រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដោយសារមានទំនាស់ក្នុងគ្រួសារបាននាំកូនស្រីម្នាក់អាយុ៥ឆ្នាំជិះម៉ូតូឌុបមកលើស្ពានជ្រោយចង្វារប៉ងលោតសម្លាប់ខ្លួន តែមិនបានសម្រេចដោយសារប៉ូលិសយាមស្ពាន និងអ្នកដំណើរជួយឃាត់ទាន់ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី២៦ មករា ២០១៤ ។
ស្ត្រីដែលប៉ងលោតសម្លាប់ខ្លួននេះត្រូវគេស្គាល់ឈ្មោះអ៊ូ ចាន់ណុន ហៅស្រីអូន អាយុ៣១ឆ្នាំ មានប្តីឈ្មោះសុខ ផាន់ណារិទ្ធ អាយុ៣១ឆ្នាំ ជាកម្មករលីសែង ស្នាក់នៅផ្ទះជួលតាមផ្លូវរទេះភ្លើង ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ។
មូលហេតុនៃការប៉ងសម្លាប់ខ្លួននេះ ត្រូវបានស្ត្រីឈ្មោះអ៊ូ ចាន់ណុន រៀបរាប់ឱ្យដឹងថា ប្តីរបស់នាងបានដើរស៊ីចាយបាត់ពីផ្ទះបីថ្ងៃហើយ លុះពេលត្រឡប់មកវិញនាងបានសួរនាំរឿងលុយកាក់ ក៏កើតទៅជាទំនាស់គ្នាឈានដល់ប្រើហិង្សាមកលើនាង ហើយបានបង្ខាំងទុកកូនស្រី២នាក់នៅក្នុងផ្ទះមិនឱ្យចេញក្រៅ និងចាក់សោមិនឱ្យនាងចូលផ្ទះទៀតផងទើបនាងសម្រេចចិត្តនាំកូនស្រីម្នាក់ជិះម៉ូតូឌុបមកលោតទឹកសម្លាប់ខ្លួនតែម្តងទៅ។
ចែករំលែកព័តមាននេះ