ខេត្តត្បូងឃ្មុំ ៖ រឿងរ៉ាវលោកនេនលួចបច្ច័យចៅអធិការវត្តពាមមង្គល ចំនួនជាង២.០០០ដុល្លារ និង២លាន៤០ម៉ឺនរៀល ដែលបានបង្កឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី១៨ កក្កដា ទីបំផុត លោកនេនដែលជាអ្នកលួចក៏ត្រូវបានចាប់ខ្លួន ហើយកម្លាំងសមត្ថកិច្ចបានបញ្ជូនទៅដាក់នៅពន្ធនាគារខេត្ត កាលពីល្ងាចថ្ងៃទី២៣ កក្កដា បន្ទាប់ពីចៅក្រមចេញដីកាបង្គាប់ឱ្យឃុំខ្លួន ។
តាមការសារភាពរបស់អតីតនេនរពឹសដៃលួចបច្ច័យចៅអធិការ និយាយថា ប្រាក់ដែលលួចបាននោះត្រូវស្រីបម្រើផ្លូវភេទលួចបន្ត ។ ទីបំផុត ស្ត្រីជាប់ចោទទាំង២នាក់ត្រូវបានចាប់ខ្លួនផងដែរ ។ តាមមន្ត្រីនគរបាលស្រុកត្បូងឃ្មុំប្រាប់ឱ្យដឹងថា អតីតនេនឈ្មោះ យ៉ា ផ្លៃ អាយុ១៩ឆ្នាំ រស់នៅភូមិមាឃទី៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ត្រូវបានចៅក្រមសើុបសួរលោកគង់ ចាន់ខេមរិទ្ធ ចេញដីកាឃុំខ្លួនកាលពីល្ងាចថ្ងៃទី២៣ កក្កដា ដោយចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស និងស្ត្រីរកស៊ីផ្លូវភេទឈ្មោះ ស្រុង ស៊ីថា អាយុ២១ឆ្នាំ រស់នៅភូមិជីមាន់ជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានចៅក្រមសើុបសួរលោកស៊ិន វីរៈ ចេញដីកាឃុំខ្លួននៅព្រឹកថ្ងៃទី២៤ កក្កដា ចោទពីបទលួច ។
មន្ត្រីនគរបាលស្រុកត្បូងឃ្មុំរំលឹកថា នៅវេលាម៉ោង១រសៀលថ្ងៃទី១៨ កក្កដា ស្របពេលចៅអធិការវត្តពាមមង្គល ស្ថិតនៅភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ និមន្តចេញទៅក្រៅវត្តសូត្រមន្តឱ្យអ្នកស្រុកក្នុងកម្មវិធីមួយ និងចាក់សោទ្វារកុដិត្រឹមត្រូវ គ្រានោះស្រាប់តែអតីតនេនឈ្មោះ យ៉ា ផ្លៃ យកពូថៅទៅកាប់បំបែកទ្វារបន្ទប់របស់ចៅអធិការវត្តចូលលួចយកបច្ច័យអស់ជាង២.០០០ដុល្លារ និងលុយខ្មែរ២លាន៤០ម៉ឺនរៀល រួចគេចខ្លួនមកដេកនៅផ្ទះបនមួយកន្លែងស្ថិតនៅភូមិចុងថ្នល់ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។ យប់នោះគេដេកសប្បាយជាមួយនឹងស្ត្រីរកស៊ីផ្លូវភេទដល់ទៅ២បន្ទប់ និងមានស្ត្រីកំដរ២នាក់ផងដែរ រហូតដល់ព្រឹកថ្ងៃទី១៩ កក្កដា ស្រាប់តែបាត់លុយដែលរូបគេលួចពីចៅអធិការវត្តអស់រលីង ហើយពួកនាងៗក៏បាត់ខ្លួនដែរ ដោយពួកគេបានជិះម៉ូតូទៅស្រុកកំណើតនៅស្រុកស្ទឹងត្រង់វិញ រហូតដល់ព្រឹកថ្ងៃទី២០ កក្កដា ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនតែម្តង រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ។
មន្ត្រីនគរបាលស្រុកត្បូងឃ្មុំបញ្ជាក់ថា តាមចម្លើយសារភាពរបស់អតីតនេនយ៉ា ផ្លៃ និងក្រោមកិច្ចសហការជាមួយនគរបាលក្រុងកំពង់ចាមនោះ ស្ត្រីរកស៊ីផ្លូវភេទ២នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២២ កក្កដា ក្នុងនោះម្នាក់ឈ្មោះ នៅ ស្រីមុំ អាយុ១៩ឆ្នាំ មានទីលំនៅស្រុកអង្គស្នួល ខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះ ស្រុង ស៊ីថា អាយុ២១ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តនារសៀលថ្ងៃទី២៣ កក្កដា ។ ក្រោយពីសួរនាំរួចឃើញថា ករណីនេះមិនមានពាក់ព័ន្ធនឹងឈ្មោះស្រីមុំ ទេ ទើបត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។ ទន្ទឹមនឹងនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ស្ត្រីម្នាក់ទៀតឈ្មោះ ស្រីភ័ក្រ អាយុ១៩ឆ្នាំ ដែលកំពុងរត់គេចខ្លួន ៕
ចែករំលែកព័តមាននេះ