កងទ័ពអ៊ុយក្រែន និងពួកឧទ្ទាមស្និទ្ធរុស្ស៊ី កាលពីថ្ងៃទី២៨ កញ្ញា បានរៀបចំដើម្បីដកកងកម្លាំងរបស់ពួកគេឱ្យឃ្លាតឆ្ងាយពីខ្សែរណសិរ្ស ក៏ប៉ុន្តែលក្ខខណ្ឌសម្រាប់បញ្ឈប់ការប៉ះទង្គិចគ្នាទាំងស្រុង ហាក់នៅពុំទាន់បំពេញនៅឡើយ ។ ក្រោយពីអនុស្សរណៈមួយត្រូវបានចុះហត្ថលេខានៅទីក្រុងមីនស្ក៍ ប្រទេសបេឡារុស កាលពីថ្ងៃទី២០ កញ្ញា រវាងក្រុងគៀវ ក្រុងមូស្គូ ពួកឧទ្ទាម និងអង្គការដើម្បីសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប OSCE ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ភាគីប្រយុទ្ធគ្នាទាំង២ កាលពីថ្ងៃទី២៧ កញ្ញា បានព្រមព្រៀងគ្នាពីការមិនផ្ទុះអាវុធរយៈពេល២៤ម៉ោងមួយ ដែលក្នុងអំឡុងពេលនោះត្រូវមានភាពស្ងប់ស្ងាត់ទាំងស្រុងមួយ ។
ទោះបីយ៉ាងណាស្នូរផ្ទុះនានា ត្រូវបានស្តាប់ឮកាលពីថ្ងៃទី២៨ កញ្ញា វេលាម៉ោង១០ ម៉ោងក្នុងស្រុក នៅកណ្តាលទីក្រុងដូណេតស្ក៍ ។ សាលាក្រុងនោះរៀបរាប់កាលពីរសៀលថ្ងៃទី២៧ កញ្ញា ពីជនស៊ីវិលម្នាក់ស្លាប់ដោយគ្រាប់ផ្លោងធ្លាក់ចំផ្ទះមួយ ។ ចំណែកកងទ័ពអ៊ុយក្រែនគូសបញ្ជាក់កាលពីព្រឹកថ្ងៃទី២៨ កញ្ញា ថា បណ្តាក្រុមប្រដាប់អាវុធពុំអាចត្រួតត្រាបាន បន្តបាញ់ប្រហារលើទីតាំងនានារបស់ខ្លួន តែពុំបណ្តាលឱ្យមានជនរងគ្រោះឡើយ ។ កងទ័ពអ៊ុយក្រែនកាលពីថ្ងៃទី២៧ កញ្ញា រាយការណ៍ពីទាហានខ្លួនម្នាក់ស្លាប់ រយៈពេល២៤ម៉ោងមុននេះ ។
ការប៉ះទង្គិចគ្នាទាំងនោះនិយាយរួមមក ពុំធំដុំឡើយក្រោយពីការចុះហត្ថលេខាលើបទឈប់បាញ់គ្នាកាលពីថ្ងៃទី៥ កញ្ញា នៅទីក្រុងមីនស្ក៍ មក ។ ចាប់តាំងពីថ្ងៃនោះមក ជនសុីវិលនិងទាហានយ៉ាងតិច៤៤នាក់ស្លាប់ ខណៈអង្គការសហប្រជាជាតិរៀបរាប់ពីតុល្យការអ្នកស្លាប់ក្នុងជម្លោះអ៊ុុយក្រែនពីដើមខែមេសាមក ថាមានសរុប៣.២០០នាក់ ។ អនុស្សរណៈទីក្រុងមីនស្ក៍ គ្រោងដកបណ្តាអាវុធធុនធ្ងន់ (កាំភ្លើងធំចាប់ពីទំហំ១០០មីល្លីម៉ែត្រឡើងទៅ) ឱ្យឃ្លាតឆ្ងាយពីខ្សែរណសិរ្សយ៉ាងតិចចម្ងាយ១៥គីឡូម៉ែត្រ ដោយបង្កើតតំបន់ទ្រនាប់មួយមានទទឹង៣០គីឡូម៉ែត្រ ។ ការហោះហើរពីលើតំបន់នោះត្រូវហាមឃាត់ ចំណែកពួកយុទ្ធជនបរទេសត្រូវចាកចេញពីអ៊ុុយក្រែន ។
ឧត្តមសេនីយ៍រុស្ស៊ី អាឡិចសង់ដ្រ៍ ឡេតសូវ ប្រមុខអ្នកចរចាក្រុងម៉ូស្គូ និយាយថា បើបទឈប់បាញ់គ្នារយៈពេល២៤ម៉ោងត្រូវសម្រេចបាន នោះពួកសង្កេតការណ៍ដែលត្រៀមខ្លួនរួចហើយ ត្រូវមកកាន់តំបន់ទ្រនាប់ ។ យើងបានរៀបចំតំបន់នានាសម្រាប់ពួកគេធ្វើការនៅសងខាងខ្សែរណសិរ្ស ។ប្រសិនបើភាពស្ងប់ស្ងាត់ខាងយោធាកើតមានយោធា ផ្ទុយទៅវិញដំណោះស្រាយនយោបាយនៃជម្លោះនៅតែស្មុគស្មាញ ព្រោះពួកអ្នកទាមទារឯករាជ្យដែលកាន់កាប់តំបន់មួយប្រវែង១៦០គីឡូម៉ែត្រ តាមបណ្តោយព្រំដែនជាមួយរុស្ស៊ី បានបដិសេធសម្បទានរបស់ក្រុងគៀវ ផ្តល់លក្ខន្តិកៈពិសេសសម្រាប់តំបន់ពួកគេ ។ យោងតាមពួកអ្នកវិភាគថា តំបន់នោះតំណាងឱ្យប្រមាណ៣% នៃដែនដីអ៊ុយក្រែន និង៩%នៃចំនួន ប្រជាជនប្រទេសនេះ ។
ខាងផ្នែកការទូត ការមិនជឿទុកចិត្តគ្នានៅតែមានទាំងស្រុងរវាងរុស្ស៊ី និងពួកលោកខាងលិច ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកស័រហ្គេយ ឡាវរ៉ូវ ថ្លែងកាលពីថ្ងៃទី២៧ កញ្ញា នៅអង្គការសហប្រជាជាតិថា អ៊ុយក្រែនរងគ្រោះដោយសារនយោបាយក្រអើតក្រទមរបស់សហរដ្ឋអាមេរិក ដែលជាមួយពួកអឺរ៉ុបគាំទ្រការធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈ កម្ចាត់ប្រធានាធិបតីស្និទ្ធរុស្ស៊ីលោក វិកទ័រ អុីយ៉ានូកូវីត៕
ចែករំលែកព័តមាននេះ