ប្រធានាធិបតីអ៊ុយក្រែន លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាសុីនតោន ថ្លែងកាលពីថ្ងៃទី១៨ កញ្ញា ថា កងទ័ពរបស់លោក ត្រូវការបណ្តាឧបករណ៍យោធា និងមិនមែនយោធា កាន់តែច្រើន ហើយស្នើឱ្យទទួលបានលក្ខន្តិកៈពិសេសមួយ។
នៅមុខសភាទាំង២របស់អាមេរិក ប្រធានាធិបតីអ៊ុយក្រែនមានប្រសាសន៍ថា ខ្ញុំទទូចយ៉ាងខ្លាំងដល់សហរដ្ឋអាមេរិកឱ្យផ្តល់ដល់អ៊ុយក្រែន នូវលក្ខន្តិកៈពិសេសមួយខាងសន្តិសុខ និងខាងកិច្ចការពារ ក្នុងកម្រិតមួយយ៉ាងខ្ពស់ប្រហាក់ប្រហែលគ្នាជាមួយបណ្តាសម្ព័ន្ធមិត្តពុំមែនជាសមាជិកអូតង់ ។
ប្រមុខរដ្ឋអ៊ុយក្រែន ដែលកាលពីដើមខែកញ្ញា នេះទទួលយកបទឈប់បាញ់គ្នាមួយ ជាមួយពួកបំបែកខ្លួននិយមស្និទ្ធរុស្ស៊ី នៅភាគខាងកើតប្រទេសនោះ ក៏សម្តែងក្តីសង្ឃឹមផងដែរថា សហរដ្ឋអាមេរិកនឹងមិនរារែកឡើយក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងរុស្ស៊ី ។ លោកថា គេមិនអាចយកឈ្នះសង្គ្រាមបានឡើយ បើមានអ្នកនៅពីខាងក្រោយជួយដល់ពួកសត្រូវ ។
លោក ប៉ូរ៉ូ ឆេនកូ ថ្លែងថា កងទ័ពអ៊ុយក្រែន ត្រូវការជំនួយទ្រទ្រង់ខាងនយោបាយថែមទៀត ពីពិភពលោក ហើយត្រូវការឧបករណ៍យោធា និងពុំមែនយោធាបន្ថែម ។ លោកសង្ឃឹមថា ក្រុងវ៉ាសុីនតោន នឹងផ្តល់ជំនួយ៥៣លានដុល្លារបន្ថែមទៀត ។ អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់របស់អាមេរិកនិយាយថា បណ្តាប្រព័ន្ធរ៉ាដាចាប់ការបាញ់គ្រាប់កាំភ្លើងធំ នឹងត្រូវផ្តល់ឱ្យក្រុងគៀវជាលើកដំបូង ។ ប្រព័ន្ធនោះអាចចាប់បានជាពិសេសនូវប្រភពនៃការបាញ់កាំភ្លើងធំចេញ ។ ក្រុងវ៉ាសុីនតោន ក៏នឹងផ្តល់ឱ្យអ៊ុយក្រែននូវបណ្តារថយន្តដឹកទ័ព នាវាតូចៗ ព្រមទាំងបណ្តាឧបករណ៍ត្រួតពិនិត្យរាវរកគ្រឿងផ្ទុះ និងគ្រាប់មីន ។ ផ្ទុយទៅវិញ អាមេរិកពុំគ្រោងផ្តល់អាវុធសម្រាប់ធ្វើសង្គ្រាមឡើយ ។
ពេលជួបពិភាក្សានៅសេតវិមានជាមួយសមភាគីអ៊ុយក្រែន ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា អះអាងថា សហរដ្ឋអាមេរិកនឹងបន្តបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយការទូតមួយ នៃវិបត្តិអ៊ុយក្រែន ។ ចំណែកលោក ប៉ូរ៉ូ ឆេនកូ សង្ឃឹមថា បទឈប់បាញ់គ្នាដែលចុះហត្ថលេខាកាលពីថ្ងៃទី៥ កញ្ញា នៅអ៊ុយក្រែន អាចនាំទៅដល់សន្តិភាពស្ថិតស្ថេរមួយ ហើយលោកសម្តែងការពេញចិត្តចំពោះជំនួយដែលក្រុងវ៉ាសុីនតោនផ្តល់ឱ្យប្រទេសលោក ៕
ចែករំលែកព័តមាននេះ