ខេត្តសៀមរាប ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុន បានអះអាងថា ក្នុងឆ្នាំ២០១៤នេះ កម្ពុជារំពឹងថា នឹងទទួលបានអ្នកទេសចរអន្តរជាតិប្រមាណ៤,៥លាននាក់ ខណៈរយៈពេល៩ខែក្នុងឆ្នាំនេះ កម្ពុជាទទួលបានអ្នកទេសចរអន្តរជាតិប្រមាណ៣,២លាននាក់ រួចទៅហើយ ក្នុងនោះខេត្តសៀមរាប-អង្គរទទួលបាន២,២នាក់ ។
លោករដ្ឋមន្ត្រីបានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធអគារសាលប្រជុំនៃសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ក្នុងក្រុងទេសចរណ៍សៀមរាប កាលពីរសៀលថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៤ ។
លោកថោង ខុន មានប្រសាសន៍ថា ផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ និងដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅឆ្នាំ២០១៣កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន៤,២លាននាក់ក្នុងកំណើន១៧,៥%ជាមួយនឹងចំណូល២.៥៤២លានដុល្លារ រួមចំណែកប្រមាណ១៦%នៃ GDP បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ និងបង្កើតការងារដោយផ្ទាល់ប្រមាណ៥០ម៉ឺននាក់ និងប្រយោលរាប់ម៉ឺននាក់ទៀត ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា រយៈពេល៩ខែក្នុងឆ្នាំ២០១៤នេះ កម្ពុជាទទួលបានអ្នកទេសចរអន្តរជាតិចំនួន៣,២លាននាក់រួចទៅហើយ ក្នុងកំណើន៤,៧% ធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំកន្លងទៅ ក្នុងនោះខេត្តសៀមរាបអង្គរទទួលបានអ្នកទេសចរ២,២លាននាក់ កើនឡើងប្រមាណ៨,៤% ធៀបនឹងឆ្នាំ២០១៣ ។ ដូច្នេះហើយរំពឹងថា សម្រាប់ឆ្នាំ២០១៤នេះ កម្ពុជានឹងទទួលបានអ្នកទេសចរអន្តរជាតិ សរុប៤,៥លាននាក់ ។
លោករដ្ឋមន្ត្រីក៏រំពឹងទុករយៈពេលវែងថា នៅឆ្នាំខាងមុខកម្ពុជានឹងទទួលបានអ្នកទេសចរអន្តរជាតិប្រមាណ៧,៥លាននាក់ ក្នុងនោះខេត្តសៀមរាបគ្រោងនឹងស្វាគមន៍អ្នកទេសចរអន្តរជាតិប្រមាណ៤លាននាក់ និងអ្នកទេសចរក្នុងស្រុកប្រមាណ៤លាននាក់ ជាមួយនិងចំណូល៥.០០០លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណ៥០ម៉ឺននាក់ និងប្រយោលរាប់ម៉ឺននាក់បន្ថែមទៀត ។
ខេត្តសៀមរាប ត្រូវបានចាត់ទុកជាតំបន់ប៉ូលនៃវិស័យទេសចរណ៍ជាតិកម្ពុជា ។ នៅក្នុងឆ្នាំ២០១៤ ខេត្តដ៏មានសក្តានុពលផ្នែកវិស័យទេសចរណ៍មួយនេះ ត្រូវបានទទួលស្គាល់ និងចាត់ថ្នាក់ជាទីក្រុងគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញលំដាប់ទី៤ នៅលើសាកលលោក និងលំដាប់ទី២នៅអាស៊ី បន្ទាប់ពីទីក្រុងក្យូតូ ។ នេះបើតាមការវាយតម្លៃរបស់ទស្សនាវដ្តី Travel and Leisure ។ លើសពីនោះទៅទៀត កាលពីខែតុលា ២០១៤ នាឱកាសទិវាបុរាណវិទ្យាអន្តរជាតិ (The International Archeology Day) អង្គរវត្តបានឈ្នះពានរង្វាន់ទីតាំងបុរាណវិទ្យាដែលមានអ្នកស្រលាញ់ច្រើន
បំផុតប្រចាំឆ្នាំ២០១៤ ដែលរៀបចំដោយវិទ្យាស្ថានបុរាណវិទ្យារបស់អាមេរិក ។
លោករដ្ឋមន្ត្រីថោង ខុន ថ្លែងថា ជា បណ្តើរៗរដ្ឋាភិបាលកម្ពុជាកំពុងតែអភិវឌ្ឍសៀមរាប-អង្គរ ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយលំដាប់ពិភពលោក និងជាគោលដៅទេសចរណ៍ដែលត្រូវតែទៅទស្សនាដើម្បីទទួលស្វាគមន៍អ្នកទេសចរពីគ្រប់ទិសទីលើសាកលលោក ដែលចំនួនទេសចរអន្តរជាតិកាន់តែមានចំនួនកើនឡើងជាលំដាប់ ។
ទោះជាយ៉ាងនេះក្តី ក្រុមអ្នកតាមដានការអភិវឌ្ឍសង្គមបានអះអាងថា បច្ចុប្បន្នទីក្រុងទេសចរណ៍សៀមរាប នៅមិនទាន់ក្លាយជាទីកន្លែងដែលមានទំនុកចិត្ត និងសុវត្ថិភាពពេញលេញសម្រាប់អ្នកទេសចរនៅឡើយទេ គឺនៅមានការខ្វះចន្លោះ ។ ជា រឿយៗសកម្មភាពជិះម៉ូតូឆក់កាបូប ឬសម្ភារ ផ្សេងៗរបស់អ្នកទេសចរនៅតែបន្តកើតឡើងដដែល ។ ចំណែកហាងលក់វត្ថុអនុស្សាវរីយ៍មួយចំនួន នៅតែបន្តលក់ទំនិញក្លែងក្លាយ បន្លំភ្ញៀវ ឬលក់ក្នុងតម្លៃខ្ពស់ហួសហេតុតាមរបៀប «រំលំដើមបេះផ្លែ» ។ ករណីបែបនោះធ្វើឱ្យអ្នកទេសចរមិនសប្បាយចិត្តទេ រហូតមានពេលខ្លះគេប្តឹងទៀតផង តែសមត្ថកិច្ចមិនចាត់ការតាមច្បាប់ប្រឆាំងជនខិលខូចទេ បានត្រឹមតែតម្រូវឱ្យសងសំណងខូចខាតទៅអ្នកទេសចរវិញប៉ុណ្ណោះ ។
ចំណែកក្រុមអ្នកវិភាគសេដ្ឋកិច្ចកម្ពុជា ស្វាគមន៍ចំពោះកំណើនអ្នកទេសចរអន្តរជាតិនៅកម្ពុជា ក៏ប៉ុន្តែពួកគេបានទទូចដល់ក្រសួងពាក់ព័ន្ធទាំងអស់រាំងខ្ទប់ការធ្លាយចេញនៃចំណូលបានមកពីវិស័យទេសចរណ៍ទៅកាន់ប្រទេសជិតខាងយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង មួយឆ្នាំៗ ។
គេបានលាតត្រដាងថា ជារៀងរាល់ឆ្នាំចំណូលបានមកពីវិស័យទេសចរណ៍ ប្រមាណ៣០%ធ្លាយចេញទៅប្រទេសថៃ និងប្រទេសវៀតណាម តាមរយៈការនាំចូលបន្លែត្រីសាច់រួមទាំងគ្រឿងសំណង់ ។ លើសពីនេះទៅទៀតនៅមានក្រុមហ៊ុនមួយចំនួនដូចជាកូរ៉េបានមកដណ្តើមប្រាក់ចំណូលទាំងនោះពីខ្មែរ តាមរយៈការបើកអាជីវកម្មបម្រើផ្នែកទេសចរណ៍ ផ្សេងៗ ដូចជាភោជនីយដ្ឋាន ក្រុមហ៊ុនទេសចរណ៍ ហាងលក់វត្ថុអនុស្សាវរីយ៍ ហាងចាប់សរសៃ យានយន្តដឹកជញ្ជូន រហូតដល់មានសិទ្ធិដើរពន្យល់អ្នកទេសចរពីប្រវត្តិសាស្ត្រដោយផ្ទាល់ថែមទៀត ៕
ចែករំលែកព័តមាននេះ