ខេត្តកំពង់ឆ្នាំង ៖ អ្នកដំណើរលើរថយន្តក្រុងមួយបានព្រលឹងចុងសក់ ខណៈដែលរថយន្តកំពុងធ្វើដំណើរបានដាច់កាឡេបុកដីបណ្តាលឱ្យរថយន្តបោកធ្លាក់មួយកំណាត់ខ្លួនចេញពីថ្នល់ជាតិ ដែលហេតុការណ៍នេះកើតឡើងកាលពីនៅវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី២២ មីនា ២០១៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងចន្លោះគីឡូម៉ែត្រលេខ១១៣ និង១១៤ ក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តក្រុងខាងលើមានដឹកអ្នកដំណើរពីខេត្តបាត់ដំបង ទៅរាជធានីភ្នំពេញ តែពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដាច់កាឡេ (ខ្លះហៅក្បាលខ្មោច) បណ្តាលឱ្យរថយន្តរត់ខុសផ្លូវធ្លាក់ចេញពីថ្នល់ជាតិមួយកំណាត់ខ្លួនទៅក្រោមថ្នល់ មួយកំណាត់គងជាប់ថ្នល់ជាតិ ។ នៅក្នុងហេតុការណ៍នោះ សំណាងល្អពុំមានអ្នកណារងរបួសទេ ប៉ុន្តែអ្នកជិះក្នុងរថយន្តទាំងអស់ សុទ្ធតែនិយាយដូចគ្នាថា ភ័យលស់ព្រលឹងចុងសក់ ខ្លះចង់ខ្យល់ចាប់ ព្រោះតែភ័យពេក ។ ក្រោយពេលកើតហេតុអ្នកដំណើរត្រូវបានសាងរថយន្តផ្សេងទៀត ដើម្បីបន្តដំណើរទៅដល់គោលដៅ ។
ប្រភពបន្តថា អ្នកធ្វើដំណើរលើរថយន្តក្រុងខាងលើបានស្តីបន្ទោសថា មិនបានត្រួតពិនិត្យរថយន្តឱ្យបានត្រឹមត្រូវទេ មុនពេលចេញដំណើរ សំណាងហើយគ្មានគ្រោះថ្នាក់ដល់មនុស្ស បើធ្ងន់ជាងនេះប៉ះពាល់ដល់មនុស្ស តើអ្នកណាជាអ្នកទទួលខុសត្រូវ មិនមែនជីវិតដាក់លក់តាមទៅផ្សារឡើយ ។ ក្នុងករណីខាងលើនេះ គេមិនបានឃើញមន្ត្រីនគរបាលខេត្តនាំរថយន្តខាងលើ មកពិន័យ ឬធ្វើការអប់រំទេ ៕
ចែករំលែកព័តមាននេះ