រាជធានីភ្នំពេញ ៖ នារី២នាក់ និងខ្ទើយម្នាក់ចេញពីក្លិបជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ត្រូវជនសង្ស័យដេញតាមប្លន់ដល់មុខផ្ទះនៅក្នុងបុរីញូវថោន កាលពីវេលាម៉ោង០៣ និង៣០នាទីទៀបភ្លឺថ្ងៃទី១៧ កុម្ភៈ ២០១៥ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពបានឱ្យដឹងថា នារីជាម្ចាស់ម៉ូតូឈ្មោះជា ស្រីស្រស់ ស្នាក់នៅផ្ទះកើតហេតុខាងលើបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា៣នាក់ (ស្រី២នាក់ និងខ្ទើយម្នាក់) ជិះម៉ូតូស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BE 9484 ដោយឈ្មោះវី ត្រូវជាមិត្តភក្តិម្ចាស់ម៉ូតូជាអ្នកបើកទៅចូលក្លិបប្លូហ្សូននៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ពេលចេញពីក្លិបបាននាំគ្នាចូលហូបស៊ុបឆ្នាំងដីរួចទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ ខណៈពេលជិះដល់ស្តុបមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានភ្លើងម៉ូតូ២គ្រឿងជិះដេញតាមធ្វើនារីរងគ្រោះ បានបត់ចូលតាមផ្លូវបេតុងចូលទៅក្នុងបុរីញូវថោន ហើយជន សង្ស័យនៅតែជិះដេញតាមមានម៉ូតូ៣គ្រឿងគ្នា៦នាក់ ជិះម៉ូតូហុងដាឌ្រីម២គ្រឿង និងម៉ូតូភូសាមួយគ្រឿងឃើញបែបនេះ ពេលទៅដល់ផ្ទះ ហើយនារីរងគ្រោះបានឈប់នៅមុខផ្ទះម៉ាស្សាកោសជប់ ដែលស្ថិតនៅទល់មុខផ្ទះរបស់ជនរងគ្រោះ ហើយឱ្យម្ចាស់ផ្ទះដើរទៅចាក់សោចូលផ្ទះ ក៏ត្រូវជនសង្ស័យ២នាក់ ពាក់មួកការពារសុវត្ថិភាព ដើរទៅជិតហើយបានដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ។ ក្រោយពេលកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។
ចែករំលែកព័តមាននេះ