ខណៈដែលប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ចាកចេញពីប្រទេសដើម្បីបំពេញទស្សនកិច្ចក្នុងប្រទេសនៅអាស៊ី សេតវិមានគូសបញ្ជាក់កាលពីថ្ងៃទី២២ មេសា ថា សហរដ្ឋអាមេរិកតាមដានយ៉ាងប្រកិតពីលទ្ធភាពបង្កហេតុនានារបស់កូរ៉េខាងជើង ។លោក Jay Carney អ្នកនាំពាក្យសេតវិមានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា កូរ៉េខាងជើងមានទម្លាប់ធ្វើការបង្កហេតុនានា ហើយយើងមានការប្រុងប្រយ័ត្ន ចំពោះបណ្តាគ្រោះថ្នាក់នៃសកម្មភាពបែបនោះ ដែលអាចកើតមាន ។
អ្នកនាំពាក្យសេតវិមាននិយាយទៅកាន់ក្រុមអ្នកកាសែតនេះក្នុងយន្តហោះ Air Force One ខណៈពេលលោក អូបាម៉ា កំពុងជិះសម្រាប់ដំណើរទស្សនកិច្ចរយៈពេល១សប្តាហ៍របស់លោកនៅអាស៊ីដែលនឹងនាំលោកទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងហ្វ៊ីលីពីន ។ក្រសួងការពារប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២២ មេសា បានព្រមានពីលទ្ធភាពនៃការសាកល្បងនុយក្លេអ៊ែរ គួរឱ្យភ្ញាក់ផ្អើលថ្មីរបស់កូរ៉េខាងជើង ដោយលើកឡើងពីការកត់សម្គាល់ឃើញសកម្មភាពយ៉ាងមមាញឹកក្នុងទីតាំងសាកល្បងនុយក្លេអ៊ែរក្រោមដីរបស់ប្រទេសនេះ ។
លោក Carney ឱ្យដឹងថាសហរដ្ឋអាមេរិក បានដឹងពីបណ្តាសកម្មភាពរបស់កូរ៉េខាងជើង ដោយលោកនិយាយថា កូរ៉េខាងជើងអាចធ្វើការបង្កហេតុនានា ។លោក អូបាម៉ា ត្រូវទៅដល់កូរ៉េខាងត្បូងនាថ្ងៃទី២៥ មេសា ហើយស្នាក់នៅទីនោះរយៈពេល២ថ្ងៃ បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅប្រទេសជប៉ុន ។កូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរ ៣លើកមកហើយ ចាប់តាំងពីឆ្នាំ២០០៦មក ដោយការសាកល្បងចុងក្រោយធ្វើកាលពីខែកុម្ភៈ ឆ្នាំ២០១៣ ៕
ចែករំលែកព័តមាននេះ