រាជធានីភ្នំពេញ ៖ កូនខ្ទមធ្វើពីឈើប្រក់សង្ក័សីទំហំ៤ម៉ែត្រគុណ៦ម៉ែត្រមួយខ្នងត្រូវបានម្ចាស់ផ្ទះស្រវឹងស្រាឈ្លោះប្រកែកជាមួយប្រពន្ធប្រមូលខោអាវដុតផ្ទះចោលតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៤៥នាទីយប់ ថ្ងៃទី១៦ កុម្ភៈ នៅភូមិកន្ទោកខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ឪក ចំរើន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកម្មករសំណង់ និងប្រពន្ធឈ្មោះ វ៉ា ផល្លី អាយុ៤៣ឆ្នាំ មានកូន៣នាក់ ស្រី២នាក់ និងប្រុសម្នាក់នៅក្នុងបន្ទុក ។
គ្រួសារខាងលើនេះមានជីវភាពក្រីក្រណាស់រកព្រឹកខ្វះល្ងាច សូម្បីតែខ្ទមដែលសង់ក៏សង់នៅលើដីទំនប់ដែលជាចំណីផ្លូវដែរ មិនមែនជាដីកម្មសិទិ្ធរបស់ពួកគាត់ទេ ។ ជារៀងរាល់ថ្ងៃគ្រួសារនេះតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ ហើយមុនពេលកើតហេតុប្តីប្រពន្ធនោះបានឈ្លោះប្រកែកគ្នាទាំងបុរសជាប្តីស្រវឹងស្រាទៀតផង ។ បន្ទាប់ពីឈ្លោះប្រកែកគ្នារួចហើយស្រាប់តែប្រពន្ធ និងកូននៅផ្ទះមួយកំណាត់ខាងមុខ ចំណែកប្តីនៅមួយកំណាត់ផ្ទះបាយខាងក្រោយហើយចាក់គន្លឹះជាប់បានប្រមូលខោអាវដុតនៅក្នុងផ្ទះធ្វើឲ្យឆាបឆេះផ្ទះអស់មួយកំណាត់ខាងក្រោយ ។
ប្រភពដដែលបន្តទៀតថា ពេលដែលភ្លើងឆាបឆេះអ្នកជិតខាងនាំគ្នាចាប់ហែកជញ្ជាំងសង្ក័សីទាញបុរសដែលស្រវឹងចេញពីក្នុងភ្លក់ភ្លើង និងយកប្រពន្ធកូនចេញខ្លាចមានគ្រោះថ្នាក់ ហើយបានជួយពន្លត់រលត់អស់ទៅវិញ មិនបានឆ្លងរាលដាលឆេះខ្ទមអស់ទាំងស្រុងទេ គឺឆេះអស់ពាក់កណ្តាលនៅសល់ពាក់កណ្តាល ។ បន្ទាប់ពីភ្លើងឆេះផ្ទះ និងខោអាវមុងភួយអស់ហើយប្រពន្ធគិតតែពីអង្គុយយំដោយសារតែអត់មានលុយកាក់ផង ភ្លើងឆេះផ្ទះអស់ទៀតមានលុយឯណាទិញខោអាវ និងចានឆ្នាំងដាំបាយឲ្យកូនហូបបន្តទៀត ៕
ចែករំលែកព័តមាននេះ