រាជធានីភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ បានដឹកនាំគណៈប្រតិភូនៃក្រសួងទេសចរណ៍ទៅចូលរួមវេទិកាទេសចរណ៍អាស៊ានលើកទី៣៤ (ATF 2015) ក្រោមប្រធានបទ “វិស័យទេសចរណ៍អាស៊ាន ឆ្ពោះទៅសន្តិភាពភាពរុងរឿងនិងភាពជាដៃគូ (ASEAN-Tourism toward Peace, Prosperity and Partnership)” នៅទីក្រុងណៃពីដោរ ប្រទេសភូមា ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ។ ក្នុងវេទិការទេសចរណ៍អាស៊ានឆ្នាំ២០១៥នេះ នឹងមានរៀបចំកិច្ចប្រជុំសំខាន់ៗមួយចំនួន រួមមានប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី១៨ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូក៣លើកទី១៤ (ចិន ជប៉ុន និងសាធារណៈរដ្ឋកូរ៉េ) កិច្ចប្រជុំពាក់ព័ន្ធនានា និងការចូលរួមពិព័រណ៍ទេសចរណ៏ Travex ។
តាមឱ្យដឹងពីលោក ថោង ខុន សម្រាប់វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០១៥នេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាននឹងពិភាក្សាលើរបៀបវរៈសំខាន់រួមមាន ១. ការរៀបចំផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ានក្រោយឆ្នាំ២០១៥ (ពីឆ្នាំ ២០១៦ ២០២៥) ដែលនឹងដាក់ចេញនូវទស្សនៈវិស័យក្រោយឆ្នាំ២០១៥ ដើម្បីបន្តជម្រុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យទេសចរណ៍ ឆ្ពោះទៅរកការកសាងអាស៊ានជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ ។ ២.វឌ្ឍនភាពស្ថិតិទេសចរអាស៊ាន២០១៤ អំពីកំណើនភ្ញៀវទេសចរអន្តរជាតិមកកាន់តំបន់អាស៊ានទាំងមូលនិងប្រទេសសមាជិកអាស៊ាននីមួយ ។ ៣.ការវាយតំលៃនៃការអនុវត្តផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន២០១១-២០១៥ ។ ៤. ការពង្រឹងនិងជម្រុញការអនុវត្តយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន (២០១២ ២០១៥) និង៥. ការជម្រុញការអនុវត្តស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកស្តីពីអ្នកជំនាញទេសចរណ៍អាស៊ាន (MRA) ដើម្បីជម្រុញបំលាស់ទីអ្នកជំនាញទេសចរណ៍នៅក្នុងអាស៊ាននៅចុងឆ្នាំ២០១៥ ។
ព័ត៌មានលម្អិតនឹងផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ