ខ្សែពាននៅក្នុងម៉ាស៊ីនរថយន្តមានមុខងារដំណើរការដល់សមាសធាតុផ្សំមួយចំនួនដូចជា កង្ហារម៉ាស៊ីនត្រជាក់, ថាមពលដៃចង្កូត, ឌីណាម៉ូភ្លើង និងទុយោបង្ហូរទឹកស្អំម៉ាស៊ីនជាដើម ។
ចំពោះរថយន្តស៊េរីចាស់គេប្រើប្រាស់ខ្សែពានដោយបំបែកចេញពីគ្នាមានទម្រង់ជាអក្សរ V (V-belts) ចំពោះសមាសធាតុផ្សំនីមួយៗ ។ចំណែករថយន្តចេញស៊េរីក្រោយៗគេប្រើវាជារាងពស់វារ ដើម្បីផ្តល់កម្លាំងថាមពលដំណើរការដល់ចំណុចខាងលើ ។ ដូច្នេះភាពសឹកខូចឬរហែកដល់វេលាកំណត់ប្រើប្រាស់ ក៏ដូចជាភាពខូចរបស់ខ្សែពាន គឺអាចមានន័យថា មានការធ្វើឱ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់ម៉ាស៊ីន ឬប្រព័ន្ធផ្សេងៗជាមិនខាន ។ អ្វីដែលលោកអ្នកគួរប្រតិបត្តិនោះ គឺឧស្សាហ៍ពិនិត្យមើលវាឱ្យបានទៀងទាត់បន្តិច ។ ខាងក្រោមនេះគឺជារបៀបពិនិត្យរកកំហុសឆ្គងរបស់ខ្សែពានរថយន្ត៖
១-ស្តាប់ការបន្លឺសូរសំទ្បេងញ៉េកៗពីម៉ាស៊ីននៅពេលបើកបរ ។ សំទ្បេងនេះទំនងជាបញ្ជាក់ថា ខ្សែពានមួយឬច្រើនជាងនេះ បានសឹកខូច ធូរ ឬរលុង ឬក៏ខូចតែម្តង ។
២-ពិនិត្យខ្សែពានរកមើលសញ្ញានៃភាពសឹករេចរិលនោះ ។ អ្នកចាំបាច់ត្រូវតែអនុវត្តឱ្យបានច្រើនជាងការមើលឃើញនឹងភ្នែក ទើបជាការប្រសើរ ។ ចំពោះការប្រតិបត្តិ គឺលោកអ្នកត្រូវច្បិច ច្របាច់ និងមួលវាដើម្បីរកមើលចំណុចដាច់រហែក ឬមានស្នាមប្រេះ ដែលអាចបណ្តាលឱ្យដាច់ឬយឺតខ្សែពានទាំងនោះបាន ។
៣-ពិនិត្យទៅលើខ្សែពាននៅត្រង់កៅស៊ូដែលសឹករអិលព្រិល ឬក៏ស្ថិតក្នុងស្ថានភាពរលោងតែម្តង ។ ខ្សែពានដែលសរសៃកៅស៊ូសឹកទ្បើងរលោងហើយនោះគឺវាអាចបណ្តាលឱ្យរអិល និងអាចផ្តល់ជាសញ្ញាឱ្យអ្នកដឹងមុននូវការទ្បើងកម្តៅរកកល់នឹងរលាត់ដាច់បាន ។
៤-ពិនិត្យមើលមីញ៉ុងខ្សែពាន ។ ក្នុងនោះអ្នកគួរផ្តោតទៅលើស្រទាប់សាច់កៅស៊ូដែលជាប់នឹងតួរបស់វា ក៏ដូចជាចំណុចសឹកមួយចំនួន ដែលអាចប៉ះនឹងខ្សែពានបណ្តាលឱ្យដាច់បានគ្រប់ពេល ។
៥-ពិនិត្យមើលភាពតឹងរបស់ខ្សែពាន ។ ត្រង់ចំណុចនោះ គឺអនុវត្តទៅលើប្រវែងបណ្តោយរបស់ខ្សែពាន ដែលគួរតែមិនច្រើនជាង១,២៥សង់ទីម៉ែត្រ ទៅ២,៥សង់ទីម៉ែត្រទ្បើយ ។
*ចំណាំ ៖ត្រូវច្បាស់ថា ខ្សែពានដែលលោកអ្នកសម្រេចចិត្តប្តូរនោះ គឺមានប្រវែងបណ្តោយនិងទទឹងដូចគ្នា នឹងខ្សែពានចាស់ដែលផ្លាស់ចេញ ។ ម្យ៉ាងទៀត យោងតាមក្រុមប្រឹក្សាថែទាំរថយន្តហៅកាត់ថា CCC ខ្សែពាន (V-belts) គួរតែត្រូវផ្លាស់ប្តូរថ្មីជារៀងរាល់៤ឆ្នាំ ឬ៥៨.០០០គីទ្បូម៉ែត្រម្តង ខណៈខ្សែពានមានទម្រង់ជាពស់វារមានអាយុកាល៨០.០០០គីទ្បូម៉ែត្រឯណោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជម្រើសដ៏ល្អគួរតែពិនិត្យវាជារៀងរាល់មួយខែម្តង ឱ្យបានទៀងទាត់ទើបល្អ ៕
ចែករំលែកព័តមាននេះ