ប្រធានាធិបតីរុស្សុីលោក វ៉្លាឌីមៀរ ពូទីន ថ្លែងកាលពីថ្ងៃទី១២ ធ្នូ ថា រុស្ស៊ីមានបំណងចង់ក្លាយទៅជាមេដឹកនាំពិភពលោកមួយ ។
ក្នុងសុន្ទរកថាប្រចាំឆ្នាំស្តីពីសភាពរបស់ប្រជាជាតិនៅឯសភាឌូម៉ា លោកពូទីន ថ្លែងថា យើងនឹងសាកល្បងប្រែក្លាយរុស្សុីទៅជាមេដឹកនាំពិភពលោកមួួយ ក្នុងចំណោមមេដឹកនាំពិភពលោកដែលការពារច្បាប់អន្តរជាតិ ដោយផ្អែកលើការគោរពអធិបតេយ្យភាពជាតិរបស់ប្រជាជន ។ យើងមានមោទនភាពចំពោះប្រទេសយើង ក៏ប៉ុន្តែយើងមិនទាមទារយកឈ្មោះជាមហាអំណាចផុតលេខដែលមានចរិតជាអនុត្តរភាពពិភពលោក ឬតំបន់ឡើយ ។
លោកអះអាងបន្តថា រុស្ស៊ីការពារជានិច្ចនូវតម្លៃរបស់ខ្លួន ក្នុងទំនាក់ទំនងអន្តរជាតិ ។ ការប្រកួតប្រជែងខាងយោធា-នយោបាយ សេដ្ឋកិច្ច និងព័ត៌មានវិទ្យា ពុំថយក្រោយឡើយ ក៏ប៉ុន្តែក្នុងក្របខណ្ឌនៃការអភិវឌ្ឍលើពិភពលោក ។ ប្រទេសឯទៀតៗលើពិភពលោក នឹងដេញតាមរុស្ស៊ីដែលខ្លាំង ។ ប្រធានាធិបតីរុស្ស៊ីអំពាវនាវឱ្យធានាសិទ្ធិរបស់អុីរ៉ង់ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដោយធានាសន្តិសុខរបស់គ្រប់ប្រទេសក្នុង តំបន់ ។
លោកធ្វើការកត់សម្គាល់ថា របស់ដែលហៅថាការគំរាមកំហែងរបស់អុីរ៉ង់ជាមូលហេតុសំខាន់លើកឡើងដោយសហរដ្ឋអាមេរិក ដើម្បីជាលេសដាក់ពង្រាយប្រព័ន្ធការពារប្រឆាំងមីសុីលរបស់ខ្លួន ។ ពេលនេះបញ្ហាអុីរ៉ង់លែងចោទទៀតហើយ ប៉ុន្តែប្រព័ន្ធការពារប្រឆាំងមីសុីលនៅតែពុំដកចេញ ហើយរឹតតែពង្រីក ថែម ។
លោក ពូទីន អះអាងថាក្រុងមូស្គូត្រៀមរួមសហការជាមួយគ្រប់ដៃគូ ដើម្បីធានាសន្តិសុខពិភពលោក ៕
ចែករំលែកព័តមាននេះ