តើមានអ្នកណាម្នាក់នៅថៃ ឬកម្ពុជាសព្វថ្ងៃនេះ ដែលដឹងថា រឿងព្រេងហ្នឹងវាល្ងីល្ងើយ៉ាងនេះទេ? រឿងព្រេងហ្នឹងបានបោះពុម្ពដំបូងបំផុតជាភាសាអង់គ្លេសជាង១០០ឆ្នាំមកហើយ គឺក្នុងបំណកប្រែអំពី មហាវំស ឆ្នាំ១៩៧៨ របស់លោក Wilhelm Geiger ។ ការឃោសនារបស់ថៃពីរឿងសោណ និងឧត្តរ ប្រហែលជាផ្អែកលើប្រភពជាភាសាអង់គ្លេសនេះឯង ។ វាទំនងជាការធម្មតាទេ បើអានអត្ថបកប្រែជាភាសាអង់គ្លេស វាពិតជាងាយជាងសិក្សាពីប្រភពជាបាលី។ មានប្រវត្តិសាស្ត្រថៃបែបប្រឌិតច្រើនណាស់ ដែលផ្តើមចេញពីការស្រាវជ្រាវរបស់ជនជាតិអឺរ៉ុប មើលទៅដូចថ្មីនៅសម័យនោះ ។ ជាការពិតហើយចំពោះអ្នកដែលគេដឹងថា ប្រភពដើមនៃរឿងប្រឌិតហ្នឹងវាងងឹតងងុលយ៉ាងណា ហើយវាហួសពីល្ងង់ទៅទៀតចំពោះការទៅបង្កើតមនោគមវិជ្ជានយោបាយផ្អែកលើរឿងព្រេង ។
មានអ្នកស្រាវជ្រាវខ្លះបានជជែកវែកញែកពីទីតាំងនៃនាមឋាន ដែលមាននៅក្នុងរឿងព្រេងហ្នឹង ប៉ុន្តែសំរាប់ចំណាប់អារម្មណ៍ជាក់ស្តែងរបស់យើងនៅទីនេះ ទីតាំងហ្នឹងនៅឯណាវាមិនសំខាន់ទេ ។ ពាក្យសុវណ្ណភូមិ ដែលពោលក្នុងរឿងនិទានហ្នឹងមិនមែនអ្វីទាក់ទងនឹងប្រវត្តិសាស្ត្ររបស់ថៃ និងទ្វីបអាស៊ីអាគ្នេយ៍ជាទូទៅទេ ។ រឿងព្រេងហ្នឹងផ្ទាល់គ្មាននរណាមួយដឹងនៅថ្ងៃរហូតដល់តែរដ្ឋាភិបាលសម័យទំនើបយកវាមកឃោសនា ។
អញ្ចឹងេហតុម៉េចបានជាសិលាចារឹករលុបៗជាមួយនឹងរឿងព្រេងដែលមិនមាននរណាដឹងក្នុងប្រទេសស្រីលង្ការ មជ្ឈិមសម័យផ្តើមឱ្យមានការដាក់ឈ្មោះព្រលានយន្តហោះមួយដ៏មមាញឹកបំផុតក្នុងលោក? ការឃោសនាពីសុវណ្ណភូមិកាន់តែសំខាន់ឡើេងៗក្នុងបណ្តាសង្គ្រាមគ្របដណ្តប់សតវត្សទី២០ ។ ព្រះអង្គម្ចាស់ដាំរ៉ុង (Damrong)បានសរសេរប្រវត្តិសាស្ត្រប្រទេសថៃ ដោយគំនិតជាតិនិយម និងសាសន៍និយមទាំងភ្លែន បង្កើតទៅជារឿងប្រឌិតថា ជនជាតិថៃមានដើមកំណើតក្នុងប្រទេសម៉ុងហ្គោលី ហើយធ្វើចំណាកស្រុកតាមអាណាចក្រមួយនៅ Yunnan ។ រឿងប្រឌិតនេះសន្មតថា ជនជាតិថៃ គឺជាអ្នកគ្រប់គ្រង និងតាំងទីលំនៅក្នុងអាណាចក្រ Nan-Chao ដែលជាអាណាចក្រពិតប្រាកដនៅ Yunana ប៉ុន្តែគំនិតដែលថា មានជនជាតិថៃរស់នៅទីនោះ គឺជារឿងប្រឌិតសុទ្ធសាធ ដែលមិនមានភស្តុតាងណាមួយ ដើម្បីបញ្ជាក់បានទាល់តែសោះ ។ ហ្នឹងមិនចាំបាច់និយាយពីការគ្មានភស្តុតាងណាបញ្ជាក់ថា ជនជាតិថៃមានតាំងទីលំនៅក្នុងម៉ុងហ្គោលីផង និយាយឱ្យចំទៅគ្រប់ភស្តុតាងទាំងអស់ (ទាំងភាសា និងបុរាណវិទ្យា) បញ្ជាក់ថា ភាពផ្ទុយពីការប្រឌិតខាងលើ ។
ព្រះអង្គម្ចាស់ ដាំរ៉ុង ប្រឌិតទ្រឹស្តីហ្នឹងឡើងដោយអះអាងថា ជនជាតិថៃត្រូវបានរុញច្រានចេញពី Yunnan ក្នុងឆ្នាំ១៤៣ មុនគ្រឹះសករាជ ។ កាលបរិច្ឆេទប្រវត្តិសាស្ត្របែបលេងសើចបែបនេះ គឺមកពីការយល់សប្តិច្បាស់ក្រឡែត ដោយគ្មានភស្តុតាងតែបន្តិចក៏គ្មានផង (មកដល់ឥឡូវ និងតាំងពីណាមក មិនដែលមានភស្តុតាងបុរាណសាស្ត្រណាដើម្បីបញ្ជាក់ពីការសន្មតនេះទេ) ។ ខ្ញុំសូមកត់សំគាល់ទាំងរង្គើសចិត្តថា ឆ្នាំ១៤៣ មុនគ្រឹះសករាជ គឺនៅយឺតពេលទៅហើយ សំរាប់ជនជាតិថៃធ្វើចំណាកស្រុកមកក្រោមតាមបណ្តោយឆ្នេរសមុទ្រ ហើយមកស្វាគមន៍បេសកជនដែលថា បញ្ជូនមកដោយព្រះចៅអសោក ។ នេះបានចំជាការដាក់កាលកំណត់ផ្តេសផ្តាស ហើយច្រើនតែត្រូវបានមើលរំលង បើទោះជាយើងទទួលបានកំណត់ប្រវត្តិសាស្ត្របែបរបស់ព្រះអង្គម្ចាស់ ដាំរ៉ុង ក៏ដោយចុះ ការដែលថា ជនជាតិថៃបានទទួលយកព្រះពុទ្ធសាសនាក្នុងរជ្ជកាលព្រះចៅអសោក របស់ឥណ្ឌា គឺមិនអាចកើតមានបានទេ ។ រឿងហ្នឹងមិនមានអ្វីថ្មីទេ ប៉ុន្តែជាទូទៅគ្មាននរណាដឹងទេ ពេលដែលឃើញពាក្យសុវណ្ណភូមិដ៏អាថ៌កំបាំងមាននៅគ្រប់កន្លែង ។ មានអ្នកនិពន្ធថៃច្រើនដែរ ដែលសរសេររិះគន់ប្រវត្តិសាស្ត្រតាក់តែងដោយព្រះអង្គម្ចាស់ដាំរ៉ុង រួមមានលោក Nidhi Eoseewong ដែលប្រហែលជាប្រវត្តិវិទូដ៏ល្បីឈ្មោះ និងគួរឱ្យគោរពបំផុតក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ ។ បើចង់មើលពីបទស្រាវជ្រាវល្អៗពីប្រវត្តិសាស្ត្រថៃ សូមអាន Charmavit Kasetsiri 1979 ក្រោមចំណងជើងថា «រូបាវត្តិសាស្ត្រថៃសម័យបុរាណ និងទំនើប» ចុះក្នុងសៀវភៅ «យល់ដឹងពីអតីតកាលនៅអាស៊ីអាគ្នេយ៍» ដោយសមាគមពីការស្រាវជ្រាវអាស៊ីនៅអូស្ត្រាលី ។ ថ្មីៗនេះ លោក Suriya Ratanakul (ពីសាកលវិទ្យាល័យ Mahidol ប្រទេសថៃ) បានបោះផ្សាយអត្ថបទរិះគន់ទ្រឹស្តីកំណើត ជនជាតិថៃ ប្រើប្រាស់ទស្សនវិស័យភាសាសាស្ត្រ ។ មានអ្នកស្រាវជ្រាវថៃជាច្រើន បានចូលរួមចំណែកទស្សនទានលើបញ្ហាប្រវត្តិសាស្ត្រនៅឯសន្និសីទអន្តរជាតិស្តីពីការសិក្សាប្រទេសថៃ ប៉ុន្តែការរិះគន់ទាំងនោះ ជាទូទៅត្រូវបានទទួលយកក្នុងចំណោមអ្នកស្រាវជ្រាវ និងអ្នកឯកទេស ប៉ុន្តែមិនបានក្លាយជាការឃោសនា ឬក៏មានឥទ្ធិពលខ្លាំងណាស់ណាលើស្រទាប់មហាជននោះទេ ។
ទ្រឹស្តី សុវណ្ណភូមិ របស់ព្រះអង្គម្ចាស់ ដាំរ៉ុង បានចាប់ផ្តើម ដោយដំណើររឿងដែលថា ប្រជាជនថៃបានចាកចេញពីប្រទេសចិន (ដោយទិសដៅពីជើងទៅត្បូង) ហើយបានត្រួតត្រាមួយផ្នែកធំនៃតំបន់អាស៊ីអាគ្នេយ៍ ។ ប្រយោជន៍នយោបាយ ដែលបានមកពីប្រវត្តិសាស្ត្រដែលបង្កើតឡើងដោយព្រះអង្គម្ចាស់ ដាំរ៉ុង គឺថាប្រទេសថៃអាចផ្តល់នូវេហតុផលសមស្របក្នុងការចាប់ផ្តើមនូវសង្គ្រាម ដើម្បីត្រួតត្រារដ្ឋ Shan (ដែលគ្រប់គ្រងដោយភូមា) ហើយនិងការត្រួតត្រាចូលជ្រៅទៅទិសខាងជើងប្រទេសកំណើតរបស់ខ្លួនក្នុងខេត្ត Yunnan ដែលពួកគេប្រឌិតឡើង ។ សៀវភៅប្រវត្តិសាស្ត្ររបស់ព្រះអង្គម្ចាស់ ដាំរ៉ុង ដែលមានភាពល្បីល្បាញជាងគេមានចំណងជើងថា «ថៃវាយភូមា» ដែលត្រូវបានបោះពុម្ពផ្សាយលើកដំបូងក្នុងឆ្នាំ១៩១៧ ។ ទ្រឹស្តីភាគច្រើនរបស់ទ្រង់មានបំណងប្រឆាំងនឹងភូមា និងចិន ហើយមិនមានការចាប់អារម្មណ៍អ្វីទាល់តែសោះទៅលើប្រទេសកម្ពុជា (តាមការពិតទៅកម្រមានការលើកឡើងណាស់ ពីប្រទេសកម្ពុជា) ។
នៅឆ្នាំ១៩៣១ លោក Luang Wichi-tawathakan បានបោះពុម្ពផ្សាយនូវសៀវភៅប្រវត្តិសាស្ត្ររបស់លោក ។ ពេលក្រោយមកលោកបានក្លាយជាប្រធាននាយកដ្ឋានវិចិត្រសិល្បៈដែលនៅទីនោះ លោកមិនត្រឹមតែបំពេញនូវតួនាទីរបស់ខ្លួនត្រឹមតែសរសេរសៀវភៅប៉ុណ្ណោះទេ ថែមទាំងបានផលិតរឿងល្ខោនសំរាប់សំដែងលើឆាក និងចំរៀងមួយចំនួនដែលត្រូវបានចាក់ផ្សាយតាមវិទ្យុ ។ ស្នាដៃរបស់លោកបានជះឥទ្ធិពលសំខាន់ទៅលើវប្បធម៌ប្រជាប្រិយរបស់ថៃ ក៏ដូចជាចង្កោមនៃស្នាដៃវប្បធម៌នៃសំណេរប្រវត្តិសាស្ត្រ ។ មានដំណើរផ្លាស់ប្តូរមួយ ពីប្រវត្តិសាស្ត្រដែលបង្កើតឡើងដោយព្រះអង្គម្ចាស់ដាំរ៉ុង ទៅប្រវត្តិសាស្ត្រដែលបង្កើតដោយលោក Luang Wichitwathanka នៅក្នុងទសវត្សទី៣០ ។ ទោះបីជាសៀវភៅប្រវត្តិសាស្ត្ររបស់ព្រះអង្គម្ចាស់ ដាំរ៉ុង ត្រូវបានបន្តប្រើប្រាស់នៅតាមសាលារៀនយ៉ាងណាក៏ដោយ ក៏ទ្រង់នៅគិតថា ទ្រង់ត្រូវបានគេផាត់ចេញពីដំណើរការនយោបាយបន្ទាប់ពីឆ្នាំ១៩៣២ ដោយសារថា ស្នាដៃទ្រង់មិនបានបង្ហាញពីគំនិតថ្មីៗ ដែលកាន់តែមានប្រជាប្រិយភាព ហើយដែលត្រូវបានគេយកមកប្រើប្រាស់ច្រើន ក្នុងការឃោសនារបស់ថៃនៅសម័យនោះ (ដូចជា «លទ្ធិកុម្មុយនីស្ត» «លទ្ធិប្រជាធិបតេយ្យ») ។
ជាទូទៅ មិនមានកិច្ចខិតខំប្រឹងណាមួយក្នុងការបង្កើតនូវដំណើររឿងឱ្យត្រូវគ្នាទាក់ទិននឹងប្រទេសកម្ពុជាឡើយ ហើយថា ជនជាតិខ្មែរជាអ្នកណានោះទេ ឬក៏ថាហេតុអ្វីបានជាក្រុងមួយចំនួនដូចជា Lopburi (ដែលមានទីតាំងនៅចំកណ្តាលប្រទេសថៃបច្ចុប្បន្ន) មានលក្ខណៈដើមច្បាស់លាស់ជាខ្មែរសម័យបុរាណនោះដែរ ។ នៅក្នុងសម័យដើមនោះ ការបែងចែកឱ្យច្បាស់លាស់រវាងជនជាតិខ្មែរ និងថៃមិនមែនជាប្រយោជន៍សំខាន់នៃប្រវត្តិសាស្ត្រជាតិនិយម ឬក៏បញ្ហាជាតិសាសន៍ក្នុងប្រទេសថៃនោះទេ ។ ផ្ទុយទៅវិញ មានការបែងចែកច្បាស់លាស់ទៅលើប្រទេសចិន និងភូមាថា ជាអរិយធម៌ពីរដែលសត្រូវនឹងប្រទេសថៃ ។ ប៉ុន្តែវានៅតែមានភាពមិនច្បាស់លាស់ទាល់តែសោះទាក់ទិនទៅនឹងតួនាទីរបស់ប្រទេសឡាវ និងកម្ពុជា នៅក្នុងការរៀបរាប់ប្រវត្តិសាស្ត្រនោះ ។ មានការអះអាងដែលមានលក្ខណៈស្រពិចស្រពិលមួយចំនួនថា ឡាវ ថៃ និងកម្ពុជា ជាជាតិសាសន៍ដើមតែមួយ ហើយថៃ ជាជាតិសាសន៍មួយដែលមានលក្ខណៈខ្ពស់ជាងសាសន៍ពីរទៀត ហើយបានត្រួតត្រាលើជាតិសាសន៍ទាំងពីរនោះនៅក្នុងដំណើរផ្លាស់ប្រទេសរបស់ពួកគេ ប៉ុន្តែការអះអាងនោះ ឃើញមានតែនៅក្នុង២-៣កថាខណ្ឌនៃអំណេះអំណាងដែលគ្មានភាពច្បាស់លាស់ដដែល ។ (នៅមានត)
ចែករំលែកព័តមាននេះ