រាជធានីភ្នំពេញ ៖ ការចុះផ្សាយពីរឿងអាស្រូវ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានវាយលុកមោទនភាពរបស់ម្ចាស់ផ្ទះមួយនេះកាន់តែខ្លាំង នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៧ ។ ក្រុមអ្នកគាំទ្រកាន់តែច្រើនបូករួមទាំងជនជាតិកម្ពុជាផង បានបន្តវាយប្រហារចំពោះប្រទេសម្ចាស់ផ្ទះមីយ៉ាន់ម៉ា ដែលមានចេតនាធ្វើរឿងលម្អៀងជាច្រើនក្នុងបំណងយកប្រៀបលើប្រទេសជាភ្ញៀវ ដែលក្នុងនោះកម្ពុជាក៏ត្រូវគេអះអាងថា បានក្លាយជាប្រទេសរងគ្រោះ ព្រោះតែមីយ៉ាន់ម៉ាចង់ឈ្នះមេដាយដែរ ។
ក្រុមអ្នកលេងហ្វេសប៊ុកជាជនជាតិកម្ពុជាប្រមាណបួនទៅដប់ Profile បានទម្លាយការរិះគន់យ៉ាងខ្លាំងនឹងករណីដែលមីយ៉ាន់ម៉ាយកប្រៀបបន្ទាប់ពីកម្ពុជាឈ្នះមេដាយមាស៤ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ។ ដំណឹងនេះបានធ្លាយស្របគ្នានឹងការរិះគន់ចំពោះមីយ៉ាន់ម៉ាែដលបានប្រើល្បិច និងភាពមិនត្រឹមត្រូវលើបណ្តាប្រទេសផ្សេងទៀត ព្រោះតែចង់បានមេដាយមាសច្រើន ។ ម្ចាស់ហ្វេសប៊ុកជាច្រើនដែលត្រូវគេសង្ស័យថា ស្ថិតក្នុងក្រុមប្រតិភូ និងកីឡាកររបស់កម្ពុជាបានបង្ហោះ និងចែកចាយរឿងកើតទុក្ខមិនសុខចិត្តជាច្រើន ថាប្រទេសមីយ៉ាន់ម៉ាប្រើវិធីយកប្រៀបលើកីឡាករកម្ពុជា ។ ម្ចាស់ Profile មួយសរសេរថា ប្រទេសមីយ៉ាន់ម៉ាគ្រាន់តែកម្ពុជាបានមេដាយមាស៤ភ្លាម គេឱ្យកីឡាករកម្ពុជាទៅប្រកួតជាមួយកីឡាកររបស់គេដែលមានទម្ងន់ធ្ងន់ជាងដាច់ និងឱ្យអាជ្ញាកណ្តាលចាំចាប់កំហុសតែម្តងគ្រប់ពេលដែលកម្ពុជាឡើងប្រកួត ។ ម្ចាស់ Profile មួយទៀតបានសរសេរដែរថា « មើលទៅកម្ពុជា ប្រហែលលែងឈ្នះមេដាយមាសទៀតហើយ បើមីយ៉ាន់ម៉ាឱ្យអាជ្ញាកណ្តាលកាត់ក្តីលម្អៀងទៅខាងកីឡាកររបស់គេ ហើយបង្កើតលក្ខខណ្ឌមិនយុត្តិធម៌ចំពោះកីឡាករកម្ពុជាបែបនេះ ? » ។ ដណឹងនេះត្រូវគេឃើញម្ចាស់ Profile មិនតិចជាង៥ទៅ៦នាក់ឡើយបង្ហោះឡើង ហើយចែកចាយបន្ត ។ តាមការកត់សម្គាល់ ចាប់តាំងពីទិន្នន័យទាំងនេះ ត្រូវបានបង្ហោះឡើង គឺកីឡាករកម្ពុជាបាត់ឱកាសទទួលមេដាយមាសទៀតមែន ខណៈដែលវិញ្ញាសាដ៏មានសក្តានុពលខ្លះឱ្យតែឡើងមកប៉ះជាមួយកីឡាករម្ចាស់ផ្ទះ ក៏ត្រូវចាញ់ខុសពីការរំពឹងទុក ។
ដូចគ្នានឹងការរិះគន់របស់ខ្មែរ បណ្តាញសារព័ត៌មានធំៗជាច្រើន ក៏សរសេរដូចគ្នាថាមីយ៉ាន់ម៉ា ប្រើល្បិចមិនយុត្តិធម៌ ដើម្បីទទួលបានមេដាយ ។ តាមការដកស្រង់ មីយ៉ាន់ម៉ា បានដកកីឡាអូឡាំពិកមួយចំនួនចេញ ហើយជំនួសដោយកីឡាបែបប្រពៃណីរបស់ខ្លួន ដែលមិនមែនជាកីឡាអូឡាំពិករហូតធ្វើឱ្យប្រទេសហ្វ៊ីលីពីនសម្រេចបញ្ជូនកីឡាករមកប្រកួតតិចជាងមុន ស្របគ្នានឹងប្រទេសផ្សេងទៀតក៏សម្តែងការរិះគន់ ។ ក្នុងការប្រកួតហែលទឹកសេរី១០០ម៉ែត្រ ផ្នែកនារី កាលពីថ្ងៃទី១២ ធ្នូ មីយ៉ាន់ម៉ាបានធ្វើឱ្យកីឡាការិនីថៃម្នាក់ផ្ទុះកំហឹង ដោយសារតែក្នុងពេលប្រកួត លោកអាជ្ញាកណ្តាលបានផ្លុំកញ្ចែលើកទី២ ជាសញ្ញាឱ្យហែលចេញម្តងទៀត ។ ប៉ុន្តែនៅពេលឃើញកីឡាការិនីមីយ៉ាន់ម៉ាហែលទៅដល់គោលដៅ ក្នុងពេលកីឡាការិនីថៃឈប់តាមសញ្ញា ឯប្រទេសដែលមិនឈប់ហែលមិនទាន់កីឡាការិនីរបស់ខ្លួនស្រាប់តែមីយ៉ាន់ម៉ា យកលទ្ធផលនោះជាផ្លូវការ ។ ក្នុងវិញ្ញាសាដើរចម្ងាយ២០គីឡូម៉ែត្រ ផ្នែកនារី ប្រទេសវៀតណាមក៏បានប្តឹងម្ចាស់ផ្ទះផងដែរ ដែលបណ្តោយឱ្យកីឡាការិនីរបស់ខ្លួនដើរផងរត់ផង ដោយគ្មានការចាប់កំហុស ដែលមិនខុសពីការប្លន់មេដាយមាសពីគូប្រកួត ។ នៅមានរឿងអាស្រូវជាច្រើនទៀត ដែលមីយ៉ាន់ម៉ាបង្កឡើង ដោយការតវ៉ាទាំងឡាយបានត្រឹមតែទទួលលិខិតសុំទោសពីមីយ៉ាន់ម៉ាប៉ុណ្ណោះ ប៉ុន្តែមេដាយដែលឆ្មក់យកទៅនៅតែគ្មានការកែប្រែ ។
ទង្វើយកប្រៀបនេះ កើតមានចំពោះប្រទេសជាម្ចាស់ផ្ទះស្ទើរគ្រប់លើក ដោយគ្រាន់តែស៊ីហ្គេមនៅមីយ៉ាន់ម៉ាលើកនេះហាក់មានសន្ទុះខ្លាំងប្លែក ៕
ចែករំលែកព័តមាននេះ