ខេត្តព្រះវិហារ ៖ ភ្លៀងលាយឡំជាមួយខ្យល់រយៈពេលជាងកន្លះម៉ោង បានធ្វើឱ្យផ្ទះសម្បែងប្រជាពលរដ្ឋខូចខាតជាច្រើនខ្នង រួមទាំងដំណាំជាច្រើនទៀត កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១ មីនា ២០១៥ នេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ។
តាមការឱ្យដឹងពីលោកម៉ម សុផា មេឃុំទឹកក្រហម នៅព្រឹកថ្ងៃទី០២ មីនា នេះបានឲ្យដឹងថា ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាងកន្លះម៉ោង ក៏ស្រាប់តែមានខ្យល់បក់បោកយ៉ាងខ្លាំង បណ្តាលឲ្យលំនៅឋានពលរដ្ឋចំនួន២ឃុំ មាន៦៩គ្រួសារ នៅក្នុងឃុំទឹកក្រហម មានចំនួន៥ភូមិ ក្នុងនោះមានភូមិទឹកក្រហម ភូមិសង្គមថ្មី ភូមិអូរក្សាន្ត ភូមិចាត់តាំង ភូមិត្រពាំងធំ ខូចខាតចំនួន៤៩ខ្នង ស្មើនឹង៤៩គ្រួសាត ក្នុងនោះ១០ខ្នងខូចខាតទាំងស្រុង និងឃុំជាំក្សាន្តចំនួន៣ភូមិ ក្នុងនោះមានភូមិជាំក្សាន្ត ភូមិវាលធំ និងភូមិគោស្រឡៅ ខូចខាត២០ខ្នង ស្មើនឹង២០គ្រួសារ រួមទាំងដំណាំហូបផ្លែជាច្រើនទៀត ចំណែកឯពលរដ្ឋ មិនមាននរណាម្នាក់រងរបួស ឬក៏បាត់បង់ជីវិត ដោយសារខ្យល់ព្យុះនោះទេ ។
សូមបញ្ជាក់ថា មកដល់ពេលនេះ អាជ្ញាធរខេត្តព្រះវិហារ រួមជាមួយកាកបាទក្រហមខេត្តព្រះវិហារ បានចុះស្រង់ស្ថិតិការខូចខាតពីការប៉ះពាល់ដោយសារខ្យល់ព្យុះខាងលើនេះ មិនទាន់ទទួលបានទិន្នន័យនៅឡើយទេ និងដើម្បីរៀបចំអំណោយ ចែកជូនដល់គ្រួសាររងគ្រោះផងដែរ ។
ចែករំលែកព័តមាននេះ