ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង្ស ​ណយ​ បង្ហាញ​​អារម្មណ៍​​ក្រោយ​​ការ​បិទ​​ផ្លូវ​មិន​​ឱ្យ​ឡើង​​​រេញ​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល​ប្រមាណ​២​ខែ​ហើយ​ ដែល​កីឡា​ករ​ល្បី​ឈ្មោះ​ វង្ស​ ណយ ត្រូវ​មន្ត្រី​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ និង​បណ្តា​ស្ថានីយទូរ​ទស្សន៍​​ទាំង​អស់​រួម​គ្នា​បិទ​ផ្លូវ​មិន​ឱ្យ​លោក​ឡើង​រេញ​ប្រកួត​ឡើយ​ ។

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល​ប្រមាណ​២​ខែ​ហើយ​ ដែល​កីឡា​ករ​ល្បី​ឈ្មោះ​ វង្ស​ ណយ ត្រូវ​មន្ត្រី​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ និង​បណ្តា​ស្ថានីយទូរ​ទស្សន៍​​ទាំង​អស់​រួម​គ្នា​បិទ​ផ្លូវ​មិន​ឱ្យ​លោក​ឡើង​រេញ​ប្រកួត​ឡើយ​ ។ ជាមួយ​នឹង​ការ​បិទ​​ផ្លូវ​ ដែល​បន្ត​អូស​បន្លាយ​ដោយ​មិន​ដឹង​ថា​គេ​បើក​ឱ្យ​វិញ​នៅ​ពេល​​ណា​នោះ​ វង្ស​ ណយ​ បាន​បង្ហាញ​ពី​អារម្មណ៍​តប​នឹង​ស្ថាន​​ការណ៍​​ដ៏​តឹង​​តែង​មួយ​នេះ​ ។

ក្នុង​ជំនួប​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ទី​១០​ កុម្ភៈ​ ក្នុង​ពិធី​ឡើង​គេ​ហ​ដ្ឋាន​ថ្មី​របស់​លោក​គ្រូ​ សុខ សុធន​ នៅ​ម្តុំ​ផ្សារ​ដី​ហុយ​ កីឡា​ករ​ វង្ស​ ណយ​ ប្រាប់​ថា មន្ត្រី​សហ​ព័ន្ធ​បាន​សម្រេច​ដាក់​វិន័យ​មិន​ឱ្យ​លោក​ឡើង​រេញ​ប្រមាណ​ជា​២​ខែ​ហើយ​ ដោយ​សូម្បី​តែ​ការ​ប្រដាល់​នៅ​ក្រៅ​សង្វៀន​ ឱ្យ​តែ​ឆ្លង​កាត់​សហ​ព័ន្ធ​កីឡា​ប្រដាល់​​កម្ពុជា​ គឺ​មិន​មាន​ការ​អនុញ្ញាត​ទាំង​អស់​ ។ ហេតុ​ផល​ដែល​នាំ​ទៅ​ដល់​ការ​បិទ​ផ្លូវ​ជិត​ឈឹង​នា​ពេល​នេះ​ គឺ​បណ្តាល​មក​ពី​ផ្ទុះ​បាតុ​ភាព​លើ​ករណី​ដែល​សង្ស័យ​ថា​លោក​លក់​ខ្លួន​នៅ​លើ​រេញ​ប្រដាល់​ និង​មុន​នេះ​បន្តិច​បាន​ទាត់​ចោល​សំណើ​ឡើង​រេញ​ប្រដាល់​នៅ​ប៉ុស្តិ៍​លេខ​៣​ ដោយ​តក់​ក្រហល់​​ ធ្វើ​ឱ្យ​មន្ត្រី​សហ​ព័ន្ធ​ និង​ក្រុម​អ្នក​រៀប​ចំ​ការ​ប្រកួត​ប្រដាល់​របស់​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៣​ក្តៅ​ស្លឹក​ត្រចៀក​ ។

ក្រោម​សម្ពាធ​ដ៏​តឹង​រុឹង​នេះ​ ទើប​លោក​បាត់​វត្ត​មាន​ទាំង​ស្រុង​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​ និង​ពុំ​សូវ​ស្ទុះ​ស្ទា​ក្នុង​ការ​ហ្វឹក​ហាត់​នា​ពេល​ចុង​ក្រោយ​ ។ វង្ស ណយ​ សារ​ភាព​ថា លោក​ដើរ​ចេញ​ពី​ការ​ហ្វឹក​ហាត់​ច្រើន​សប្តាហ៍​មក​ហើយ​ បន្ទាប់​ពីលោក​មាន​អារម្មណ៍​មិន​ល្អ​ និង​បាក់​ទឹក​ចិត្ត​ ព្រោះ​តែ​ទទួល​វិន័យ​ដ៏​ខ្មៅ​ងងឹត​នោះ​​ ។ លោក​បារម្ភ​ដូច​គ្នា​ពី​ស្ថាន​ភាព​ក្បាច់​គុន​របស់​ខ្លួន​ ប្រសិន​បើ​ការ​ផ្គូ​ផ្គង​ឱ្យ​ឡើង​រេញ​នៅ​តែ​ត្រូវ​បាន​បិទ​ ឯ​កម្លាំង​ចិត្ត​ក្នុង​ការ​ចូល​ក្លិប​ឱ្យ​បាន​ទៀង​ទាត់​ក៏​មិន​សូវ​ពេញ​លេញ​ ។ កន្លង​​មក​ មាន​ករណី​បែប​នេះ​ច្រើន​ដង​​ហើយ​ ដោយ​បាន​ទាំង​ធ្វើ​ឱ្យ​ វង្ស​ ណយ​ ប្រែ​ក្លាយ​ពី​កីឡា​ករ​ដែល​មាន​សន្ទុះ​ និង​សមត្ថ​ភាព​ខ្ពស់​នៅ​លើ​រេញ​ប្រដាល់​ទៅ​ជា​កីឡា​ករ​បាត់​បង់​ក្រេ​ឌីត​ ព្រោះ​តែ​ការ​ប្រកួត​ចាញ់​នោះ​ទៀត​​ផង​ ។ នោះ​មិន​ទាន់​គិត​ដល់​ករណី​ដែល​ត្រូវ​គេ​ចោទ​ថា​បាន​លក់​ខ្លួន​ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​អ្នក​ទស្សនា​រាប់​ម៉ឺន​នាក់​បាត់​បង់​ទំនុក​ចិត្ត​នោះ​ផង ។ ប៉ុន្តែ​ក្រេ​ឌីត​របស់​កីឡា​ក​រ​រូប​នេះ​ បាន​រំកិល​ស្ទុះ​ឡើង​បន្តិច​មក​វិញ​ បន្ទាប់​ពី​គេ​អាច​ផ្តួល​កីឡា​ករ​ដែល​មាន​គ្រឹះ​មាំ​ប្រចាំ​នៅ​ទូរ​ទស្សន៍​បាយ័ន​គឺ​ កែវ​ រំចង់​ ឱ្យ​បរា​ជ័យ​យា៉ង​អាមា៉ស់​បំផុត​នៅ​២​លើក​ជាប់​គ្នា ។

តាម​រយៈ​ជ័យ​ជម្នះ​ផ្ទួន​ៗ​ ដែល​គេ​អាច​និយាយ​បាន​ថា​ ជា​ការ​បំបាក់​កីឡា​ករ​ស្តេច​​ត្រាញ់​ប្រចាំ​នៅ​ស្ថានីយទូរ​ទស្សន៍​បាយ័ន​ កែវ​ រំចង់ ឱ្យ​បាក់​មុខ​នោះ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ស្ទើរ​ពេញ​សង្វៀន​កីឡា​ប្រដាល់​ ដោយ​បាន​ទាំង​ធ្វើ​ឱ្យ​ក្រេ​ឌីត​របស់​គេ​ដែល​ធ្លាប់​រំកិល​ចុះ​ បត់​ក្បាល​ឡើង​តែ​មួយ​ប៉​ប្រិច​ភ្នែក​ទៀត​ផង​ ។ មនុស្ស​ជា​ច្រើន​បាន​ចាត់​ទុក​ថា វង្ស ណយ នឹង​ល្បី​ខ្លាំង​ ហើយ​ឈាន​ដល់​ចំណុច​​កំពូល​ក្នុង​ពិភព​កីឡា​ប្រដាល់​ ខណៈ​ដែល​គេ​ធ្លាប់​មាន​ប្រវត្តិ​វាយ​ផ្តួល​ស្ទើរ​តែ​គ្រប់​កីឡា​ករ​ទាំង​អស់​ទៅ​ហើយ​ ។ នៅ​លើ​បណ្តាញ​សារ​ព័ត៌​មាន​ និង​ការ​លើក​ឡើង​នានា​សុទ្ធ​តែ​ត្រូវ​គេ​ឃើញ​ និង​ឮ​តែ​សំឡេង​កោត​សរ​សើរ​ និង​ផ្អាក​ការ​គិត​រឿង​រិះ​គន់​ពាក់​ព័ន្ធ​នឹង​ថា​ គេ​អន់​ជាង​មុន​ឬ​ជា​កីឡា​ករ​ដែល​មាន​ទម្លាប់​លក់​ខ្លួន​ មិន​អាច​ទុក​ចិត្ត​បាន​ដូច​មុន​ ។ ប៉ុន្តែ​អ្វី​ដែល​លោក​បាន​ទទួល​នោះ​ ហាក់​មិន​នឹង​នរ​ទាល់​តែ​សោះ​ ដែល​នោះ​បណ្តាល​មក​ពី​លោក​គេច​មិន​ផុត​ពី​រឿង​អាស្រូវ​ ស្ទើរ​គ្រប់​ពេល​នៃ​ការ​ប្រកួត​ ។

ក្រុម​មន្ត្រី​ដែល​មាន​រឿង​ពាក់​ព័ន្ធ​ជាមួយ​ វង្ស ណយ​ បាន​ចោទ​ថា​ ការ​បរា​ជ័យ​ និង​រឿង​បោក​គ្រាប់​បែក​ដែល​គេ​បាន​ធ្វើ​ចំពោះ​ប៉ុស្តិ៍​លេខ​៣​ គឺ​ជា​រឿង​ចេត​នា​ ជា​ថ្នូរ​នឹង​លាភ​សក្ការៈ បើ​ទោះ​ជា​ វង្ស​ ណយ​ ផ្ទាល់​បាន​បញ្ជាក់​ពី​ហេតុ​ផល​ច្រើន​លើក​ ដើម្បី​ការ​ពារ​ចំពោះ​ប្រ​ជា​ប្រិយ​ភាព​ខ្លួន​ក្តី​ ។ បើ​ទោះ​ជា​ក្នុង​ចង្កោម​មន្ត្រី​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៣​ និង​មន្ត្រី​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​ និង​មិន​សើ​រើ​ករណីបរា​ជ័យ​ និង​រឿង​សុំ​រំសាយ​ការ​ប្រកួត​បែប​តក់​ក្រហល់​ ដោយ​​អះ​អាង​ប្រាប់​អ្នក​កាសែត​ថា មិន​យក​ទោស​ពៃរ៍​ចំពោះ​គេ​ ប៉ុន្តែ​បម្រាម​​ក្រៅ​ផ្លូវ​ការ​មួយ​ដើម្បី​បិទ​ផ្លូវ​មិន​ឱ្យ​ វង្ស ណយ​ ឡើង​​រេញ​ ស្រាប់​តែ​ត្រូវ​បាន​អនុ​វត្ត​ឡើង​ ។ កីឡា​ករ​ វង្ស ណយ​ ប្រាប់​ថា មក​ទល​់​ពេល​នេះ​ គេ​មិន​ខុស​ពី​កីឡា​ករ​ដើ​រ​ទាត់​ខ្យល់​នោះ​ទេ​ ដោយ​សារ​តែ​គ្មាន​ការ​ផ្គូ​ផ្គង​ឱ្យ​ឡើង​រេញ​ និង​មិន​ទាន់​មាន​ការ​លើក​លែង​ទោស​ពី​ក្រុម​មន្ត្រី​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ ។ ទោះ​យា៉ង​ណា​ លោក​នៅ​តែ​បង្ហាញ​អារម្មណ៍​មិន​ទោ​មនស្ស​ ដោយ​សារ​តែ​ក្នុង​ពេល​ឡើង​រេញ​ម្តង​ៗ​ វា​បាន​ផ្តល់​ឱ្យ​លោក​នូវ​អារម្មណ៍​មិន​ល្អ​ច្រើន​ជាង​រីក​រាយ ។ លោក​និយាយ​ថា មហា​ជន​មួយ​ចំនួន​ចោទ​ថា​ លោក​លក់​ខ្លួន​ ប៉ុន្តែ​លោក​ចោទ​សួរ​វិញ​ថា​ តើ​ស្ថាន​ភាព​កីឡា​ករ​ដូច​លោក​នា​ពេល​បច្ចុ​ប្បន្ន​អាច​គេច​រួច​ឬ​ទេ ចំពោះ​ការ​ទិញ​ដូរ​របៀប​​នោះ​។ 

លោក​មិន​សារ​ភាព​ថា​ ពិត​ជា​បាន​ពាក់​ព័ន្ធ​នឹង​ការ​លក់​ខ្លួន​នៅ​លើ​រេញ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​លោក​បង្ហើប​ឱ្យ​ដឹង​គឺ​ថា កីឡា​ករ​ល្បី​ស្រុក​ខ្មែរ​ ទទួល​បាន​កម្រៃ​ខ្លួន​ទាប​ណាស់​ បើ​ប្រកួត​ដោយ​ប្រើ​ឧត្តម​គតិ​អស​់​ពេក​ ប្រពន្ធ​កូន​ពិត​ជា​អត់​បាយ​ហូប​ ។ វង្ស ណយ​ បន្ត​ថា វា​ជា​រឿង​សង្វេគ​ណាស់ ដែល​លោក​ត្រូវ​ប្រកួត​ឈ្នះ​កីឡា​ករ​ កែវ​ រំចង់​ ហើយ​បាន​ទទួល​តម្លៃ​ខ្លួន​មិន​ដែល​ស្មើ​គេ​ទាល់​តែ​សោះ​ តើ​លោក​មាន​កម្លាំង​ចិត្ត​ឯ​ណា​វាយ​​ឱ្យ​អស់​ពី​សមត្ថ​ភាព​នោះ​ ។ ពាក់​ព័ន្ធ​នឹង​ករណី​រឿង​អាស្រូវ​ចុង​ក្រោយ​ លោក​ចាត់​ទុក​ថា នោះ​បណ្តាល​មក​ពី​បញ្ហា​ផ្លូវ​ចិត្ត​ ដែល​ធ្វើ​ឱ្យ​លោក​បាត់​បង់​ទឹក​ចិត្ត​ប្រឹង​ប្រែង​ គឺ​មិន​មែន​ជា​ករណី​លក់​ខ្លួន​ដូច​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​នោះ​ទេ​ ។ ត្រង់​ហ្នឹង​ហើយ​ដែល​លោក​បញ្ជាក់​ថា​ ជា​កត្តា​ចុះ​ខ្សោយ​ និង​មិន​ទៅ​មុខ​របស់​កីឡា​ករ​ប្រដាល់​កម្ពុជា​ ។​ ទោះ​បី​យា៉ង​ណា​ លោក​នៅ​មិន​ទាន់​តាំង​ចិត្ត​ដើ​រ​ចេញ​ពី​ការ​ប្រដាល់​នោះ​ទេ បើ​ទោះ​ជា​ទទួល​សម្ពាធ​ច្រើន​យា៉ង​ទាំង​ករណី​ប្រកួត​ល្បី​ឈ្មោះ​មិន​សល់​ប្រាក់​ រស់​មិន​បាន​ស្រួល​ និង​បញ្ហា​រឿង​ត្រូវ​ទទួល​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​ ធ្វើ​ឱ្យ​លោក​អាមា៉ស់ ។

មន្ត្រី​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​អះ​អាង​ថា ហេតុ​ផល​នៃ​ការ​បិទ​ផ្លូវ​ គឺ​បណ្តាល​មក​ពី​ករណី​របស់​ វង្ស ណយ ត្រូវ​គេ​រក​ឃើញ​ថា ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​ប្រកួត​មិន​អស់​សមត្ថ​ភាព​ច្រើន​លើក​ពេក​ ។ ប៉ុន្តែ​បញ្ហា​នេះ​ នឹង​មិន​អូស​បន្លាយ​ច្រើន​ខែ​នោះ​ទេ​ ដោយ​ក្នុង​អំឡុង​ចុង​ខែ​មីនា​ ខាង​មុខ នឹង​បើក​ឱ្យ​មាន​ការ​ផ្គូ​ផ្គង​ជា​ថ្មី​វិញ​ហើយ​ ដើម្បី​ចាប់​ផ្តើម​សង្កេត​ជា​ថ្មី​ ថា​តើ​គេ​នៅ​បន្ត​ធ្វើ​ខ្លួន​ឱ្យ​មាន​ការ​រិះ​គន់​នៅ​ក្នុង​សង្គម​កីឡា​ប្រដាល​់​ទៀត​ ឬ​ប្រកាន់​ជំហរ​ជា​កីឡា​ករ​ដើម្បី​មហា​ជន​ដូច​  មុន ។ ឆ្លើយ​តប​នឹង​ការ​ចោទ​ឡើង​នេះ​ កីឡា​ករ​ វង្ស ណាយ​ សារ​ភាព​ថា កន្លង​មក​ លោក​ពិត​ជា​មាន​ករណី​មិន​ខុស​ពី​​ការ​ចោទ​ប្រកាន់​ខ្លះ​មែន​ ប៉ុន្តែ​មិន​គ្រប់​លើក​ដែល​លោក​បរា​ជ័យ​លើ​រេញ​នោះ​ទេ ព្រោះ​ការ​ប្រកួត​ខ្លះ​ក៏​ពិត​ជា​រឿង​ភ្លាត់​ស្នៀត​ និង​ជា​រឿង​បាក់​ទឹក​ចិត្ត​ដូច​ដែល​លោក​បញ្ជាក់​ខាង​លើ​នោះ​ដែរ​ ៕