រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនីចំនួន២១៤នាក់ ដែលបម្រើការងារនៅក្នុងសិប្បកម្មកាត់ដេរមួយកន្លែងយីហោ ដឺណាន់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ា ទាមទារឱ្យអាជ្ញាធរជួយដោះស្រាយ បន្ទាប់ពីពួកគេបានដឹងថា ថៅកែសិប្បកម្មជាជនជាតិកូរ៉េវេចបង្វេចរត់ចោលបាត់ដោយមិនបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់ពួកគេ ។
ក្នុងការតវា៉នេះ ក្រុមកម្មករបាននាំគ្នាប្រមូលសំបកកង់រថយន្តចាស់ៗ ប្រដឹសឫស្សី ដែលគេធ្វើសម្រាប់ជាឆ្អឹងក្នុងការចាក់បេតុង ព្រមទាំងអុសដុតបំពក់ បង្កឱ្យមានផ្សែងហុយទ្រលោម ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ នៅមុខសិប្បកម្មខាងលើ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ក្រុមកម្មករបានឱ្យដឹងថា ថៅកែសិប្បកម្មកាត់ដេរមួយនេះដែលជាជនជាតិកូរ៉េ បានរត់ចោលពួកគេ កាលពីថ្ងៃទី១៦ កក្កដា កន្លងមក តែពេលនោះពួកគេមិនបានដឹងឡើយ ចេះតែនាំគ្នាធ្វើការយា៉ងសស្រាក់សស្រាំ ។ លុះដល់ថ្ងៃទី១៧ កក្កដា ថៅកែកំហូចម្នាក់នោះបានទូរស័ព្ទប្រាប់ប្រធានរដ្ឋបាលថា ខ្លួនបានចាកចេញទៅប្រទេសវិញហើយ ព្រោះគ្មានលុយបើកឱ្យកម្មករ ដោយសារសិប្បកម្មក្ស័យធន ។
ពេលនោះខាងរដ្ឋបាលក៏បានយករឿងនោះមកប្រាប់ពួកគេ ទើបមានការភ្ញាក់ផ្អើល និងនាំគ្នាប្រមូលផ្តុំធ្វើការតវា៉ដើម្បីទាមទាររកដំណោះស្រាយ ។ ប៉ុន្តែចាប់តាំងពីពេលនោះរហូតមកមិនមានការដោះស្រាយអ្វីទាល់តែសោះ ជាពិសេសរកអ្នកទទួលខុសត្រូវលើការទូទាត់បើកប្រាក់ឈ្នួលពួកគេក៏គ្មាន ទើបធ្វើឱ្យពួកគេអស់សង្ឃឹម ។ ពេលនេះមានតែនាំគ្នាដុតភ្លើងបំពក់ដើម្បីពន្លឿនរកការដោះស្រាយពីសំណាក់អាជ្ញាធរ ព្រោះថៅកែបានរត់ចោលបាត់ហើយ មានតែអាជ្ញាធរប៉ុណ្ណោះ ដែលដឹងថាត្រូវធ្វើបែប ណា ។
ចំណេកបុគ្គលិករដ្ឋបាលសិប្បកម្មនេះ និយាយថា សិប្បកម្មនេះបានដំណើរការរយៈពេលជាង៤ខែកន្លងមកហើយ និងបានខាតបង់ក្នុង១ខែៗចំនួនពី៤ម៉ឺនទៅ៦ម៉ឺនដុល្លារ ។ ក្នុងរយៈពេលជាង៤ខែនេះមានការខាតបង់ដល់ទៅជាង២០ម៉ឺនដុល្លារ ដូច្នេះហើយ ទើបសិប្បកម្មនោះក្ស័យធន ហើយថៅកែវេចបង្វេចរត់ចោលកម្មករបែបនេះ ។ ម្យា៉ងទៀតទីតាំងសិប្បកម្មខាងលើក៏ត្រូវបានថៅកែជួលគេក្នុង១ខែតម្លៃជាង៥ពាន់ដុល្លារថែមទៀត មិនមែនជាទីតាំងផ្ទាល់ខ្លួនឡើយ ។ ទោះជាយ៉ាងណា ទាក់ទិននឹងការខាតបង់នោះ មិនត្រូវបានគេប្រាប់ឱ្យដឹងនោះទេ ។
ដោយឡែក អាជ្ញាធរមូលដ្ឋាននិយាយថា កំពុងបង្កើតគណៈកម្មការមួយដើម្បីរកដំណោះស្រាយជូនកម្មករ តែមិនទាន់ដឹងថា ដោះស្រាយតាមវិធីណានៅឡើយទេ ហើយបើចង់ឱ្យមានដំណោះស្រាយលឿនតាមចិត្តដែលពួកគេចង់បានតែម្តងនោះ គឺមិនទាន់ចិត្តឡើយ ។ ចំពោះការដុតបំពក់ភ្លើងបង្កឱ្យមានផ្សែងនោះ លោក ឃឹម ស៊ុនសូដា ដែលជាអភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងចុះទៅកាន់ទីនោះដោយសម្របសម្រួលជាមួយកម្មករឱ្យពួកគេរក្សាការស្ងៀមស្ងាត់ និងឱ្យក្រុមសន្តិសុខសាលាខណ្ឌរុះរើ និងពន្លត់ភ្លើងនោះភ្លាមៗដែរ ព្រោះផ្សែងភ្លើងបានធ្វើឱ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ