ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារប្រទេសនៃរដ្ឋាភិបាលយោធាថៃ ដែលកំពុងកាន់អំណាចចាប់តាំងពីរដ្ឋប្រហារខែឧសភាមកថ្លែងកាលពីថ្ងៃទី២៧ វិច្ឆិកាថា ការបោះឆ្នោតសភានៅថៃ ដែលគ្រោងធ្វើនាឆ្នាំខាងមុខនេះ ត្រូវអូសបន្លាយពេលរហូតដល់ឆ្នាំ២០១៦ ។
យោងតាមលោកប្រាវីដ វង្សស៊ូវ៉ាន ថា បណ្តាសមាសភាពដែលប្រទូស្តរ៉ាយចំពោះរបបយោធា គឺជាហេតុផលមួយក្នុងចំណោមហេតុផលដែលនាំឱ្យមានការពន្យារពេលនេះ ។
ឧបនាយករដ្ឋមន្ត្រីរូបនេះថ្លែងទៅកាន់ក្រុមអ្នកកាសែតថា យើងអាចរៀបចំការបោះឆ្នោតនារង្វង់ដើមឆ្នាំ២០១៦ ក្រោយពេលរដ្ឋធម្មនុញ្ញថ្មីចេញរួច ។ សម្រាប់ពេលនេះមានសមាសភាពនានាដែលប្រឆាំងនឹងរបបយោធា ។ លោកប្រាវីតវង្ស ស៊ូវ៉ាន បន្តថា យើងមិនទាមទារអ្វីច្រើនទេ យើងត្រូវការពេលវេលា១ឆ្នាំទៀតដើម្បីដោះស្រាយបញ្ហាដែលកើតមានកន្លងមក ។
ប្រមុខរដ្ឋាភិបាលយោធា លោកប្រាយុទ្ធ ចាន់អូចា ធ្លាប់អះអាងថា ការបោះឆ្នោតនឹងពុំមានដូចការគ្រោងទុកនាដំណាច់ឆ្នាំ២០១៥ ឡើយ ។ កាលពីសប្តាហ៍មុន របបយោធាក៏ប្រកាសផងដែរថា ច្បាប់អាជ្ញាសឹកនឹងពុំត្រូវលុបចោលក្នុងពេលឆាប់ៗឡើយ ដែលផ្ទុយពីការសន្យាគ្រាដំបូងដែលថា នឹងលុបចោលក្នុងខេត្តមួយចំនួនដើម្បីឱ្យទេសចរណ៍ស្ទុះងើបឡើងវិញ ។
យោងតាមអង្គការសិទ្ធិមនុស្ស HUMAN RIGHT WATCH ថា ប្រទេសថៃ ហាក់ដូចជាធ្លាក់ក្នុងអណ្តូងយ៉ាងជ្រៅមួយ ។ ក្នុងរបាយការណ៍មួយចេញនាសប្តាហ៍នេះ អង្គការនោះនិយាយថា ៦ខែក្រោយរដ្ឋប្រហារការរិះគន់
នានាជាកម្មវត្ថុនៃការចោទប្រកាន់ រាល់សកម្មភាពនយោបាយត្រូវហាមឃាត់ បណ្តាសារព័ត៌មានត្រូវត្រួតពិនិត្យ ហើយពួកអ្នកប្រឆាំងត្រូវកាត់ទោសដោយតុលាការយោធា ៕
ចែករំលែកព័តមាននេះ