចុះជ្រុលទៅបុកម៉ូតូម៉ាកសេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CP-4888 មួយគ្រឿងពីក្រោយបណ្តាលឱ្យអ្នកជិះម៉ូតូបែកប្លោកនោមស្លាប់ភ្លាមៗនៅកន្លែង ។ ភ្លាមៗនោះដែរអ្នកបើកបរត្រូវចាប់ខ្លួន ។
រថយន្ត និងម៉ូតូ រួមជាមួយអ្នកបើកបរថយន្ត ត្រូវបានសមត្ថកិច្ចនាំទៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយគ្នា ៕
ចែករំលែកព័តមាននេះ