លិង្គមិនងើបរឹងបានក្លាយទៅជាបញ្ហាកាន់តែសាមញ្ញបំផុត សម្រាប់បុរសដែលមានវ័យកាន់តែចាស់ទៅ ប៉ុន្តែវាមិនមែនជាផ្នែកដ៏ធម្មតាមួយនៃភាពចាស់ទៅតាមអាយុនោះទេ ។ យ៉ាងណាក៏ដោយគេអាចបញ្ចៀសបញ្ហានេះបានផងដែរតាមរយៈរបបអាហារទទួលទានប្រចាំថ្ងៃការហាត់ប្រាណ និងការរក្សាទម្ងន់ខ្លួនមិនឱ្យធាត់ខ្លាំងពេក ។
១-របបអាហារទទួលទាន ៖
ការទទួលទានអាហារដែលផ្តល់ផលអាក្រក់ដល់បេះដូងក៏អាចផ្តល់ផលអាក្រក់ដល់សមត្ថភាពនៃការងើបរឹងរបស់លិង្គផងដែរ ។ បុរសគួរចៀសវាងអាហារមានខ្លាញ់ច្រើន ម្ហូបចៀន-ឆា និងម្ហូបកែច្នៃទុកឱ្យបានយូរដែលទាំងអស់នេះសុទ្ធតែអាចធ្វើឱ្យរាំងស្ទះដល់ចរន្តឈាមទៅចិញ្ចឹមរាងកាយ។
និយាយជារួមរាល់ម្ហូបអាហារទាំងឡាយណា ដែលផ្តល់ផលអាក្រក់ដល់បេះដូងក៏ជាផ្នែកមួយដែលផ្តល់ផលអាក្រក់ដល់លិង្គផងដែរ ។ គ្រឿងស្រវឹងក៏ជាផ្នែកមួយផងដែរ ។ បើទោះជាអ្នកឯកទេស គឺលោក Sharlipបាននិយាយថា ពុំមានភស្តុតាងណាមួយបញ្ជាក់ថា ទទួលទានគ្រឿងស្រវឹងចាប់ពីកម្រិតតិចតួចដល់កម្រិតមធ្យមប៉ះពាល់ដល់ដំណើរងើបរឹងរបស់លិង្គក្តី ប៉ុន្តែការផឹកហួសប្រមាណជាប់ជាប្រចាំ គឺអាចបណ្តាលឱ្យខូចថ្លើម ខូចសរសៃប្រសាទ បាត់បង់តុល្យភាពអ័រម៉ូនភេទបុរស និងឈានទៅធ្វើឱ្យងាប់លិង្គតែម្តង ។
មួយវិញបុរសគួរចៀសវាងផងដែរនូវបារី ដ្បិតសារធាតុនីកូទីនក្នុងបារីបានបំផ្លាញសរសៃឈាម ហើយទប់លំហូរឈាមទៅកាន់លិង្គ។
២- ហាត់ប្រាណឱ្យបានទៀងទាត់ ៖
មានភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជាក់ថា បែបបទនៃការរស់នៅដោយមិនធ្វើសកម្មភាពអ្វីសោះ ជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យលិង្គងាប់ ។ ប៉ុន្តែផ្ទុយទៅវិញ ការហាត់ប្រាណដូចជារត់ហែលទឹក…អាចជួយទប់ស្កាត់ការងាប់លិង្គបាន ។ បន្ថែមពីលើនេះ ហាត់ប្រាណអាចជួយបំបាត់ភាពតានតឹងក្នុងចិត្ត ( Stress) បានផងដែរ ហើយដែល Stressនេះ ក៏ជាកត្តាសំខាន់មួយនាំឱ្យលិង្គមិនងើបរឹង ។ ភាពតានតឹងផ្លូវចិត្តបានបង្កើននូវកម្រិតអ័រម៉ូន adrenaline ដែលធ្វើឱ្យសរសៃឈាមរួញ ។ បញ្ហានេះធ្វើឱ្យប៉ះពាល់លំហូរឈាមទៅលិង្គ ហើយទីបំផុតធ្វើឱ្យលិង្គទន់មិនរឹង ។ ដូច្នេះ ការបន្ធូរភាពតានតឹង និងធ្វើឱ្យអារម្មណ៍រីករាយ ទំនងជាជួយបង្កើនជីវិតសិចរបស់បុរសបាន ។
៣- រក្សាទម្ងន់ឱ្យកុំឱ្យធាត់ខ្លាំងពេក ៖
ធាត់ខ្លាំងពេកអាចបណ្តាលឱ្យមានបញ្ហាសុខភាពជាច្រើនក្នុងនោះមានដូចជា ជំងឺទឹកនោមផ្អែមប្រភេទ២ ដែលជំងឺនេះអាចធ្វើឱ្យខូចសរសៃប្រសាទរាងកាយ ។ ប្រសិនជាសរសៃប្រសាទសម្រាប់បញ្ជាទៅលិង្គខូច នោះការងាប់លិង្គពិតជាកើតមាន ។ មួយវិញទៀត ធាត់ខ្លាំងអាចជាបច្ច័យនាំឱ្យឡើងខ្លាញ់កូឡេស្តេរ៉ូល និងឈានទៅកើតជំងឺលើសឈាមជាដើម ។ ការឡើងឈាមនិងឡើងជាតិខ្លាញ់កូឡេស្តេរ៉ូលពិតជាអាចធ្វើឱ្យខូចបណ្តាសរសៃឈាមទាំងឡាយក្នុងរាងកាយដោយក្នុងនោះរួមទាំងសរសៃឈាមចិញ្ចឹមលិង្គផងដែរ ហើយទីបំផុត វានឹងអាចធ្វើឱ្យលិង្គលែងងើប ។
ដូច្នេះ ប្រសិនជាអស់លោកអ្នកលើសឈាមនិងជាតិខ្លាញ់ឡើងខ្ពស់ត្រូវតែប្រញាប់ទៅព្យាបាលជាបន្ទាន់ ។ ទោះជាយ៉ាងណា ការធ្វេសប្រហែសធ្វើឱ្យរបួសលិង្គក្នុងពេលរួមភេទ ក៏ជាកត្តានាំឱ្យលិង្គងាប់បានដែរ។ ករណីខ្លះដែលនាំឱ្យលិង្គមិនងើបកើតចេញពីរបួសអំឡុងការរួមមេត្រីភាពលើគ្រែ។ ដើម្បីចៀសវាងការថ្លោះនិងធ្វើឱ្យឈឺចាប់ គេគួរតែប្រយ័ត្នប្រយែងក្នុងការស៊កបញ្ចូល ជាពិសេសការបុកខ្លាំងៗ វាគួរតែធ្វើក្រោយពេលទ្វារមាសមានទឹករំអិលគ្រប់គ្រាន់ ។ អស់លោកអ្នកគួរតែប្រាកដថា លិង្គរបស់ខ្លួនមិនរអិលចេញពីទ្វារមាសទៅបុកនឹងផ្នែករឹងផ្សេងទៀតរបស់ដៃគូខ្លួន ។
ក្នុងករណីស្នៀតរួមភេទរបស់អ្នកធ្វើឱ្យលិង្គបត់ខុសទំនងនិងឈឺចាប់ ជាឧទាហរណ៍បត់ខុសពីធម្មជាតិរបស់វា ត្រូវតែបញ្ឈប់ភ្លាម ។
វិធីសាស្ត្រមួយផ្សេងទៀតដើម្បីបញ្ចៀសការងាប់លិង្គគឺប្រើថ្នាំអ័រម៉ូន Testoterone ។ បើទោះជា អ្នកមានសុខភាពល្អក្តី ក៏កម្រិតអ័រម៉ូន Testoterone ជារឿយៗធ្លាក់ចុះយ៉ាងគំហុកក្នុងវ័យ៥០ឆ្នាំ ។ អាយុចាប់ពី៤០ឆ្នាំឡើងទៅ កម្រិតអ័រម៉ូន Testoterone របស់បុរសធ្លាក់ចុះ១,៣ភាគរយរៀងរាល់ឆ្នាំ ។ រោគសញ្ញានៃការធ្លាក់ចុះអ័រម៉ូននេះ មានដូចជា ថយចុះចំណង់ផ្លូវភេទ អារម្មណ៍មិននឹងនរ ខ្វះថាមពលក្នុងខ្លួន ឬពិបាកក្នុងការសម្រេចចិត្តជាដើម ។
ចែករំលែកព័តមាននេះ