ប្រទេសកូរ៉េខាងត្បូង ៖ គីមឈី (Kimchi) ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េខាងត្បូង កំពុងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ដោយនៅក្នុងនោះបណ្តាអ្នកវិទ្យាសាស្ត្រ កសិករ និងអ្នកផលិតបានលើកឡើងថា គុណភាព និងបរិមាណស្ពៃបូកគោ (Napa Cabbage) កំពុងរងផលប៉ះពាល់ដោយសារការកើនឡើងសីតុណ្ហភាព។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។
ស្ពៃបូកគោសម្រាប់ធ្វើគីមឈីលូតលាស់ក្នុងអាកាសធាតុត្រជាក់ ហើយជាធម្មតាត្រូវបានដាំនៅតំបន់ភ្នំ ដែលសីតុណ្ហភាពនៅក្នុងរដូវក្តៅកម្រឡើងលើសពី២៥អង្សាសេ ។ ការសិក្សាបង្ហាញថា អាកាសធាតុក្តៅបង្កឡើងដោយបម្រែបម្រួលអាកាសធាតុឥឡូវនេះ កំពុងគំរាមកំហែងដល់ដំណាំស្ពៃសយ៉ាងខ្លាំង ដូច្នេះកូរ៉េខាងត្បូងប្រហែលជាប្រឈមហានិភ័យមិនអាចដាំស្ពៃបូកគោនៅថ្ងៃណាមួយ ព្រោះកំដៅកើនឡើងកាន់តែខ្លាំង ។
លោក លី យ៉ុងជី (Lee Young-gyu) អ្នកជំនាញរោគរុក្ខជាតិ និងអ្នកជំនាញខាងមេរោគបាននិយាយថា យើងសង្ឃឹមថា ការព្យាករណ៍ទាំងនេះមិនកើតឡើងទៅចុះ។ ស្ពៃបូកគោ លូតលាស់ល្អក្នុងអាកាសធាតុត្រជាក់ និងសម្របខ្លួនទៅនឹងសីតុណ្ហភាពល្អបំផុត គឺចន្លោះពី១៨ ទៅ២១ អង្សាសេ»។
បច្ចុប្បន្ននេះ កសិករ អ្នកផលិត និងអ្នកទទួលទានគីមឈី កំពុងមានអារម្មណ៍ប្លែកអំពីរសជាតិរបស់វារួចទៅហើយ។ តួយ៉ាង គីមឈីត្រូវបានផលិតចេញពីបន្លែផ្សេងទៀតដូចជា រ៉ាឌី ត្រសក់ និងដើមខ្ទឹមបៃតង ប៉ុន្តែម្ហូបប្រពៃណីកូរ៉េខាងត្បូងដ៏ពេញនិយមបំផុតមួយនេះ នៅតែផ្អែកយ៉ាងសំខាន់លើរសជាតិស្ពៃបូកគោតែម្តង។
ទិន្នន័យពីទីភ្នាក់ងារស្ថិតិរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងបង្ហាញថា ផ្ទៃដីដាំដុះស្ពៃបូកគោនៅតំបន់ខ្ពង់រាបក្នុងឆ្នាំ២០២៣ គឺតិចជាងពាក់កណ្តាលនៃអ្វីដែលវាមានកាលពី២០ឆ្នាំមុន ពោលចំនួន ៣,៩៩៥ហិកតា ធៀបនឹង៨,៧៩៦ហិកតា ។ យោងតាមរដ្ឋបាលអភិវឌ្ឍន៍ជនបទ ដែលជាអ្នកគិតគូរផ្នែកកសិកម្មរបស់រដ្ឋបានបង្ហាញសេណារីយ៉ូ បម្រែបម្រួលអាកាសធាតុព្យាករណ៍ថា ផ្ទៃដីកសិកម្មនឹងធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល២៥ឆ្នាំខាងមុខ មកនៅត្រឹមតែ ៤៤ហិកតា ដោយមិនមានស្ពៃបូកគោដាំដុះនៅតំបន់ខ្ពង់រាបនៅឆ្នាំ២០៩០ ។
អ្នកស្រាវជ្រាវបានលើកឡើងពីសីតុណ្ហភាពកាន់តែខ្ពស់ ភ្លៀងធ្លាក់ខ្លាំងដែលមិនអាចទាយទុកជាមុនបាន និងចំនួនសត្វល្អិត ដែលកាន់តែពិបាកគ្រប់គ្រងក្នុងរដូវក្តៅដែលកាន់តែក្តៅ និងយូរជាងមុន ជាមូលហេតុនាំឱ្យដំណាំរួមតូច។ ការឆ្លងមេរោគផ្សិត ដែលបំផ្លាញដំណាំក៏មានបញ្ហាជាពិសេសសម្រាប់កសិករផងដែរ ព្រោះវាតែងតែបង្ហាញវត្តមាននៅពេលជិតដល់ការប្រមូលផល។
បម្រែបម្រួលអាកាសធាតុបន្ថែមលើបញ្ហាប្រឈម ដែលប្រឈមមុខនឹងឧស្សាហកម្មគីមឈីរបស់ប្រទេសកូរ៉េខាងត្បូង ដែលកំពុងប្រយុទ្ធនឹងការនាំចូលតម្លៃទាបពីប្រទេសចិនរួចទៅហើយ ដែលភាគច្រើនត្រូវបានបម្រើនៅក្នុងភោជនីយដ្ឋាន ។ ទិន្នន័យគយដែលបានចេញផ្សាយកាលពីថ្ងៃទី២ កញ្ញា កន្លងទៅ បង្ហាញថា ការនាំចូលគីមឈីចាប់ពីដើមឆ្នាំនេះ រហូតដល់ចុងខែកក្កដា បានកើនឡើង ៦.៩% នៅក្នុងតម្លៃ ៩៨.៥លានដុល្លារអាមេរិក ដែលស្ទើរតែទាំងអស់មកពីប្រទេសចិន និងខ្ពស់បំផុតមិនធ្លាប់មានសម្រាប់រយៈពេលនេះ។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានពឹងផ្អែកលើការស្តុកទុក ដើម្បីការពារការឡើងថ្លៃ និងការខ្វះខាត។ ស្របពេលដែលអ្នកវិទ្យាសាស្ត្រក៏កំពុងប្រកួតប្រជែង ដើម្បីបង្កើត ឬបង្កាត់ពូជស្ពៃដែលអាចដុះលូតលាស់ក្នុងអាកាសធាតុក្តៅជាងមុន ដែលធន់នឹងការប្រែប្រួលដ៏ធំនៃទឹកភ្លៀង និងការឆ្លងមេរោគ។ ប៉ុន្តែកសិករមួយចំនួនបារម្ភថា ពូជទាំងនេះនឹងមានតម្លៃថ្លៃជាង ហើយរសជាតិមិនឆ្ងាញ់មិនដូចពូជចាស់៕ (ប្រភព ៖ Reuters)
ចែករំលែកព័តមាននេះ