រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ត្រូវប្រជាពលរដ្ឋឡោមព័ទ្ធចាប់បានវាយយ៉ាងចាស់ដៃ ខណៈពេលកំពុងបណ្តើរម៉ូតូ២គ្រឿង ដែលលួចគាស់ផ្ទះជួលមួយកន្លែងបាន តែត្រូវម្ចាស់គេឃើញទាន់ ស្រែកឆោឡោបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ និង១០នាទីទៀបភ្លឺ ថ្ងៃទី១៦ តុលា ២០១៤ នៅចំណុចផ្ទះជួលអត់លេខ ស្ថិតក្នុងភូមិចុងថ្នលខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យជាចោរគាល់ផ្ទះលួចយកម៉ូតូខាងលើឈ្មោះឡាំម លាង អាយុ២៣ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះយ៉ុង បូរិត អាយុ២៣ឆ្នាំ ជានិស្សតឆ្នាំទី៣ ជាម្ចាស់ម៉ូតួស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ1BY-5383 និងម្នាក់ទៀតឈ្មោះរុន ក្រីង អាយុ២៥ឆ្នាំ ជានិស្សតឆ្នាំទី៣ដូចគ្នា ជាម្ចាស់ម៉ូតូស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ 1CN-1136 ស្នាក់នៅផ្ទះជួលខាងលើ។
តាមការឱ្យដឹងពីជនរងគ្រោះទាំង២នាក់បានឱ្យដឹងថា មុនពេលកើតហេតុពួកគេបានដេកលង់លក់យ៉ាងស្កប់ស្កល់ លុះដល់ម៉ោងកើតហេតុខាងលើពួកគេទាំង២នាក់ក៏បានភ្ញាក់មកបត់ជើងតូច ស្រាប់តែឃើញទ្វារផ្ទះត្រូវគេកាត់សោ ពេលនោះពួកគេក៏បានរត់ទៅមើលកន្លែងទុកម៉ូតូស្រាប់តែបាត់អស់ ឃើញដូចនោះពួកគេបានរត់ចេញមកមើលនៅខាងក្រៅផ្ទះស្រាប់តែឃើញជនសង្ស័យ៣នាក់កំពុងតែបណ្តើរម៉ូតូទាំង២គ្រឿង ពួកគេក៏បានស្រែកឆោឡោឱ្យប្រជាពលរដ្ឋដែលនៅក្បែរនោះជួយចាប់ជនសង្ស័យទាំង៣នាក់នោះ ធ្វើឱ្យជនសង្ស័យទាំង៣នាក់នោះភ័យស្លន់ស្លោររត់ចោលម៉ូតូទាំង២គ្រឿងដែលលួចបាននោះទៅឡើងជិះម៉ូតូគុបពណ៌ទឹកប៊ិចមួយគ្រឿងបំរុងរត់គេច តែត្រូវប្រជាពលរដ្ឋនៅក្បែរៗនោះចេញពីផ្ទះហើយធ្វើការឡោមព័ទ្ធចាប់បានម្នាក់ជាអ្នកបើកម៉ូតូរួមជាមួយម៉ូតូផងដែរវាយរហូតទ្រមខ្លួន ចំណែក២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ