រាជធានីភ្នំពេញ ៖ រថយន្តវីហ្គោមួយគ្រឿងបើកដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងចុះពីលើស្ពានជ្រោយចង្វាក្នុងល្បឿនលឿនបានរេចង្កូតទៅបុកខឿនរង្វង់មូលស្ពានជ្រោយចង្វាបណ្តាលឲ្យក្រឡាប់ត្រូវប្រជាការពារស្ពានរត់ទៅជួយ បែរជាអ្នកបើករថយន្តដោះស្បែកជើងដេញវាយប្រជាការពារវិញចោទថា ប៉ុនប៉ងលួចរបស់របរមានតម្លៃនៅក្នុងរថយន្តរបស់គេ ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤ កញ្ញា ២០១៤ នៅគល់ស្ពានជ្រោយចង្វាត្រើយខាងកើត ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌ ប្ញស្សីកែវ ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តបង្កម៉ាកវីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2T 4151 ជិះគ្នា២នាក់ ស្រីម្នាក់ និងប្រុសម្នាក់ វ័យក្មេងៗ ដោយអ្នកបើកបរស្រវឹងស្រាផងបើកឆ្លងស្ពានជ្រោយចង្វាពីលិចទៅកើតក្នុងល្បឿនលឿន ខណៈពេលបើកចុះពីលើស្ពានលឿនពេកចាប់ហ្វ្រាំងមិនជាប់ធ្វើឲ្យរថយន្តរេចង្កូតទៅបុកខឿនរង្វង់មូលស្ពានជ្រោយចង្វាត្រើយខាងកើតបណ្តាលឲ្យរថយន្តក្រឡាប់បះជើងទ្រមេឃ ភ្លាមៗនោះកម្លាំងប្រជាការពារបានរត់ទៅជួយចាប់ទាញនារីដែលរួមដំណើរក្នុងរថយន្តចេញមក ហើយរត់ទៅទាញអ្នកបើកបរចេញមកទៀត ស្រាប់តែអ្នកបើករថយន្តនោះបានដោះស្បែកជើងដេញវាយប្រជាការពារដោយចោទថាប្រជាការពារចូលលួចរបស់របរមានតម្លៃនៅក្នុងរថយន្តរបស់គេទៅវិញ ។
ប្រជាការពារសង្កាត់ជ្រោយចង្វាបានឲ្យដឹងថា ដោយសារតែប្រជាពលរដ្ឋធ្វើដំណើរវិលត្រឡប់មកពីស្រុកកំណើតចូលភ្នំពេញវិញធ្វើឲ្យមានការកកស្ទះចរាចរណ៍ទើបកម្លាំងប្រជាការពារចុះទៅជួយសម្រួលចរាចរណ៍នៅក្បែររង្វង់មូលស្ពានជ្រោយចង្វាត្រើយខាងកើតស្រាប់តែមានរថយន្តក្រឡាប់ពួកគាត់បានរត់ទៅជួយបែរជាចោទថាពួកគាត់មានបំណងលួចរបស់របរមានតម្លៃនៅក្នុងរថយន្តទៅវិញ ។ ក្រោយពេលកើតហេតុត្រូវបានកម្លាំងប្រជាការពារនាំគ្នារត់ដេញចាប់អ្នកបើករថយន្តបានហើយយុវជនរូបនោះបានទូរស័ព្ទទៅឪពុកម្តាយរបស់គេដែលជាអ្នកមានលុយជិះរថយន្តវីហ្គោមួយគ្រឿងទៀតមកជួយអន្តរាគមន៍ដោះលែងវិញ ចំណែករថយន្តដែលក្រឡាប់ត្រូវបានសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕
ចែករំលែកព័តមាននេះ