ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវមួយបានកើតឡើងវាយូរពេលបន្តិចហើយ តែអាអ្វីដែលគេមានការចាប់អារម្មណ៍នោះ គឺនាងក្រមុំម្នាក់ជិតដល់ថ្ងៃរៀបចំមង្គលការទៅហើយ ស្រាប់តែលោកប៉ូលិសម្នាក់បានចាប់នាងរុញចូលរថយន្ត រួចប្លន់យកព្រហ្មចារីយ៍នៅឯខេត្តសៀមរាបអស់ទៅហើយ កាលពីថ្ងៃទី១៩ មករា ២០១៥ កន្លងទៅ ស្ថិតក្នុងភូមិពុល សង្កាត់សំរោង ក្រុងសំរោង ហើយត្រូវបានឪពុកម្តាយខាងកូនស្រីដាក់ពាក្យប្តឹងដល់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ។
ស្ត្រីឈ្មោះអុល ស្រីពៅ អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរៀបរាប់ថា
រូបគាត់មានប្តីឈ្មោះជឹម សុភី អាយុ៤៦ឆ្នាំ ជាមន្ត្រីប៉ូលិស បម្រើការនៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ មានកូនចំនួន២
(ស្រី១) ហើយមានគូដណ្តឹង ដែលត្រូវរៀបចំអាពាណ៍ពិពាណ៍នៅថ្ងៃទី២៧ កុម្ភៈ ២០១៥ ខាងមុខនេះ ។
រូបគាត់បញ្ចាក់ថា មុនពេលកើតហេតុ កូនស្រីរបស់គាត់មានអាយុ២០ឆ្នាំ បានសុំរូបគាត់ជាម្តាយជិះម៉ូតូទៅភូមិពុលដោយប្រាប់ថា កូនទៅរកកូនកំដ ស្រាប់តែបាបជួបលោកពលបាលឯក នូ សុផាត ហៅបារាំង នៅក្នុងអង្គភាពវរសេនាតូចលេខ៩០៥ ប៉ូលិសការពារព្រំដែនគោកកម្ពុជា-ថៃ ជាមនុស្សធ្លាប់ស្គាល់គ្នា បានស្ទាក់ចាប់កូនស្រីរបស់គាត់នៅចំណុចរង្វង់មូល រុញចូលទៅក្នុងរថយន្តបាឡែន ដឹកចេញទៅឯខេត្តសៀមរាប ។
ភ្លាមៗនោះ កូនស្រីគាត់បានឆក់យកទូរស័ព្ទពីឈ្មោះនូ សុផាត ទូរស័ព្ទមកឪពុកម្តាយ ហើយស្រែកថា ម៉ែជួយកូនផង គេចាប់ខ្ញុំដាក់ក្នុងរថយន្ត លុះនៅវេលាម៉ោង០៩ និង៣០នាទីយប់ ថ្ងៃទី១៩ មករា ដដែល ឈ្មោះនូ សុផាត កំពុងដេកលក់កូនស្រីរបស់គាត់បានយកទូរស័ព្ទតេមកឪពុកម្តាយប្រាប់ថា ឈ្មោះនូ សុផាត យកកូនមកលាក់ទុកនៅផ្លូវលេខ៦០ ។ បន្ទាប់មករូបគាត់ទាំង២នាក់ប្តីប្រពន្ធនាំគ្នាជិះរថយន្តទៅរកកូនទាំងយប់ លុះព្រឹកឡើងឈ្មោះនូ សុផាត បាននាំកូនស្រីគាត់ គេចពីទីនោះ ចំណែករូបគាត់បានដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគបាលខេត្តសៀមរាបឱ្យជួយអន្តរាគមន៍ផងដែរ ។
បើតាមសម្តីនាងរងគ្រោះឱ្យដឹងថា ឈ្មោះនូ សុផាត នេះ ជាមនុស្សស្គាល់គ្នាជាមួយឪពុកម្តាយរបស់ខ្លួន ចំណែករូបនាងមិនបានស្រឡាញ់គ្នាទេ ហើយនាងក៏មានគូដណ្តឹងនឹងត្រូវរៀបការនៅថ្ងៃទី២៧ កុម្ភៈ ២០១៥នេះ ។ ពេលនាងកំពុងតែជិះម៉ូតូ ស្រាប់តែឈ្មោះនូ សុផាត ស្ទាក់ចាប់រុញចូលទៅក្នុងរថយន្ត ហើយគំរាមថា បើរឹងទទឹងនឹងសម្លាប់ចោល ។ ពេលទៅដល់ខេត្តសៀមរាប ឈ្មោះនូ សុផាត បានគំរាមថា ត្រូវតែប្រគល់ខ្លួនឱ្យគេរំលោភ ពុំដូច្នោះទេ គេនឹងសម្លាប់ ។
នាងបានបន្តថា លុះព្រឹកថ្ងៃទី២០ មករា ២០១៥ ឈ្មោះនូ សុផាត បានយកនាងទៅសាលាឃុំ ដែលនាងមិនធ្លាប់ស្គាល់ បង្ខំឱ្យនាងផ្តិតមេដៃថា នាងព្រមព្រាងស្រឡាញ់គ្នា តែនាងភ័យខ្លាចឈ្មោះនូ សុផាត នេះ សម្លាប់ក៏សុខចិត្តផ្តិតមេដៃ ដើម្បីយករួចខ្លួន បន្ទាប់ពីយល់ព្រម ឈ្មោះនូ សុផាត បាននាំនាងទៅផ្ទះឪពុក ដែលជាអតីតប៉ូលិសនៅស្នងការដ្ឋាននគបាលខេត្តសៀមរាប ទើបឪពុកម្តាយឈ្មោះនូ សុផាត បានទូរស័ព្ទហៅឪពុកម្តាយរបស់នាងមកផ្ទះឪពុករបស់នូ សុផាតធ្វើការសម្របសម្រួលគ្នា តែការសម្របសម្រួលនេះ ជាលេះដើម្បីឱ្យរួចតែប៉ុណ្ណោះ ។ នាងបញ្ជាក់ថា ពេលនាងបានមកដល់ផ្ទះ នាងបានធ្វើពាក្យប្តឹងពីឈ្មោះនូ សុផាត ទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ។
ទាក់ទិននឹងហេតុការណ៍នេះ កាលពីរសៀលថ្ងៃទី១៥ កុម្ភៈ ២០១៥ កោះសន្តិភាព បានទូរស័ព្ទជួបលោកវរសេនីយ៍ត្រីជា វាសនានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានអះអាងថា រឿងរ៉ាវឈ្មោះនូ សុផាត ហៅបារាំង ជាប់ចោទពីបទចាប់នាងឈ្មោះមួន ឧស្សាហ៍ ដាក់ក្នុងរថយន្តដឹកយកទៅរំលោភបានសម្រេចនៅឯខេត្តសៀមរាបនោះ ត្រូវបាននាងរងគ្រោះដាក់ពាក្យប្តឹងទៅតុលាការសាលាដំបូងខេត្តឧត្តរមានជ័យហើយ ហើយយព្រះរាជអាជ្ញាបានចេញដីកាឱ្យចូលខ្លួនបំភ្លឺចំនួន១ច្បាប់ តែជនជាប់ចោទដោយមិនបានចូលខ្លួនតាមដីកាឡើយ ក្រោយមកទៀតព្រះរាជអាជ្ញាបានចេញដីកាឱ្យនាំខ្លួននៅពេលថ្មីៗនេះ តែមិនទាន់ដឹងថា ឈ្មោះនេះរត់គេចខ្លួនបាត់ ឬបែបណាទេ នៅពេលនេះ ។
ចែករំលែកព័តមាននេះ