រាជធានីភ្នំពេញ ៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានសម្រេចភ្លាមៗកាលពីថ្ងៃទី១៨ កុម្ភៈ ក្នុងការផ្ទេរភារកិច្ចលោក អាំង មាលតី ប្រធានសាលាដំបូងរាជធានីភ្នំពេញ ចេញនិងដាក់ជំនួសលោក តាំង ស៊ុនឡាយ ដែលជាអនុប្រធានចូលកាន់តំណែងជាប្រធាន ។ ការប្រកាសផ្ទេរតំណែងនេះ បានធ្វើឡើងមួយថ្ងៃក្រោយពីប្រមុខរាជរដ្ឋាភិបាលប្រតិកម្មចំពោះការសម្រេចដោះលែងជនជាប់ចោទពីរនាក់ប្តីប្រពន្ធជាឪពុកម្តាយរបស់ឧកញ៉ា ថោង សារ៉ាត់។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា បន្ទាប់ពីមានភាពមិនប្រក្រតីក្នុងការដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់ កាលពីពេលថ្មីៗនេះ ក្រុមអធិការកិច្ចមិនទាន់បញ្ចប់ការស៊ើបអង្កេតក្នុងសំណុំរឿងនេះនៅឡើយទេ ។ លោកថា លោក អាំង មាលតី ត្រូវបានផ្ទេរភារកិច្ចទៅប្រើការនៅឯក្រសួងយុត្តិធម៌វិញ ។
គួរបញ្ជាក់ថា លោក អាំង មាលតី អតីតជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ទើបតែចូលកាន់តំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០១៤ បានរយៈពេលជាង១០ខែប៉ុណ្ណោះ ។ លោក តាំង ស៊ុនឡាយ ជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ អតីតជាចៅក្រុមសាលាឧទ្ធរណ៍ បានចូលមកកាន់តំណែងក្នុងរយៈពេលដូចគ្នានេះដែរ ។
ពិធីផ្ទេរភារកិច្ចបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ឌិត មន្ទី ប្រធានតុលាការកំពូល លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងមានការអញ្ជើញចូលរួមពីអគ្គស្នងការរងនគរបាលជាតិចំនួន២រូប គឺលោកឧត្តមសេនីយ៍ ម៉ក់ ជីតូ និងលោកឧត្តមសេនីយ៍ កង សាខន លោកជំទាវ ជា លាងអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល លោក អ៊ុក សាវុធ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ។
លោក អាំង មាលតី ដែលត្រូវបានដកចេញពីតួនាទី បានថ្លែងថា លោកមានសេចក្តីសប្បាយរីករាយ ដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញថ្មីលោក តាំង ស៊ុនឡាយ ជំនួសរូបលោកដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួងយុត្តិធម៌វិញ ។ លោកលើកឡើងថា ក្នុងតួនាទីរយៈពេល១០ខែរបស់លោកជាប្រធានសាលាដំបូងរាជធានីភ្នំពេញលោកនិងមន្ត្រីតុលាការដទៃទៀត បានខិតខំយកចិត្តទុកដាក់ចំពោះការងារណាស់ ។
លោក អាំង មាលតី បានលើកឡើងថា ក្នុងតួនាទីនោះលោកនិងសហការី បានខិតខំបំពេញការងារភារកិច្ចក្នុងការផ្តល់សេវាយុត្តិធម៌ជូនភាគីក្តីនិងបានយកចិត្តទុកដាក់ពង្រឹងកិច្ចការងារគ្រប់គ្រងរដ្ឋបាលតុលាការឲ្យបានកាន់តែប្រសើរឡើង ។ លោកថា «ខ្ញុំបានខិតខំធ្វើឲ្យប្រជាពលរដ្ឋអាចទទួលបាននូវសេវាយុត្តិធម៌ តាមយន្តការរដ្ឋបាល សេវាយុត្តិធម៌មតាមសេចក្តីសម្រេចរបស់តុលាការ» ។
លោក អាំង មាលតី បានលើកឡើងថា សំណុំរឿងស៊ើបសួរឬសល់ពីមុនមានចំនួន១.៩៧៩រឿង និងមានរឿចូលថ្មី២.៨៨៦រឿង។សំណុំរឿងបានចាត់ការរួចចំនួន២៧៨៩ រឿងនិងសល់២.០៧៧រឿង ។ សំណុំរឿងព្រហ្មទណ្ឌជំនុំជម្រះសល់ពីមុន៣.០១៥រឿង និងចូលថ្មី២.០៨៩រឿង ។ លោកមិនបាននិយាយដល់បញ្ហាជុំវិញដកតំណែងរបស់លោកនោះទេ ។
លោក តាំង ស៊ុនឡាយប្រធានសាលាដំបូងរាជធានីភ្នំពេញថ្មីបានថ្លែងថា «ខ្ញុំសូមអរគុណចំពោះព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់ជំនឿទុកចិត្តចំពោះរូបខ្ញុំក្នុងការតែងតាំងតួនាទីជាប្រធានសាលាដំបូងរាជធានីភ្នំពេញ» ។
លោកប្រធានតុលាការថ្មីបានលើកឡើងថាដើម្បីឆ្លើយតបចំពោះការតែងតាំងនេះ លោកបានប្តេជ្ញាចិត្តថា «ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរពនិងអនុវត្តឲ្យម៉ឺងមា៉ត់តាមរដ្ឋធម្មនុញ្ញ និងបទប្បញ្ញត្តិទាំងឡាយដែលមានជាធរមាន ។ ធានាការពារសិទ្ធិរបស់ប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងមិនលង់នូវអគតិទាំងបួនយ៉ាង» ។
លោកប្រធានតុលាការថ្មីបានអះអាងថា «ខ្ញុំនឹងធ្វើឲ្យកាន់តែប្រសើរឡើងនូវសេវាយុត្តិធម៌ប្រកបដោយប្រសិទ្ធភាពនិងឆាប់រហ័ស និងខិតខំរៀនសូត្របន្ថែមទៀត» ។ លោកបន្តថា លោកនឹងខិតខំប្រតិបត្តិតាមថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌និងមន្ត្រីផ្នែកយុត្តិធម៌ដទៃទៀតដែលទទួលបានយុត្តិធម៌កន្លងមក ។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងថា ប្រធានតុលាការថ្មី ត្រូវមានការសហការគ្នាចាំបាច់ណាស់ ហើយគ្មានស្ថាប័នណាអាចធ្វើការងារតែឯងបាននោះទេ ។
លោកលើកឡើងថា អំណាចទាំងបី នីតិប្បញ្ញត្តិ អំណាចប្រតិបត្តិ និងអំណាចតុលាការ ។ បើមិនប្រើពាក្យសហការទេ មិនអាចទៅរួចទេ ។ ប៉ុន្តែបើមិនសហការគ្នាទេ អាចឲ្យមានភាពច្របូកច្របល់ ហើយក្នុងនោះដូចជា រដ្ឋាភិបាលដាក់ច្បាប់ទៅរដ្ឋសភា ដើម្បីអនុម័តមិនមានន័យថា ជាការលូកដៃក្នុងកិច្ចការងារគ្នាទេ ។
លោក ឱម យ៉ិនទៀង បានលើកឡើងថា គ្មានស្ថាប័នណាមួយអាចធ្វើតែឯងឬនៅឯកោនោះទេ ។ នៅក្នុងក្រសួងមន្ទីរត្រូវមើលឃើញកិច្ចសហប្រតិបត្តិការ ទើបប្រទេសកម្ពុជាអាចដំណើរការទៅបាន ។ វាចាំបាច់ណាស់សហការគ្នាមិនអាចអត់បានឡើយ ។ ក្នុងសាលក្រមមួយចេញពីស្ថាប័នតុលាការទៅនោះ មានទាំងញើសឈាមកម្លាំងកាយចិត្តគំនិតគ្រប់ផ្នែកទាំងអស់ ។
លោក ឱម យ៉ិនទៀង បានថ្លែងថា សាលក្រមមួយចេញដោយមនុស្សម្នាក់ មានតែមនុស្សជាច្រើនឬស្ថាប័នជាច្រើនចូលរួមក្នុងកិច្ចការនេះ មានន័យថា មានការសហការពីស្ថាប័នដទៃទៀត ចូលរួមចំណែកផងដែរ ។
លោក ឱម យ៉ិនទៀង បានថ្លែងថា ពេលនេះជាតំណាក់កាលកែទម្រង់ទាមទារឲ្យមានការសហការគ្នាគ្រប់ភាគីទាំងអស់ ហើយបើផ្នែកណា ឬអ្នកណាមិនចូលរួមសហការទេ ត្រូវតែដើរចេញពីផ្លូវកំណែទម្រង់នេះទៅ ។ ក្នុងកិច្ចសហការនេះស្ថាប័នមួយអាចទទួលបានជោគជ័យនោះវាពិតណាស់ទើបអាចទៅបាន ។
លោក អង្គវង្ស វឌ្ឍានារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា លោកអបអរសាទរចំពោះលោកប្រធានតុលាការថ្មី ហើយក្រសួងយុត្តិធម៌តែងយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងផ្នែករដ្ឋបាលបច្ចេកទេស ដើម្បីផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋប្រកបដោយុត្តិធម៌ ។ លោករដ្ឋមន្ត្រីបន្តថា ការដោះដូរនេះដោយយោងតាមច្បាប់ចំនួនបីស្តីពីការរៀបចំនិងការប្រព្រឹត្តទៅសេវាកម្មយុត្តិធម៌ ដែលទើបអនុម័តដោយរដ្ឋសភា ។
លោករដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិដល់ក្រសួងយុត្តិធម៌ក្នុងការដោះស្រាយកិច្ចការងារជាច្រើនរបស់ខ្លួន ។ ក្រុមការងារនឹងចុះទៅដល់សាលាដំបូងទូទាំងប្រទេសក្នុងការចូលរួមតាមដានដំណើរការងារសវនាការរបស់តុលាការ ។ ការចុះនេះនឹងអាចទទួលបានផលច្រើនរបស់ចៅក្រម ព្រះរាជអាជ្ញាត្រូវតែខិតខំបំពេញការងាររបស់ខ្លួនក្នុងការផ្តល់សេវាកម្ម ។
លោករដ្ឋមន្ត្រីបានណែនាំដល់ចៅក្រម ព្រះរាជអាជ្ញាឲ្យខិតខំក្នុងការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឲ្យបានល្អ ជាអ្នកស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ និងមានជំនឿទុកចិត្តពីសាធារណជន ។ សីលធម៌ទាំងនោះជាត្រីវិស័យក្នុងការតម្រង់ទៅរបស់ខ្លួននិងពង្រឹងកិច្ចសហប្រតិបត្តិការការងាររបស់ខ្លួន ត្រូវចាត់ការសំណុំរឿងមិនត្រូវទុកចោល និងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ភាគីពាក់ព័ន្ធទេ ។
មានការកត់សម្គាល់ថា ក្រោយពីចប់កម្មវិធីភ្ញៀវទាំងអស់ត្រូវបានការអញ្ជើញចូលរួមពិសាភោជនាហារសាមគ្គី នៅក្រោយអគារសាលាដំបូង ដែលជាម្ហូបប៊ូហ្វេ ។ ចំណែកលោក អាំង មាលតី អតីតប្រធាន មិនបាននៅចូលរួមពិសានិងគេទេ គេបានឃើញគាត់ចុះដើរយ៉ាងលឿនចូលរថយន្តបើកចេញទៅបាត់ ។ កម្មវិធីពិសាភោជនាហារសាគម្គីនោះ ត្រូវបានមន្ត្រីសាលាដំបូង រៀបចំយ៉ាងគគ្រឹកគគ្រេង ដោយមានដូរតន្ត្រី និងអ្នកចម្រៀងកម្សាន្តផងដែរ ដែលនោះហៅថា ជាការជប់លៀងសម្រាប់លោកប្រធានទើបទ្បើងថ្មី ៕
ចែករំលែកព័តមាននេះ