រាជធានីភ្នំពេញ ៖ សាលាខណ្ឌមានជ័យកាលពីរសៀលថ្ងៃទី០៨ មេសា ២០១៥ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ស្តីពីការការពារ និងពង្រឹងសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាននាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលកាន់តែខិតចូលមកដល់ហើយនោះ ក្រោមអធិបតីភាពលោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងមានការចូលពីមន្ត្រីរាជការ កម្លាំងកងរាជអាវុធហត្ថ នគរបាល មេប៉ុស្តិ៍ ចៅសង្កាត់ និងសមាជិកគណៈបញ្ជាការឯកភាពខណ្ឌជាច្រើននាក់ទៀតផងដែរ។
លោកឡុង ង៉ែត នាយករដ្ឋបាលបានឡើងថ្លែងរៀបរាប់ពីគោលការណ៍ត្រួសៗ មួយចំនួនធំរបស់សាលាខណ្ឌ ដែលក្នុងនោះកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវដាក់កម្លាំងយាមកាមតាមទីវត្តអារាម រមណីយដ្ឋាន និងកន្លែងកម្សាន្តនានាក្នុងមូលដ្ឋានឱ្យបានតឹងរ៉ឹងបំផុត, ចូលរួមសហការគ្រប់ជំហានរវាងកម្លាំងមានសមត្ថកិច្ច កម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីមូលដ្ឋាន, ត្រូវវាយតម្លៃស្ថានការណ៍ទុកជាមុន មុនពេលដែលវាអាចកើតឡើងបាន មិនថាជាទ្រង់ទ្រាយតូចឬធំ ដើម្បីងាយស្រួលក្នុងការរក្សាសុវត្ថិភាពទុកជាមុន ។
លើសពីនេះទៅទៀតត្រូវដាក់កម្លាំងពង្រាយដើម្បីយាមកាមល្បាតពួនស្ទាក់នូវសកម្មភាពអសន្តិសុខមួយចំនួនដូចជា លួច ឆក់ ប្លន់ប្រដាប់អាវុធ ដែលសកម្មភាពទាំងអស់នេះ អាចកើតឡើងបានគ្រប់ពេលវេលា ។ លោកឡុង ង៉ែត បានបន្តថា ទោះបីជាថ្ងៃបុណ្យជាថ្ងៃឈប់សម្រាកក៏ដោយ ប៉ុន្តែគណៈបញ្ជាការឯកភាពខណ្ឌមានជ័យទាំងអស់ ត្រូវតែធ្វើការដាក់វេនគ្នាក្នុងការយាមកាមការពារសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋានឱ្យបានល្អក្នុងឱកាសបុណ្យប្រពៃណីជាតិចំនួន៣ថ្ងៃ ដែលត្រូវនឹងថ្ងៃទី១៣.១៤.១៥ ខាងមុននេះ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ