រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២ មិថុនា ឆ្នាំ២០១០ នេះតុលាការកំពូលបានបើក សវនាការជំនុំជំរះក្ដីក្ដាំបរិហារកេរ្ដិ៍ដែលអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំរវាង សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងលោកស្រីមូរ សុខហួរ សមាជិកសភាមកពី គណបក្សសម រង្ស៊ី ដែលនេះជាបណ្ដឹងសាទុក្ខរបស់លោកស្រីមូរ សុខហួរ ជំទាស់នឹងការកាត់ទោសលោកស្រីពីបទបរិហារកេរ្ដិ៍ឱ្យបង់ប្រាក់១៦,៥លានរៀល កាលពីខែសីហា ឆ្នាំមុនរបស់សាលាដំបូងរាជធានីភ្នំពេញ និងការតម្កល់ការសំរេចរបស់សាលាឧទ្ធរណ៍ ។
នៅក្នុងសវនាការជំនុំជំរះនាព្រឹកនេះ មានអ្នកចូលរួមស្ដាប់ និងសង្កេតប្រមាណ២០០នាក់ មកពីគណបក្សនយោបាយ តំណាងរាស្ដ្រ មន្ដ្រីរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលនានា ។ មានចៅក្រម៥នាក់ ប្រធានចៅក្រម ជំនុំជំរះគឺលោកខឹម ផុន, ព្រះរាជអាជ្ញាលោកឈួន ចន្ថា, ក្រឡាបញ្ជីលោកឈាង វ៉ាន់ថា, មេធាវីដើមចោទរបស់សម្ដេចតេជោ ហ៊ុន សែន គឺលោកគី តិច, ចំណែកលោកស្រី មូរ សុខហួរ គ្មានមេធាវីទេ គឺខ្លួនលោកស្រី ផ្ទាល់ជាអ្នកឆ្លើយចំពោះមុខការចោទសួរ ។
គួររំលឹកថា នៅក្នុងបទសម្ភាសន៍មួយនៅឯទីស្នាក់ការកណ្ដាលរបស់គណបក្សសម រង្ស៊ី ក្នុងក្រុងភ្នំពេញ លោកស្រីមូរ សុខហួរ បានបញ្ជាក់ថា ប្រសិនបើតុលាការកំពូលតម្កល់សាលដីកាសាលាឧទ្ធរណ៍ លោកស្រីនឹងមិន បង់ប្រាក់ពិន័យដែលតុលាការកំណត់នោះ ឡើយ ហើយសុខចិត្ដជាប់ពន្ធនាគារដើម្បី បុព្វហេតុរបស់លោកស្រី គោលជំហររបស់ លោកស្រីគឺនៅដដែល លោកសីមិនខ្លាចពន្ធនាគារទេ ។ លោកគី ធិច មេធាវីរបស់សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា លោកជឿថា លោកមានភស្ដុតាងគ្រប់គ្រាន់ដើម្បី បង្ហាញថា លោកស្រីមូរ សុខហួរ បានបរិហារ កេរ្ដិ៍កូនក្ដីរបសលោក ប៉ុន្ដែសេចក្ដីសំរេចចុងក្រោយ គឺស្ថិតលើចៅក្រមរបស់តុលាការកំពូល។
លោកគី តិច មេធាវីរាជរដ្ឋាភិបាល តំណាងដើមចោទសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រសិនបើតុលាការ កំពូលតម្កល់សាលដីកាដើម ហើយលោកស្រី មូរ សុខហួរ នៅតែបដិសេធមិនបង់ប្រាក់ ពិន័យ ឬជំងឺចិត្ដនោះ លោកនឹងស្នើឱ្យតុលា ការចាត់វិធានការ ។ តាមមាត្រា៥២៤នៃ ក្រមនីតិវិធីព្រហ្មទណ្ឌជនណាដែលតុលាការ ព្រហ្មទណ្ឌសំរេចថា មានពិរុទ្ធ អាចជាប់ពន្ធ នាគារ ប្រសិនបើជននោះមិនបង់ប្រាក់ពិន័យ ឬប្រាក់ជំងឺចិត្ដ ឬសំណងការខូចខាត ដែល តុលាការបានកំណត់ទេនោះ ។ បើតាមក្រមនេះ ប្រាក់ពិន័យប្រមាណ៤.១០០ដុល្លារ ដូច ដែលតម្រូវឱ្យលោកស្រីមូរ សុខហួរ បង់កាលនៅតុលាកាក្រុងភ្នំពេញនោះ អាចនាំឱ្យមានទោសជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ។
ចែករំលែកព័តមាននេះ