ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ពូហាក់ និង មីងឈាន) បទកាកគតិ ដោយ ព្រុំ គឹមជឿន

14 ឆ្នាំ មុន

– ពូ​ហាក់ មីង​ឈាន មិន​ក្រ​មិន​មាន រស់នៅ​ក្នុងភូមិ
ពូ​ហាក់​តូច​ល្អិត មីង​ឈាន​មាឌធំ ញឹ​ម​ៗ ងំ​ៗ មិនសូវ​វាចា ។

– ពូ​ហាក់ មីង​ឈាន          មិន​ក្រ​មិន​មាន         រស់នៅ​ក្នុងភូមិ
   ពូ​ហាក់​តូច​ល្អិត             មីង​ឈាន​មាឌធំ       ញឹ​ម​ៗ ងំ​ៗ             មិនសូវ​វាចា   ។
– ថ្វីបើ​តូច​ល្អិត                អ្នកផង​ចូល​ចិត្ដ         ពូ​បាន​វោហា
   ពូកែ​ព្រោកប្រាជ្ញ           គ្មាន​ទាល់​ត្រង់​ណា      ស្ដាប់​គាត់​ចរចា       ជក់ចិត្ដ​ឥត​ទាស់​។
– តែ​មាន​ម្ដងម្កាល           ដែល​គាត់​តំណាល      ពី​រឿង​ទោមនស្ស
   ថា​វាយ​ប្រពន្ធ              ប្រើ​ឱ្យ​ក្រាប​ចុះ          មីង​តាម​ទាំងអស់    ព្រោះ​មីង​ខ្លាច​ប្ដី  ។
– ពេល​ខ្លះ​ជាំមុខ              ពូ​ថា​ដើរ​បុក             ជង្រុក​ស្រូវ​ថ្មី
   ជួន​ថា​បុក​ទ្វារ               ជា​ប្រក្រតី               រួច​ចុះ​មនុស្ស​អី        ប្រហែស​អស្ចារ្យ ។
– ចៃដន្យ​ម្ង៉ៃ​នោះ             គាត់​មាន​ជម្លោះ         នៅ​ក្នុង​គ្រួសារ
   ឮ​តែ​គាត់​ស្រែក             កោ​ក​កាក​ឡូឡា        ម្នាក់​ៗ​គិត​ថា          គាត់​វ៉ៃ​ប្រពន្ធ ។
– បើ​តាមតែ​ស្ដាប់             មីង​ពិត​ក្បែរ​ស្លាប់       ច្បាស់​ទ្រម​ខ្លួន​ធ្ងន់
   ព្រោះ​សម្លេង​ពូ              ខ្លាំងក្លា​អនន្ដ             អ្នក​ភូមិរ​ហន់         ស្ទុះ​ស្រ​ទៅ​មើល៍​។
– ពូ​ហាក់​ផ្ងារជើង              ចំណែក​មីង​យើង       ជិះ​ជាប់​ពីលើ
   នៅ​ក្រោម​គេ​សោះ          ធ្វើ​ឬក​គ្រាន់បើ          មាត់​ស្រែក​បណ្ដើរ   “​ហង​រាង​ឬ​នៅ?​”​។
– គ្រប់​គ្នា​ចង់​សើច              តែ​ទប់​សំណើច          ព្រោះ​វា​មិន​ត្រូវ
   អួត​វាយ​ប្រពន្ធ               ចុះ​ម្ដេច​ឥឡូវ             គេ​សង្កត់​ភ្លៅ          រើ​បែកញើស​ស្អិត​។
– ដល់​ឃើញ​ទើប​ដឹង           ពី​មុន​ខំប្រឹង              តែ​ជួយ​អាណិត
   មីង​ស្លូត​ឯណា                គឺ​ខ្លា​ញី​ពិត               ធ្វើ​ឱ្យ​ទាស់ចិត្ដ         បោក​ដូច​កង្កែប ។
– ពូ​ហាក់​អន់ចង់                គេ​មើល​រហង់            លែង​ខ្មាស់់​ពេប​ស្បែប
   ពូ​ហាក់​មីង​ឈាន             ចប់​ដោយ​សង្ខេប        រឿងរ៉ាវ​ច្រើន​បែប   មាននៅ​លេខ​ក្រោយ​។


ដោយ ព្រុំ គឹមជឿន
prumkimchoeun@gmail.com