រាជធានីភ្នំពេញ ៖ ស្ត្រីវ័យក្មេងសម្រស់ស្រស់ស្អាតម្នាក់ជាជនជាតិវៀតណាម អាយុប្រមាណ២០ឆ្នាំ មិនចេះនិយាយភាសាខ្មែរសូម្បីតែមួយម៉ាត់នោះ ធ្វើដំណើរនៅតាមដងផ្លូវក្នុងសម្លៀកបំពាក់ខោខ្លី ពាក់អាវវាលក្លៀក គ្មានស្បែកជើងដើរយំតាមផ្លូវ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើចរាចរណ៍ កាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២៧ សីហា នៅតាមមហាវិថីព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ស្ត្រីវ័យក្មេងជនជាតិវៀតណាមម្នាក់នេះ បានដើេរចេញពីខាងមុខស្ថានទូតវៀតណាមប្រចាំនៅប្រទេសកម្ពុជា ពីជើងទៅត្បូង តាមបណ្តោយមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅកាន់ស្ពានអាកាសក្បាលថ្នល់ គឺដើរកណ្តាលផ្លូវដោយមានអាការៈយំផង ទើបមានការភ្ញាក់ផ្អើលពីអ្នកដែលបានឃើញ ។ ដោយសារឃើញអាការៈបែបនេះ ក៏មានអ្នកធ្វើចរាចរណ៍ខ្លះបានស្ទាក់សួរ ប៉ុន្តែនាងអត់និយាយតបទេ ។ លុះធ្វើដំណើរដល់ចំណុចមហាវិថីព្រះមុនីវង្សកែងផ្លូវលេខ៤៨៨ នាងក៏អង្គុយនៅលើចិញ្ចើមផ្លូវ ហើយស្រែកយំកាន់តែខ្លាំងឡើងៗ ។ គ្រាន់តែអង្គុយភ្លាមក៏មានអ្នកចេះនិយាយភាសាវៀតណាមជាច្រើននាក់បានមកចោមរោមសួរនាំ ហើយនាងឆ្លើយប្រាប់ថា នាងធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួន ។
នាងក៏បាននិយាយប្រាប់អ្នកដែលបានសួរជាភាសាវៀតណាមថា នាងទើបតែមកពីប្រទេសវៀតណាម ហើយបានចាញ់បោកសង្សាររបស់ខ្លួន ដោយសារគេសន្យាថានឹងនាំនាងធ្វើដំណើរតាមយន្តហោះជាបន្តទៀត ប៉ុន្តែត្រូវគេទៅតែម្នាក់ឯងបោះបង់នាងចោល មិនដឹងថាទៅទីណាទេ ហេតុនេះហើយបានជានាងចង់ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានក្បាលថ្នល់ ។ ចំណែកបុរសជាសង្សារនោះ នាងថាមិនមែនជាជនជាតិវៀតណាមទេ តែនាងក៏មិនដឹងថាជាជនជាតិអ្វីនោះដែរ ដោយបម្រុងនាំនាងទៅប្រទេសណាមួយផ្សេងទៀត ។ នៅពេលដែលមានមនុស្សម្នាកាន់តែច្រើនមកចោមរោមមើលនិងសួរនាំនៅក្រោមតំណក់ទឹកភ្លៀងកំពុងតែធ្លាក់ផងនោះ នាងក៏បានស្ទុះរត់ចេញពីការចោមរោមសួរនាំនោះត្រឡប់ក្រោយវិញបាត់ទៅ ។
ដោយមិនដឹងថា នាងរត់ទៅទីណាទេ និងមិនមានឃើញកម្លាំងសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានណាម្នាក់ ចេញមុខមកសួរនាំពីមូលហេតុពិតប្រាកដ ឬពីបំណងរបស់នាងទេ ហើយអ្នកសារព័ត៌មានក៏មិនអាចតាមដានដំណើរទៅមុខរបស់នាងដែរ ព្រោះពេលនោះភ្លៀងធ្លាក់យ៉ាងខ្លាំងផង ខ្ជិលតាមដាន ៕
ចែករំលែកព័តមាននេះ