ប្រភពព័ត៌មានពីមន្ត្រីសាលាខេត្តកណ្តាលម្នាក់គួរជឿជាក់បានឲ្យដឹងថា អាជីវកម្មបូម និងដឹកជញ្ជូនខ្សាច់របស់ក្រុមហ៊ុន សុខ ទៀង ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យធ្វើអាជីវកម្មខ្សាច់សម្រាប់យកទៅចាក់បំពេញដីទំនាប នៅភូមិព្រែកសំរោង២តែប៉ុណ្ណោះ គឺមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មទៅកន្លែងផ្សេងទៀតទេ ។ ផ្ទុយទៅវិញ ក្រុមហ៊ុននេះតាំងពីមុនមក ធ្វើអាជីវកម្មខ្សាច់មិនគោរពតាមគោលការណ៍ ដែលច្បាប់អនុញ្ញាតឡើយ ។ ជាក់ស្ដែង ក្រុមហ៊ុនកំពុងបូមខ្សាច់ចាក់លុបរណ្តៅដីមួយកន្លែងផ្សេង មានទំហំច្រើនហិកតា នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្រុមហ៊ុន សុខ ទៀង មានដេប៉ូខ្សាច់មួយកន្លែងទៀត នៅខាងត្បូងជាប់គល់ស្ពានព្រែកសំរោង ដែលពេលនេះកំពុងមមាញឹកខ្លាំងណាស់ មានរថយន្តដឹកខ្សាច់ធំៗ ច្រើនគ្រឿងដឹកយកទៅលក់នៅគ្រប់ទីកន្លែង ។ ចំណែកការដឹកយកទៅចាក់នៅភូមិព្រែកសំរោង២ ដែលអាជ្ញាធរអនុញ្ញាត គឺមានតិចតួចប៉ុណ្ណោះ ប៉ុន្តែដឹកទៅកន្លែងផ្សេងច្រើនជាង ។ ធ្វើបែបនេះត្រូវគេនិយាយថា បើចាក់ឆាប់ពេញទៅ តើមានឱកាសឯណារកស៊ីក្រៅទៀត ដែលគេឱ្យឈ្មោះថា «បានកន្ទេលធំបន្លំដេក» រំភើយ ។
ប្រជាពលរដ្ឋមិនសប្បាយចិត្តនឹងក្រុមហ៊ុនអាជីកម្មខ្សាច់ សុខ ទៀង នេះទេ ដោយសាររថយន្តដឹកខ្សាច់ហៀរទ្រុង រថយន្តមិនគ្របធ្វើឱ្យជ្រុះរប៉ាត់រប៉ាយតាមផ្លូវបង្កឲ្យមានដីហុយទ្រលោមពិបាកដកដង្ហើម និងពិបាកធ្វើដំណើរខ្លាំងណាស់ ។ ជួនកាលទៀតមានអ្នកបើកម៉ូតូដួលរងរបួសដោយសារដីខ្សាច់ជ្រុះលើផ្លូវជាតិច្រើនពេក ។
ជាមួយគ្នានេះ ភាពអនាធិបតេយ្យនៅក្នុងទន្លេបាសាក់ចាប់ពីក្រុងតាខ្មៅ ទៅដល់ក្បាលកោះអន្លង់ចិន ស្រុកស្អាង ដោយសារទូកបូមខ្សាច់ធ្វើសកម្មភាពបូមទាំងយប់ទាំងថ្ងៃ មិនមានការកំណត់ទីតាំងឲ្យបានច្បាស់លាស់ ។ សកម្មភាពនេះរឹតតែនាំឲ្យមានកង្វល់ដល់ប្រជាពលរដ្ឋដែលមានផ្ទះ និងដីចម្ការនៅជាប់ច្រាំងទន្លេ ព្រោះព្រួយបារម្ភខ្លាចបាក់ស្រុតច្រាំងទន្លេ ដោយសារការបូមខ្សាច់តាមបែបអនាធិបតេយ្យនេះ ។
មានការកត់សម្គាល់ថា មួយរយៈកន្លងមកនេះ អាជ្ញាធរខេត្តមានវិធានការក្ដៅចំពោះម្ចាស់អាជីវកម្មបូមខ្សាច់ ក្នុងទន្លេដែលគ្មានច្បាប់ត្រូវបានផ្អាក និងបញ្ឈប់ទាំងអស់ គឺនៅសល់តែអាជីវកម្មខ្សាច់ សុខ ទៀង មួយប៉ុណ្ណោះ នៅក្រុងតាខ្មៅដែលមានសំណាងជាងគេ ។ ពេលនេះកំពុងមមាញឹកក្នុងអាជីវកម្មនេះខ្លាំងណាស់ រហូតដល់ធ្វើអាជីវកម្ម ទាំងបំពានច្បាប់អនុញ្ញាតទៀតផង ៕
ចែករំលែកព័តមាននេះ