មណ្ឌលគិរី ៖ គ្រោះថ្នាក់ចរាចរណ៏បង្កឡើងដោយរថយន្តមួយគ្រឿងរបស់ជនជាតិវៀតណាម បានរងការខូចខាតស្ទើរទាំងស្រុង ខណៈម្ចាស់របស់វាបានបើកបរក្នុងល្បឿនយ៉ាងលឿន រេចង្កូចក្រឡាប់ជាច្រើនត្រលប់ ។ ហេតុការណ៏គ្រោះថ្នាក់បង្កឲ្យមានការភ្ញាក់ផ្អើលអស់មនុស្សម្នាក្នុងក្រុងសែនមនោរម្យនេះ បានកើតឡើងនៅវេលាម៉ោង១៧ និង២០នាទីថ្ងៃទី១៤ ធ្នូ ២០១៤ ស្ថិតនៅចំនុចផ្លូវស្ថាបនាថ្មី(ផ្លូវជាតិលេខ៧៦) ភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។
សាក្សីបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើបាន បើកបរក្នុងទិសដៅ ពីស្រុកពេជ្រាដា ចូលមកក្រុងសែនមនោរម្យ ដោយល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តបានគេចជង្ហុករេចង្កូចធ្លាក់ស្នាមភ្លោះស្តាំដៃ ក្រឡាប់ជាច្រើនត្រឡប់ នឹងបែរមុខរថយន្តទៅក្រោយវិញ តែសំណាងល្អដែលរថយន្តក្រឡាប់ចូលចំនុចមានប្រឡាយទឹក ទើបមិនបណ្តាលឲ្យមានអ្នករងគ្រោះថ្នាក់ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ខាងលើម៉ាក ម៉ុងតេរ៉ូ ពណ័ស ពាក់ស្លាក់លេខ ភ្នំពេញ 2C 1677 បើកបរដោយបុរសជនជាតិវៀតណាមម្នាក់នឹងមានអ្នករួមដំណើរម្នាក់ តែពុំបណ្តាលឲ្យមាននរណាម្នាក់ ទទួលរងរបួសឡើយ ។ សមត្ថកិច្ចបន្តថា បុរសជនជាតិវៀតណាមដែលបើកបររថយន្តកណ្តាលក្រុងសែនមនោរម្យមានឈ្មោះគ្រឹង យ៉ុងថាច់ អាយុ២៨ឆ្នាំ មានមុខរបរជាជាងឈើ បច្ចុប្បន្នស្នាក់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ចំនែកអ្នករួមដំណើរម្នាក់ទៀតគេពុំបានស្គាល់អត្តសញ្ញាណទេ ។
សមត្ថកិច្ចបានឲ្យបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៏ខាងលើ គឺមកពីកត្តាមនុស្ស ព្រោះតៃកុងរថយន្ត បានបើកបរក្នុងស្ថានភាពហួសល្បឿនកំណត់ ស្របជាមួយផ្លូវទើបស្ថាបនាថ្មី ទើបបណ្តាលឲ្យជួបគ្រោះថ្នាក់បែបនេះតែម្តង ។ រថយន្តបង្កត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បី ដោះស្រាយតាមផ្លូវច្បាប់ ។
គេសង្កេតឃើញថា ជារើយៗ នៅខេត្តមណ្ឌលគិរី ជនបរទេសដែលបានចូលមកស្នាក់នៅ នឹងមកកម្សាន្តលេងនៅក្នុងខេត្ត តែងបង្ករគ្រោះថ្នាក់ចរាចរណ៏ ជាញឹកញាប់ ដែលមូលហេតុទាំងនេះហើយ ទើបមជ្ឈដ្ឋានប្រជាពលរដ្ឋបានសំនូមពរដល់អាជ្ញាធរមានសមត្ថកិច្ច គួរគប្បីចុះត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៏ឲ្យបានដិតដល់ ។ ត្បិតអីច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ពុំអនុញ្ញាតឲ្យជនបរទេសណា ដែលពុំមានប័ណ្ណបើកបរ មានសិទ្ឋក្នុងការបញ្ជាយានជំនិះគ្រប់ប្រភេទឡើយ ។ ម្យ៉ាងវិញទៀតដើម្បី ចូលរួមកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៏ដែល កំពុងវាយប្រហារលើអាយុជិវិត ប្រជាជនខ្មែរ ៕
ចែករំលែកព័តមាននេះ