រាជធានីភ្នំពេញ ៖ ស្ត្រីជាប់ចោទម្នាក់ ជាមេអណ្តើក ដែលនាំមនុស្សទៅជួញដូរផ្លូវភេទនៅចិន តាមរូបភាពរៀបអាពាហ៍ពិពាហ៍ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមកាលពីថ្ងៃទី៣០ កក្កដា ផ្តន្ទាទោសដាក់ពន្ឋនាគារ២ឆ្នាំ ពីបទសមគំនិតក្នុងការជ្រើសរើសមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច យោងតាមមាត្រា១២ កថាខណ្ឌទី២នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងមាត្រា ២៩,៩៣,៩៤ នៃក្រមព្រហ្មទណ្ឌ។ សាលក្រមដដែលបានបង្គាប់ឲ្យជនជាប់ចោទសងសំណងជំងឺចិត្តដល់ជនរងគ្រោះ២នាក់ ក្នុងម្នាក់៥០០០ដុល្លារអាមេរិក។
ស្ត្រីជាប់ចោទឈ្មោះ បូ ស៊ីណា អាយុ៣៧ឆ្នាំ មានទីលំនៅមុនពេលចាប់ខ្លួនស្នាក់នៅផ្ទះលេខ៦២១ ភូមិប៉ប្រកខាងជើង តាមបណ្តោយផ្លូវរទេះភ្លើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានត្រូវសមត្ថកិច្ចនគរបាលនាយកដ្ឋានចារកម្មក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី២០ វិច្ឆិកា ២០១៣ យោងលើពាក្យបណ្តឹងរបស់ដើមបណ្តឹង។
ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីជាង៣ខែកន្លងទៅ ឈ្មោះ បូ ស៊ីណា បានទៅទាក់ទងកូនស្រីនាំយកទៅរៀបការជាមួយបុរសជនជាតិចិន ដែលរស់នៅប្រទេសចិន ដោយមាននារី២ខ្មែរនាក់ទៀតផងដែរ។ ពេលទៅដល់ប្រទេសចិនកូនស្រីពិតជាបានរៀបការជាមួយបុរសចិនពិតមែន តែបានមួយរយៈកូនស្រីនិងនារីខ្មែរ២នាក់ទៀត ត្រូវបានគេលក់ដូរពីមួយទៅមួយដើម្បីបម្រើផ្លូវភេទនៅប្រទេសចិន។
ដោយសារតែអត់ទ្រាំនឹងអំពើព្រៃផ្សៃលំបាកទាំងផ្លូវកាយ និងផ្លូវចិត្តពុំបានពួកនាងក៏បានទូរស័ព្ទទាក់ទងមកឪពុកម្តាយនៅស្រុកខ្មែរ ឲ្យសមត្ថកិច្ចជួយចាប់ក្រុមជនបោកប្រាស់យកពួកនាងទៅលក់ រួចឪពុកម្តាយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវចាប់ជនល្មើសនិងរំដោះពួកនាងមកវិញ ៕
ចែករំលែកព័តមាននេះ