រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកស័រហ្គេយ ឡាវរ៉ូវ ថ្លែងកាលពីថ្ងៃទី២៣ មេសាថា ប្រទេសរុស្ស៊ីនឹងបញ្ចេញប្រតិកម្ម ប្រសិនបើផលប្រយោជន៍ ឬពលរដ្ឋខ្លួនប្រឈមមុខនឹងការវាយប្រហារដោយផ្ទាល់មួយ ។ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រុស្ស៊ី RUSSIA TODAY លោកឡាវរ៉ូវ មានប្រសាសន៍ថា ប្រសិនបើបណ្តាផលប្រយោជន៍ស្របច្បាប់របស់យើង និងផលប្រយោជន៍របស់ពលរដ្ឋរុស្ស៊ីរងការវាយប្រហារដោយផ្ទាល់ ខ្ញុំពុំសម្លឹងឃើញលទ្ធភាពដទៃទៀតក្រៅពីការឆ្លើយតបវិញយោងទៅតាមច្បាប់អន្តរជាតិឡើយ ។ លោកអះអាងថា ការវាយប្រហារប្រឆាំងពលរដ្ឋរុស្ស៊ី គឺជាការវាយប្រហារប្រឆាំងសហព័ន្ធរុស្ស៊ី ក៏ប៉ុន្តែបែបនោះជាសេណារីយូ៉អាក្រក់បំផុតសម្រាប់វិបត្តិនយោបាយនៅអ៊ុយក្រែន ។
យោងតាមលោកឡាវរ៉ូវថា សភាពការណ៍នៅអ៊ុយក្រែន គឺជាគំរូថ្មីមួយនៃការបុ៉នប៉ងរបស់អាមេរិកដើម្បីវាតទីក្នុងការតស៊ូខាងភូមិសាស្ត្រនយោបាយ ។ លោកបន្តថា ពួកអាមេរិកត្រូវតែយល់ថា ខ្លួនពុំអាចដើរបញ្ជាគេឯងគ្រប់ទីកន្លែងនៃផែនដីឡើយ ។ បណ្តាដំណោះស្រាយដែលធ្វើដោយសហរដ្ឋអាមេរិកពុំអាចដោះស្រាយវិបត្តិនៅអ៊ុយក្រែនឡើយ ពីព្រោះក្រុងវ៉ាស៊ីនតោនពុំស្គាល់ពីមូលហេតុពិតប្រាកដទាំងឡាយនៃវិបត្តិនេះ ។
សហរដ្ឋអាមេរិក រុស្ស៊ី សហភាពអឺរ៉ុប និងអ៊ុយក្រែន បានជួបប្រជុំគ្នានៅក្រុងហ្សឺណែវ កាលពីថ្ងៃទី១៧ មេសា ដើម្បីបុ៉នប៉ងរកដំណោះស្រាយមួយនៃវិបត្តិ ។លោកឡាវរ៉ូវ ចោទប្រកាន់រដ្ឋាភិបាលអ៊ុយក្រែនថា ដើរថយក្រោយពុំគោរពកិច្ចសន្យាក្រុងហ្សឺណែវស្តីពីការបញ្ឈប់អំពើហិង្សា ។ លោកបញ្ជាក់ថា នៅក្រុងហ្សឺណែវយើងបានព្រមព្រៀងគ្នាថា ត្រូវបញ្ចប់រាល់អំពើហិង្សា តែនាវេលារសៀលថ្ងៃបន្ទាប់ប្រធានាធិបតីស្តីទីអ៊ុយក្រែនលោកអូឡេកសាន់ដ្រ៍ តួកជីណូវ បែរជាប្រកាសភាពអាសន្ន ហើយចេញបញ្ជាឱ្យកងទ័ពបាញ់ប្រហារលើប្រជាជន ។ លោកចាត់ទុកអំពើទាំងនោះថាជាបទឧក្រិដ្ឋ ។
លោកឡាវរ៉ូវ ក៏អះអាងផងដែរថា ការពង្រឹងកងទ័ពរុស្ស៊ីនៅក្បែរព្រំដែនអ៊ុយក្រែន គឺស្របតាមច្បាប់អន្តរជាតិ ។ លោកពន្យល់ថា កងទ័ពទាំងនេះធ្វើសមយុទ្ធយោធាជាទម្លាប់ ហើយលោកបដិសេធពីវត្តមានយោធារុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ។ អង្គការអូតង់ចាប់អារម្មណ៍ខ្លាំងបំផុតចំពោះការគំរាមកំហែងរបស់រុស្ស៊ីដែលថា ត្រៀមធ្វើ អន្តរាគមន៍ប្រសិនបើផលប្រយោជន៍របស់ខ្លួនរងការគំរាមកំហែងនៅភាគខាងកើតអ៊ុយក្រែន ។កាលពីថ្ងៃទី២៣ មេសា អគ្គលេខាធិការរងអូតង់ លោក ALEXANDER VERSHBOW បានថ្កោលទោសយ៉ាងខ្លាំងចំពោះវោហាសាស្ត្រនេះរបស់ក្រុងមូស្គូ ដែលលោកចោទថា ប្រាសចាកពីការពិតនៅអ៊ុយក្រែន ។ អគ្គលេខាធិការរងអូតង់រូបនេះវាយតម្លៃថា ការប្រើប្រាស់ភាសាគំរាមកំហែង និងការធ្វើសមយុទ្ធយោធាថ្មីៗជិតព្រំដែនអ៊ុយក្រែនបង្កើនភាពតានតឹងដល់សភាពការណ៍ដែលតានតឹងស្រាប់ហើយរំលោភបំពានស្មារតីនៃកិច្ចព្រមព្រៀងក្រុងហ្សឺណែវ ។
ពេលមានភាពតានតឹងខ្លាំងនេះ គេឃើញមានបណ្តាយន្តហោះប្រដេញបារាំងហោះហើរនៅពីលើតំបន់បាល់ទិក ។ យន្តហោះប្រដេញ៤គ្រឿងដែលបារាំងបញ្ជូនមកសម្រាប់អង្គការអូតង់ គឺដើម្បីហោះត្រួតពិនិត្យដែនអាកាសរបស់បណ្តាប្រទេសនៅតំបន់បាល់ទិក ។ យន្តហោះទាំងនេះធ្វើប្រតិបត្តិការចេញពីមូលដ្ឋានអាកាសចរណ៍នៅប៉ូឡូញ ។ បារាំងបានស្នើដាក់ពង្រាយយន្តហោះប្រដេញធុន MIRAGE 2000 ឬយន្តហោះធុន RAFALE ក្នុងតំបន់ ព្រោះប្រទេសលីទុយអានី អេស្តូនី និងឡេតួនី ពុំមានកងកម្លាំងអាកាស ។ ម្យ៉ាងវិញទៀត យន្តហោះរ៉ាដាធុន AWACS ១គ្រឿងរបស់បារាំងហោះហើរលើប្រទេសរូម៉ានី ។
សញ្ញានៃភាពតាងតឹនមួយទៀតនៅអង់គ្លេសបណ្តាយន្តហោះប្រដេញត្រូវបានបញ្ជូនទៅកាលពីថ្ងៃទី២៣ មេសា ក្រោយពីយន្តហោះយោធារុស្ស៊ី២គ្រឿងត្រូវបានកត់សម្គាល់ឃើញស្ថិតនៅក្បែរភាគខាងជើងតំបន់អេកូស ។ចំណែកសហរដ្ឋអាមេរិកវិញបានបង្ហាញពីការធានាចំពោះបណ្តាសម្ព័ន្ធមិត្តស្ថិតនៅជិតខាងអ៊ុយក្រែន ។ កងទាហានអាមេរិកមួយក្រុមមានមនុស្ស១៣០នាក់ត្រូវបានបញ្ជូនមកកាន់ប្រទេសប៉ូឡូញកាលពីថ្ងៃទី២០ មេសា ។ មុននេះក្រុងវ៉ាស៊ីនតោនប្រកាសពីការបញ្ជូនទាហានអាមេរិកប្រមាណ៦០០នាក់ដើម្បីចូលរួមធ្វើសមយុទ្ធនៅប៉ូឡូញ និងក្នុងបណ្តាប្រទេសនៅបាល់ទិក ។
ប្រធានាធិបតីអាមេរិកក្នុងឱកាសនៃសន្និសីទសារព័ត៌មានមួយនៅក្រុងតូក្យូ កាលពីថ្ងៃទី២៤ មេសា បានចោទប្រកាន់រុស្ស៊ីថា មិនគោរពកិច្ចព្រមព្រៀងក្រុងហ្សឺណែវដើម្បីសម្រាលភាពតានតឹងនៅអុ៊យក្រែន ហើយគំរាមដាក់ទណ្ឌកម្មថ្មីៗទៀតប្រឆាំងរុស្ស៊ី ។ លោកអូបាម៉ា បរិហារឥរិយាបថរបស់រុស្ស៊ីដែលលោកថា មិនគោរពកិច្ចព្រមព្រៀងក្រុងហ្សឺណែវដែលគ្រោងឱ្យមានការរំសាយអាវុធរបស់បណ្តាក្រុមមិនស្របច្បាប់ទាំងឡាយ ៕
ចែករំលែកព័តមាននេះ