អ្នកវិទ្យាសាស្ត្រអង់គ្លេសបានរកឃើញថា បណ្តាស្ត្រីកំពុងពពោះដែលក្នុងខ្លួនផ្ទុកទៅដោយវីតាមីន Dកម្រិតខ្ពស់ នឹងធ្វើឱ្យកូនដែលកើតមកក្លាយជាក្មេងមានសុខភាពមាំមួន ជាពិសេសគឺឆ្អឹងរឹងមាំខ្លាំង ។
ការតាមដាននិងពិសោធលើស្ត្រីជនជាតិអង់គ្លេសនិងកូនៗរបស់ពួកគេចំនួន៧០០នាក់បានបង្ហាញថា អ្នកដែលទទួលបានវីតាមីន Dពីពន្លឺថ្ងៃកាន់តែច្រេើនអំឡុងពេលពពោះ សាច់ដុំនិងឆ្អឹងកូនៗរបស់ពួកគេមានភាពរឹងមាំកាន់ខ្លាំងឡើងពេលឈានដល់អាយុ៤ឆ្នាំ ។ ចំណុចនេះ ក្រុមអ្នកវិទ្យាសាស្ត្រគិតថា វីតាមីន Dមានឥទ្ធិពលនិងប្រសិទ្ធភាពទៅលើវិធីដែលបណ្តាកោសិកាសាច់ដុំលូតលាស់ក្នុងស្បូន ហើយបានជួយឱ្យកោសិកាទាំងនេះបំពេញមុខងារកាន់តែខ្លាំងក្លាជាលំដាប់ ។ សូមបញ្ជាក់ថា មនុស្សវ័យក្មេងដែលមានសាច់ដុំរឹងមាំប្រឈមតិចបំផុតនឹងការងងឹតមុខដួលដោយអស់កម្លាំង ពុកឆ្អឹងពេលឈានចូលវ័យចាស់ និងកើតជំងឺទឹកនោមផ្អែម ។ វីតាមីនD មាននាទីគ្រប់គ្រងចំនួនកាល់ស្យូមក្នុងរាងកាយដែលជួយឱ្យឆ្អឹងក៏ដូចជាធ្មេញកាន់តែរឹងមាំ ។
វេជ្ជបណ្ឌិត Nicholas Harveyអ្នកដឹកនាំការសិក្សាស្រាវជ្រាវមកពីសាកលវិទ្យាល័យ Southam pton University ប្រទេសអង់គ្លេសបាននិយាយថា លទ្ធផលនៃការសិក្សានេះបានបន្ថែមជាភស្តុតាងដែលបង្ហាញថា បុព្វហេតុនៃជំងឺដែលញាំញីសុខភាពមនុស្សពេលឈានចូលវ័យចាស់បានចាប់កំណើតភ្លាមខណៈមនុស្សចាប់ឃើញពន្លឺថ្ងៃ ៕
ចែករំលែកព័តមាននេះ