ប្រទេសថៃ ជាពិសេសនៅទីក្រុងបាងកក កំពុងកើតមានអសន្ដិសុខជាបន្ដបន្ទាប់ក្នុងខណៈដែលរដ្ឋាភិបាលលោកអាប់ភីស៊ីតមិនអាចធ្វើបានតាមការទាមទារពីក្រុមបាតុករអាវក្រហម។ ក្នុងអំឡុងពេលកន្លងមកតែងតែកើតមានការបំផ្ទុះគ្រាប់បែក និងការបាញ់ ដោយ M79 ជារឿយៗទៅលើទីតាំងសំខាន់ៗរបស់រដ្ឋ។ រដ្ឋាភិបាលនៅតែបន្ដរឹតបន្ដឹងផ្នែកសន្ដិសុខដើម្បីទប់ទល់នឹងការចលាចល ក្នុងខណៈដែលក្រុមបាតុករអាវក្រហមកំពុងនាំគ្នាធ្វើបាតុកម្មដាក់គំនាបឱ្យរដ្ឋាភិបាលរំលាយសភា ឬលាលែងពីតំណែង ។
ក្រោមបរិយាកាសជ្រួលច្របល់ក្នុងទីក្រុងបាងកកនាពេលបច្ចុប្បន្នក៏បានប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច និងវិស័យទេសចរណ៍នៅក្នុងប្រទេសផងដែរ ។
តាមកាសែតថៃកាលពីថ្ងៃទី២៤ មីនា ផ្សាយឱ្យដឹងថា លោកអាប់ភីស៊ីត វ៉េចាជីវ៉ា នាយករដ្ឋមន្ដ្រីថៃបានជិះរថយន្ដការពារគ្រាប់អមដំណើរដោយប្រតិភូផ្សេងៗទៅចូលរួមប្រជុំសភា ក្រោមកិច្ចការពារសន្ដិសុខយ៉ាងតឹងរ៉ឹង។ បរិយាកាសនៃការប្រជុំសភា ក្នុងថ្ងៃទី២៤ មីនា ឃើញថា បរិវេណផ្លូវចេញចូលនៅជុំវិញរដ្ឋសភាបានបិទការធ្វើចរាចរ និងមិនអនុញាតឱ្យអ្នកណាម្នាក់យករថយន្ដចូលទេ ក្រៅពីនាយករដ្ឋមន្ដ្រី។
តំណាងរាស្ដ្ររបស់គណបក្សភឿថៃបានប្រមូលផ្ដុំគ្នានៅបរិវេណខាងមុខច្រកចូលដើម្បីប្រឆាំងរដ្ឋាភិបាលដែលយកកំលាំងកងទ័ពទៅបិទច្រកផ្លូវនៅជុំវិញសភា។ ទោះជាតំណាងរាស្ដ្រគណបក្សភឿថៃប្រឆាំងនឹងរដ្ឋាភិបាលមិនព្រមចូលទៅប្រជុំក្នុងសភាក្ដីក៏កិច្ចប្រជុំនៅតែដំណើរការយ៉ាងរលូន ព្រោះមានកងការពារសន្ដិសុខយ៉ាងតឹងរ៉ឹង ។
អតីតប្រធានស្ដីទីគណបក្សថៃរ៉ាក់ថៃ ណែនាំឱ្យលោកអាប់ភីស៊ីតរំលាយសភាថាជាមធ្យោបាយដ៏ល្អបំផុតចេញពីវិបត្ដិ
លោកចាទូរុន ឆាយសែង អតីតប្រធានស្ដីទីគណបក្សថៃរ៉ាក់ថៃ និយាយថា ការធ្វើបាតុកម្មរបស់ក្រុមអាវក្រហមដើម្បីទាមទារឱ្យលោកអាប់ភីស៊ីត វ៉េចាជីវ៉ា នាយករដ្ឋមន្ដ្រីរំលាយសភាក្នុងអំឡុងពេលកន្លងមក ត្រូវបានរដ្ឋាភិបាលអូសបង្វែរការពិតធ្វើឱ្យប្រជាជនមានការភ័យខ្លាច ជាពិសេសក្នុងថ្ងៃទី១២ និង១៣ មីនា បើសិនជាមានកើតអំពើហិង្សានោះមនុស្សជាច្រើននឹងចេញមកធ្វើបាតុកម្មច្រើនជាងនេះ ។
លោកចាទូរុន បានបង្ហាញការជឿជាក់ថា នៅថ្ងៃសៅរ៍ ទី២៧ មីនា នឹងមានមនុស្សច្រើនជាងពី៣ទៅ៥ដងនៃចំនួនប្រជាជន ដែលចូលរួមធ្វើបាតុកម្មនាពេលកន្លងទៅ។ បច្ចុប្បន្នមានមនុស្សជាច្រើនលាននាក់គាំទ្រក្រុមអាវក្រហម។ ក្នុងអំឡុងពេលកន្លងមក មានការដាក់បំផ្ទុះគ្រាប់បែក និងបាញ់គ្រាប់ M79 ជាច្រើនលើក ប៉ុន្ដែសមត្ថកិច្ចមិនអាចចាប់ជនល្មើសបានឡើយ។ ហេតុការណ៍ទាំងនោះមិនបានដឹងច្បាស់ថា ភាគីណាមួយជាអ្នកបង្កទេ។ ការប្រជុំសភានៅថ្ងៃទី២៤ មីនា មានតំណាងរាស្ដ្រមកពីគណបក្សផ្សេងៗ រួមមានអតីតគណៈកម្មការគ្រប់គ្រងគណបក្សថៃរ៉ាក់ថៃ គណបក្សកំលាំងប្រជាជន និងគណបក្សភឿថៃជាង១០០នាក់បានរួមគ្នា បង្ហាញនូវការមិនពេញចិត្ដលើករណីមានទាហានជាច្រើននាក់យាមកាមរដ្ឋសភា ។
ក្រុមអាវក្រហមនឹងដង្ហែក្បួននៅជុំវិញ ទីក្រុងបាងកកដើម្បីបណ្ដេញលោកអាប់ភីស៊ីតនៅថ្ងៃទី២៧ មីនា
ក្រុមអាវក្រហម បានប្រកាសព្រមាននាយករដ្ឋមន្ដ្រីថា បើសិននៅមុនថ្ងៃទី២៧ មីនា ២០១០ មិនទាន់សំរេចចិត្ដរំលាយសភាទេនោះ នឹងត្រូវគេកត់ត្រាជាប្រវត្ដិសាស្ដ្រថា “ជានាយករដ្ឋមន្ដ្រីដែលមានមនុស្សហែក្បួនបណ្ដេញចេញពីតំណែងច្រើនបំផុត”។ នៅថ្ងៃទី២៧ មីនា គេមានជំនឿថា នឹងមានអ្នកចូលរួមធ្វើបាតុកម្មច្រើនជាងមុនចំនួនពី២ទៅ៣ដង ។
ក្រុមអាវក្រហមនឹងសហការជាមួយទីភ្នាក់ងារព័ត៌មានបរទេស និង“ហ្គីណេស ប៊ុក” ឱ្យចុះបញ្ជីកំណត់ត្រាប្រវត្ដិសាស្ដ្រលើកនេះសំរាប់ធ្វើជាសាក្សីដល់សកម្មភាពរបស់ពួកគេ។ ទាក់ទងទៅនឹងការធ្វើបាតុកម្មរបស់ក្រុមអាវក្រហមនៅថ្ងៃទី២៧ មីនា បើសិនជាមានទាហានចេញទៅរារាំង ឬដាក់របាំងបិទផ្លូវការដើរជាក្បួននោះ ក្រុមអាវក្រហមនឹងប្រើប្រាស់សិទ្ធិរុះរើរបាំងការពារទាំងអស់ចេញ ប៉ុន្ដែគឺជាដំណើរការដោយសន្ដិវិធី។
ចែករំលែកព័តមាននេះ