ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា ! មុខរបរនេះ១ខែៗរកចំណូលបានខាប់ដូចទឹកគ្រឿង ខណៈទីផ្សារមានតម្រូវការខ្ពស់ទៀត

3 ថ្ងៃ មុន
  • កំពង់ធំ

ស្តាប់​មិន​ច្រឡំ​ទេ​បងប្អូន កូន​ក្រួច ប្រហែល​៨​ពាន់​ក្បាល ត្រូវ​បាន​វៃ​ចេញ​ជា​ប្រចាំខែ ក្រោយ​តម្រូវការ​ក្នុង​មួយ​ខែ​ៗ ហាក់​មានការ​គាំទ្រ​ខ្លាំង នៅ​លើ​ទីផ្សារ​កម្ពុជា? ជា​ការ​ពិត បច្ចុប្បន្ន សាច់​ក្រួច…

ស្តាប់​មិន​ច្រឡំ​ទេ​បងប្អូន កូន​ក្រួច ប្រហែល​៨​ពាន់​ក្បាល ត្រូវ​បាន​វៃ​ចេញ​ជា​ប្រចាំខែ ក្រោយ​តម្រូវការ​ក្នុង​មួយ​ខែ​ៗ ហាក់​មានការ​គាំទ្រ​ខ្លាំង នៅ​លើ​ទីផ្សារ​កម្ពុជា?

ជា​ការ​ពិត បច្ចុប្បន្ន សាច់​ក្រួច ពង​ក្រួច មាន​តម្រូវការ​លើក​ទីផ្សារ​ច្រើន ដោយ​បងប្អូន​ដែល​ជិះ​តាម​ដងផ្លូវ អាច​បានឃើញ​ហើយ ដូច្នេះ​បើក​ងាក​ការ​ចិញ្ចឹម​ក៏​កាន់តែ​បំពេញតម្រូវការ​ទីផ្សារ​អោយ​បាន​ច្រើន សម្រាប់​បងប្អូន​ដែល​ចូល​ចិត្ត​បរិភោគ ។ កសិដ្ឋាន​ចិញ្ចឹម​ក្រួច ជា​លក្ខណៈ​គ្រួសារ​មួយ​កន្លែង នៅ​ខេត្តកំពង់ធំ​ចិញ្ចឹម​ក្រួច​លក់​រាប់​ពាន់​ក្បាល នៅ​ក្នុង​មួយ​ខែ ហើយ​អាច​ដោះស្រាយ​ជីវភាព និង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ បាន​តាំងពី​ជំងឺ​កូ​វីត​១៩ រហូត​មក​ដល់​បច្ចុប្បន្ន ។

អ្នកស្រី ឡុ​ង ស្រី​ណា ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រួច ជា​លក្ខណៈ​គ្រួសារ​ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ស្វា ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព​ថា គ្រួសារ​អ្នកស្រី ប្រកប​មុខរបរ​ចិញ្ចឹម​ក្រួច​នេះ រយៈពេល​ប្រហែលជា​៥​ឆ្នាំ​មក​ហើយ តាំងពី​ក្នុងអំឡុងពេល​ផ្ទុះ​ជំងឺ​កូ​វីត​១៩ ។

អ្នកស្រី​ចិញ្ចឹម​ក្រួច​លក់ ភាគច្រើន​អ្នកស្រី​លក់​ជា​ពង សម្រាប់​ភ្ញាស់ និង​កូន​ក្រួច ចំណែក​ក្រួច​សាច់ អ្នកស្រី​មិនសូវ​លក់​ទេ ។ សម្រាប់​ការ​ចិញ្ចឹម​ក្រួច​ពេល​នៅ​តូច អ្នកស្រី​បាន​ចែករំលែក​ថា ត្រូវ​ដាក់​នៅ​ក្នុង​ទ្រុង ដែល​មាន​សីតុណ្ហភាព​ក្តៅ​ល្មម ហើយ​ត្រូវ​ដាក់​ចំណី​កូន​ក្រួច​តែ​ចំណី​កូន​ក្រួច​ត្រូវ​ចំណាយ​ច្រើន លោកស្រី​ក៏​ប្ដូរ​មក​ប្រើ​ចំណី​កូន​មាន់​ជំនួស​វិញ​រហូត​មក​ដល់​កូន​ក្រួច បាន​១៥​ថ្ងៃ ទើប​អាច​លាយ​ចំណី​ជាមួយ​កន្ទក់ អង្ករ និង​ពោត​បាន ក្រួច មាន​អាយុ​២៨ ទៅ​៣០​ថ្ងៃ ទើប​អាច​លក់​បាន ។

នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ លោកស្រី​ប្រមូល​ក្រួច​ទាំងអស់ នៅ​ក្នុង​កសិដ្ឋាន​លក់​ម្តង​ហើយ ត្រៀម​ពង​សម្រាប់​ភ្ញាស់ និង​ត្រូវ​ទិញ​ពូជ​ពី​កន្លែង​ផ្សេង​មក​ចិញ្ចឹម ដើម្បី​កុំអោយ​ក្រួច​ជាន់​ឈាម​គ្នា និង​មាន​សុខភាព​ល្អ ។ សម្រាប់​បញ្ហា​ការ​ចិញ្ចឹម​របស់​អ្នកស្រី​ជួប​បញ្ហា​នៅ​ពេល​ដែល​ក្រួច​មាន​ជំងឺ ក្នុង​រយៈពេល​៣​ខែ គឺ​ខែធ្នូ មក​រា និង​ខែកុម្ភៈ អ្នកស្រី​អាច​លក់​ក្រួច នៅ​ក្នុង​មួយ​ខែ​ពី​ចន្លោះ​៧០០០​ក្បាល ទៅ​៨០០០​ក្បាល ។

សម្រាប់​ការ​លក់​ពង​ក្រួច សម្រាប់​ភ្ញាស់​អាច​លក់​បាន​ក្នុង​តម្លៃ​ពី​២៥០​រៀល ទៅ​២៨០​រៀល ក្រួច​សាច់​មាន​តម្លៃ​៣៥០០​រៀល ក្រួច​ពូជ​ទើប​ពេញវ័យ អាច​លក់​បាន​ក្នុង​តម្លៃ​៥០០០​រៀល ហើយនឹង​ក្រួច​ពូជ​ធ្លាប់​ទម្លាក់​ពងមាន​តម្លៃ​៦០០០​រៀល នៅ​ក្នុង​ការ​ចិញ្ចឹម​ក្រួច​របស់​អ្នកស្រី​អាច​ជួយ​ផ្គត់ផ្គង់​គ្រួ​សារបាន​ច្រើន ដោយសារ​តែ​អ្នកស្រី​ចិញ្ចឹម​តែ​ក្រួច​នេះ​មួយ​មុខ ហើយ​អាច​ជួយ​ដោះបំណុល និង​អាច​ជួយ​បងប្អូន​បាន​ច្រើន ។

លោកស្រី​មាន​ប្រសាសន៍​បន្ត​ទៀត​ថា បើ​ចង់​ចិញ្ចឹម​ក្រួច​យក​ពង ឬ​ក៏​យក​ទៅ​ធ្វើ​ជា​មេ​ពូជ​កុំ​ព្យាយាម​ផ្លាស់​ប្តូរ​ចំណី ព្រោះ​អាច​ធ្វើ​អោយ​ក្រួច​អាក់​ពង និង​ពង​មក​មិន​បាន​ល្អ ហើយ​បើ​ចង់​ប្តូរ​ចំណី ឬ​លាយ​ចំណី​ត្រូវ​ថ្លឹង​អោយ​បាន​ត្រឹមត្រូវ ។

ជា​ចុង​ក្រោយ​លោកស្រី ឡុ​ង ស្រី​ណា បាន​បន្ថែម​ទៀត​ថា មូលហេតុ​ដែល​លោកស្រី​ចិញ្ចឹម​ក្រួច​នេះ ពី​ដំបូង​លោកស្រី​ចិញ្ចឹម​មាន់ ដោយសារ​តែ​មាន់​ត្រូវការ​ប្រើ​ពេលវេលា​យូរ​មិន​ងាយ​ទទួល​បាន​ផល ហើយ​មិនសូវ​ចំណេញ លោកស្រី​ក៏​ប្តូរ​មក​ចិញ្ចឹម​ក្រួច​វិញ​រហូត​មក​ដល់​បច្ចុប្បន្ន ៕ ដោយ​៖​សែ សម – សម្រួល​ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ