ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា បានអនុម័តកាលពីថ្ងៃទី២៤ កុម្ភៈ នូវកិច្ចព្រមព្រៀងសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិលមួយជាមួយប្រទេសវៀតណាម ដែលកិច្ចព្រមព្រៀងនោះនឹងអនុញ្ញាតឱ្យមានការនាំចេញរបស់អាមេរិកនូវបច្ចេកវិទ្យា និងសម្ភារនុយក្លេអ៊ែរស៊ីវិលទៅកាន់ប្រទេសនៅអាស៊ីអាគ្នេយ៍នោះ ។
ក្នុងកំណត់ហេតុប្រគល់ដល់រដ្ឋមន្ត្រីការបរទេសអាមេរិក លោកចនគ័ររី និងដល់រដ្ឋមន្ត្រីថាមពល លោក ERNEST MONIZ ប្រធានាធិបតីអាមេរិក បានផ្តល់ការយល់ស្របរបស់លោកចំពោះកិច្ចព្រមព្រៀងដែលស្នើឱ្យមានកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ផ្តោតលើការប្រើប្រាស់ដោយសន្តិវិធីនូវថាមពលនុយក្លេអ៊ែរ ហើយដែលក៏អនុញ្ញាតផងដែរដល់លោកគ័ររី ឱ្យធ្វើការសម្របសម្រួលដើម្បីដាក់ឱ្យអនុវត្ត ។
លោកអូបាម៉ា មានប្រសាសន៍ថា ខ្ញុំមានជំនឿជាក់ថា ការអនុវត្តកិច្ចព្រមព្រៀងនោះនឹងជួយជំរុញដល់កិច្ចការពារ និងសន្តិសុខរួម ហើយវានឹងពុំមែនជាគ្រោះថ្នាក់មិនសមហេតុផលមួយនោះឡើយ ។សភាអាមេរិកមានរយៈពេល៩០ថ្ងៃដើម្បីពិនិត្យកិច្ចព្រមព្រៀងនេះ រួចឯកសារនោះនឹងចូលជាធរមានដោយគ្មានការជំទាស់ចម្បងរបស់បណ្តាសមាជិកសភាឡើយ ។
យោងតាមកិច្ចព្រមព្រៀងដែលចុះហត្ថលេខាកាលពីខែតុលាកន្លងមកនេះ ប្រទេសវៀតណាមសន្យាទិញអ៊ុយរ៉ានីញ៉ូមចម្រាញ់ពីទីផ្សារអន្តរជាតិដោយពុំចម្រាញ់ខ្លួនឯងឡើយ ។លោកចនគ័ររី ធ្លាប់ថ្លែងកាលពីឆ្នាំទៅមិញថា តម្លៃនៃកម្មវិធីនុយក្លេអ៊ែរវៀតណាម នឹងមានដល់ទៅ៥០ពាន់លានដុល្លារឯណោះរហូតដល់ឆ្នាំ២០៣០ ៕
ចែករំលែកព័តមាននេះ