ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លីក​កំពូល​រដូវ​កាល​ថ្មី​ចាប់​ផ្តើមនៅ​ថ្ងៃ​នេះ​ហើយ​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ Hun Sen Cup ប្រចាំ​ឆ្នាំ​២០១៤​ កំពុង​ស្ថិត​នៅ​ក្នុង​វគ្គ​ប្រកួត​ជម្រុះ​ស្វែង​រក​ជើង​ខ្លាំង​ប្រជែង​យក​ពាន​រង្វាន់​នោះ​ ការ​ប្រកួត​បាល់​ទាត់​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៤ ឬ​ Metfone Cambodian League រដូវ​កាល​២០១៤ (MCL2014)ក៏​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ​(២៥​មករា) និង​

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ Hun Sen Cup ប្រចាំ​ឆ្នាំ​២០១៤​ កំពុង​ស្ថិត​នៅ​ក្នុង​វគ្គ​ប្រកួត​ជម្រុះ​ស្វែង​រក​ជើង​ខ្លាំង​ប្រជែង​យក​ពាន​រង្វាន់​នោះ​ ការ​ប្រកួត​បាល់​ទាត់​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៤ ឬ​ Metfone Cambodian League រដូវ​កាល​២០១៤ (MCL2014)ក៏​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ​(២៥​មករា) និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១​ សីហា ឆ្នាំ​  ២០១៤ ផង​ដែរ ។ នេះ​បើ​យោង​តាម​កម្ម​វិធី​ប្រកួត​​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ដែល​កោះ​សន្តិ​ភាព​ទទួល​បាន​ ។

សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៥ មករា ជា​ថ្ងៃ​បើក​ឆាក​ដំបូង​នេះ​ ក្រុម​បាល់​ទាត់​ចម្ការ​កៅ​ស៊ូ​បឹង​កេត​ដែល​កាល​ពី​ថ្ងៃ​ទី​២២​ មករា បាន​យក​ឈ្នះ​​ក្រុម​ខេត្ត​ក្រចេះ​ ក្នុង​លទ្ធ​ផល​១៧​ទល់​១​ នៃ​ព្រឹត្តិ​ការណ៍​បាល់​ទាត់​ Hun Sen Cup នោះ​ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ចំណូល​ថ្មី​ Albirex Niigata វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ នៅ​ទីលាន​កីឡ​ដ្ឋាន​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​(ស្តាត​ចាស់​)។ ចំណែក​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូ​ឡាំ​ពិក​ដែល​មាន​លេង​២​ប្រកួត​នោះ​ ក្រុម​គិ​រី​វង់​សុខ​សែន​ជ័យ​ ជួប​ប្រកួត​ជាមួយ​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ នៅ​វេលា​​ម៉ោង​៣​និង​៣០​នាទី​រសៀល​ និង​ក្រុម​បៀល​ប្រាយ​យូ​ណាយ​ធីត​ប្រកួត​ជាមួយ​ក្រុម​ TriAsia (ខេត្ត​កណ្តាល​) វេលា​ម៉ោង​៦​ល្ងាច​ ។

គួរ​បញ្ជាក់​ថា League ឆ្នាំ​២០១៤​នេះ​ គឺ​មាន​ចំនួន​១២​ក្រុម​ កើន​ជាង​ឆ្នាំ​មុន​ៗ​ចំនួន​២​ក្រុម​ បន្ទាប់​ពី​សហ​ព័ន្ធ​សម្រេច​អនុ​ម័ត​បន្ថែម​ក្រុម​ចំណូល​ថ្មី​២​ក្រុម​ទៀត​ គឺ​ក្រុម​ Albirex Niigata Phnom Penh និង​ក្រុម​ Western Uni FC ។ ចំណែក​១០​ក្រុម​ទៀត​រួម​មាន​ ក្រុម​ខេត្ត​ស្វាយ​រៀង​ ម្ចាស់​ជើង​ឯក​រដូវ​កាល​ចាស់​, ក្រុម​ភ្នំពេញ​ក្រោន​, ក្រុម​ចម្ការ​កៅ​ស៊ូ​បឹង​កេត​, ក្រុម​គិ​រី​វង់​សុខ​សែន​ជ័យ​, ក្រុម​បៀល​ប្រាយ​យូ​ណាយ​ធីត ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​​, ក្រុម​ណា​ហ្គា​ខប​, ក្រុម​ក្រសួង​ការ​ពារ​ជាតិ, ក្រុម​ TriAsia (ខេត្ត​កណ្តាល) និង​ក្រុម​សាកល​វិទ្យា​ល័យ​អាសីុ​អឺរ៉ុប ។ ចំពោះ​លក្ខ​ខណ្ឌ​នៃ​ការ​ប្រកួត​ គឺ​ខុស​ពី​ឆ្នាំ​មុន​ៗ​ព្រោះ​​រដូវ​កាល​ថ្មី​នេះ​ សហ​ព័ន្ធ​បាន​សម្រេច​ផ្លាស់​ប្តូរ​លក្ខ​ខណ្ឌ​ប្រកួត​ដោយ​រក្សា​ការ​ប្រកួត​សន្សំ​ពិន្ទុ​វិល​ជុំ​ចំនួន​២​ជុំ​ដដែល​ ប៉ុន្តែ​មិន​មាន​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ឬ​ផ្តាច់​ព្រ័ត្រ​(វគ្គ​Play-Off) ឡើយ​ ពោល​គឺ​នៅ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​២​ជុំ​ ប្រ​សិន​បើ​ក្រុម​ណា​សន្សំ​ពិន្ទុ​បាន​ច្រើន​ជាង​គេ​ក្រុម​នោះ​ត្រូវ​លើក​ពាន​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្តង ។ តើ​ក្រុម​កំពូល​ៗ​របស់​លីក​ឆ្នាំ​ចាស់​ទាំង​នេះ​មាន​យុទ្ធ​សាស្ត្រ​បែប​ណា​ដើម្បី​ដណ្តើម​ក៏​ដូច​ជា​រក្សា​តំណែង​ជើង​ឯក​របស់​ខ្លួន​?​ដូច្នេះ​សូម​រង់​ចាំ​តាម​​ដាន​ទាំង​អស់​គ្នា​ ៕