ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើពុករលួយចាក់ស្រែះ! ៦០%នៃយុវជន-យុវ តីអាហ្វ្រិកចង់ចាកចេញពីប្រទេស កំណើត

1 អាទិត្យ មុន

បរទេស ៖ យោងតាមការស្ទង់មតិមួយបានបង្ហាញថា ៦០% នៃយុវជន និងយុវតីនៅទ្វីបអាហ្វ្រិកកំពុងស្វែងរកការចាកចេញពីប្រទេសកំណើតពួកគេ ដោយសារតែអំពើពុករលួយចាក់ស្រែះរកផ្លូវចេញពុំឃើញ ដែលគំរាមកំហែងដល់អនាគតរបស់ពួកគេ។ នេះបើយោងតាមការស្ទង់មតិលើយុវវ័យជាង ៥,៦០០នាក់នៅក្នុងប្រទេសចំនួន…

បរទេស ៖ យោងតាមការស្ទង់មតិមួយបានបង្ហាញថា ៦០% នៃយុវជន និងយុវតីនៅទ្វីបអាហ្វ្រិកកំពុងស្វែងរកការចាកចេញពីប្រទេសកំណើតពួកគេ ដោយសារតែអំពើពុករលួយចាក់ស្រែះរកផ្លូវចេញពុំឃើញ ដែលគំរាមកំហែងដល់អនាគតរបស់ពួកគេ។ នេះបើយោងតាមការស្ទង់មតិលើយុវវ័យជាង ៥,៦០០នាក់នៅក្នុងប្រទេសចំនួន ១៦ ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ប្រភពពីសារព័ត៌មាន AFP និង South China Morning Post នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានរាយការណ៍ថា មូលនិធិ Ichikowitz Family Foundation ដែលមានទីស្នាក់ការនៅក្នុងទីក្រុងចូហានណេសបឺក (Johannesburg) ប្រទេសអាហ្រ្វិកខាងត្បូង ដែលបានធ្វើការស្ទង់មតិយុវវ័យចំនួន ៥,៦០៤នាក់ ដោយមានអាយុចាប់ពី ១៨ ដល់ ២៤ឆ្នាំ បានអះអាងថា អំពើពុករលួយត្រូវបានមើលឃើញថាជាឧបសគ្គដ៏ធំបំផុតតែមួយគត់ ដែលពួកគេប្រឈមមុខ ដើម្បីសម្រេចបានគោលដៅផ្ទាល់ខ្លួន និងរស់នៅក្នុងជីវិតកាន់តែប្រសើរឡើង។

ភាគច្រើនពួកគេមិនជឿថា រដ្ឋាភិបាលប្រទេសពួកគេកំពុងធ្វើការងារគ្រប់គ្រាន់ ដើម្បីដោះស្រាយវិបត្តិនេះទេ។ ខណៈដែលស្ទើរតែ ៦០% នៃយុវជន និងយុវតីទ្វីបអាហ្រ្វិកកំពុងស្វែងរកការធ្វើចំណាកស្រុកចេញពីប្រទេសកំណើតពួកគេក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ការស្ទង់មតិឆ្នាំ ២០២៤ របស់មូលនិធិ Ichikowitz Family Foundation បានបង្ហាញថាមានវិសាលភាព និងទំហំមិនអាចប្រៀបផ្ទឹមបាន ត្រូវបានធ្វើឡើងតាមរយៈការសម្ភាសន៍ទល់មុខគ្នា កាលពីខែមករា និងខែកុម្ភៈ កន្លងទៅ នៅក្នុងបណ្តាប្រទេសរាប់ចាប់ពីប្រទេសអាហ្វ្រិកខាងត្បូង រហូត ដល់ប្រទេសអេត្យូពី។ ហើយនៅក្នុងនោះ តំបន់អាមេរិកខាងជើង គឺជាជម្រើសកំពូលសម្រាប់ការធ្វើចំណាកស្រុកសម្រាប់ពួកគេ បន្ទាប់មកបណ្តាប្រទេសនៅអឺរ៉ុបខាងលិចដូចជា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ។

ភាគច្រើននៃអ្នកត្រូវបានស្ទង់មតិបានអះអាងថា ឥទ្ធិពលបរទេសគឺជាបញ្ហាចម្បង។ ហើយពួកគេព្រួយបារម្ភអំពីប្រទេសកំណើតរបស់ពួកគេ ដែលត្រូវបានកេងប្រវ័ញ្ចដោយក្រុមហ៊ុនបរទេស ជា ពិសេសទ្រព្យសម្បត្តិរ៉ែធម្មជាតិរបស់ពួកគេ ដែលត្រូវបានជីកយក និងនាំចេញដោយគ្មានផលប្រយោជន៍បន្ថែមទៀតដល់ប្រជាជនដែលជាម្ចាស់ប្រទេស។

យោងតាមមូលនិធិ Mo Ibrahim បានឱ្យដឹងថា អាហ្រ្វិក គឺជាទ្វីបមានប្រជាជនវ័យក្មេងច្រើនជាងគេ និងលូតលាស់លឿនបំផុតរបស់ពិភពលោក។ អាយុជាមធ្យមនៅទ្វីបអាហ្រ្វិកនៅក្នុងឆ្នាំ ២០២០ គឺ ១៩.៧ឆ្នាំ បើប្រៀបធៀបទៅនឹងអាយុ ៣១ឆ្នាំ នៅអាមេរិកឡាទីន ៣៨.៦ឆ្នាំ នៅអាមេរិកខាងជើង និង ៤២.៥ នៅអឺរ៉ុប។ ធនាគារអភិវឌ្ឍន៍អាហ្រ្វិកលើកឡើងថា ទ្វីបអាហ្រ្វិក គឺជាផ្ទះរបស់យុវជន យុវតីជិត ៤២០លាននាក់ ដែលមានអាយុពី ១៥-៣៥ឆ្នាំ ដែលមួយភាគបីនៃពួកគេគ្មានការងារធ្វើ។ ចំនួនប្រជាជនត្រូវបានរំពឹងថានឹងកើនឡើងទ្វេដងដល់ជាង ៨៣០លាននាក់ នៅឆ្នាំ ២០៥០។

ការស្ទង់មតិលើយុវជន និងយុវតីអាហ្វ្រិកឆ្នាំ ២០២៤ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន​ប្រឹក្សា​យោបល់​ PSB Insights នៅក្នុងប្រទេសបូតស្វាណា, កាមេរូន, ឆាដ (Chad), កុងហ្គោ-ប្រាហ្សាវីល, កូតឌីវ័រ, អេត្យូពី, ហ្គាបុង, ហ្គាណា, កេនយ៉ា, ម៉ាឡាវី, ណាមីប៊ី, នីហ្សេរីយ៉ា, រវ៉ាន់ដា, អាហ្វ្រិកខាងត្បូង, តង់ហ្សានី និងប្រទេសហ្សាំប៊ី៕ ប្រភព ៖ AFP និង South China Morning Post

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ