ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​«យ៉ាក​ជី​» វិវត្តន៍​ជា​ព្យុះសង្ឃរា ខណៈ​កម្ពុជា​បន្ត​មាន​ភ្លៀង​ធ្លាក់​លាយឡំ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

1 អាទិត្យ មុន

​រាជធានីភ្នំពេញ ៖ ព្យុះ​ទី​១១ ឈ្មោះ​ថា​យ៉ាក​ជី (Yagi) បាន​វិវត្តន៍​ទៅ​ជា​ព្យុះសង្ឃរា ដែល​ស្ថានភាព​នឹង​ជះ​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម…

​រាជធានីភ្នំពេញ ៖ ព្យុះ​ទី​១១ ឈ្មោះ​ថា​យ៉ាក​ជី (Yagi) បាន​វិវត្តន៍​ទៅ​ជា​ព្យុះសង្ឃរា ដែល​ស្ថានភាព​នឹង​ជះ​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៤​។ នេះ​បើ​តាម​ប្រភព​ពី​គេហទំព័រ​គណៈកម្មការ​ទន្លេមេគង្គ (Mekong River Commission) ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា កន្លង​ទៅ​។

ប្រភព​ដដែល​បន្ត​ថា ព្យុះ​យ៉ាក​ជី នឹង​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ដោយឡែក​ក្នុង​ប្រទេស​កម្ពុជា រួម​មាន ខេត្តក្រចេះ មណ្ឌលគិរី ព្រះ​វិហារ ស្ទឹង​ត្រែង និង​រតនគិរី​។ ប្រទេស​ឡាវ រួម​មាន ខេត្ត Luangnamtha, Oudomxay ទីក្រុង​វៀង​ច័ន្ទ​ន៍ ខេត្ត Xaysomboun, Attapeu, Sekong និង Champasak​។ ប្រទេស​ថៃ រួម​មាន ខេត្ត Nakhon Phanom, (Mukdahan, Amnat, Charoen, Nakhon Ratchasima, Yasothon និង Ubon Ratchathan​។ ប្រទេស​វៀតណាម រួម​មាន​ខេត្ត Dak Lak, Kon Tum, និង Gia Lai​។

ផ្តើម​ចេញពី​ម៉ោង ៧​ព្រឹក ថ្ងៃ​ទី​៥ ខែកញ្ញា ចំណុចកណ្តាល​នៃ​ព្យុះ​យ៉ាក​ជី គឺ​ស្ថិត​នៅ​រយៈទទឹង​ប្រហែល ១៩.០​ដឺ​ក្រេ​ភាគ​ខាងជើង និង​រយៈបណ្តោយ ១១៥.៨ ដឺ​ក្រេ​ភាគ​ខាងកើត ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៥២០​គីឡូម៉ែត្រ​ភាគ​ខាងកើត នៃ​កោះ​ហៃ​ណា​ន (Hainan) ប្រទេស​ចិន​។

ប្រភព​ពី​គណៈកម្មការ​ទន្លេមេគង្គ​បានឱ្យ​ដឹង​ថា ចាប់ពី​ម៉ោង ៧ ព្រឹក ថ្ងៃ​ទី​៦ ខែកញ្ញា​នេះ ព្យុះ​យ៉ាក​ជី នឹង​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ១៩០​គីឡូម៉ែត្រ ភាគ​ខាងកើត​កោះ​ហៃ​ណា​ន និង​ប្រហែល ៥៩០​គីឡូម៉ែត្រ​ភាគ​ខាងកើត​ប៉ែក​អាគ្នេយ៍ ខេត្ត​ក្វា​ង​និ​ញ (Quang Ninh) ប្រទេស​វៀតណាម​។ ខ្យល់​បក់​បោក​ខ្លាំង​បំផុត​នៅ​ជិត​ចំណុចកណ្តាល​នឹង​បន្ត​មាន​កម្រិត​ខ្ពស់ ដោយ​ផ្លាស់​ទី​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​ពី ១០​ទៅ​១៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

ប្រភព​ដដែល​បន្ត​ថា នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា បន្ទាប់​ពី​ឆ្លងកាត់​កោះ​ហៃ​ណា​ន ព្យុះ​យ៉ាក​ជី​នឹង​ចុះ​ខ្សោយ ហើយនឹង​លែង​ជា​ព្យុះសង្ឃរា​ទៀត​ហើយ​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ដែល​រំកិល​ខ្លួន​ចូល​ទៅ​ក្នុង​ឈូង​សមុទ្រ​តុងកឹង (Tonkin) តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម ព្យុះ​នេះ​នឹង​នូវ​រក្សា​អាំង​តង់​ស៊ី​តេ​ខ្ពស់ ដោយសារ​តែ​មក​ពី​លក្ខខណ្ឌ​ទឹកសមុទ្រ​ក្តៅ​។ លុះដល់​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ព្យុះ​យ៉ាក​ជី​ត្រូវ​បាន​រំពឹង​ថា នឹង​ចុះ​ខ្សោយ​ទៅ​ជា​សម្ពាធ​ទាប​លើ​តំបន់​ភាគ​ពាយ័ព្យ នៃ​ប្រទេស​វៀតណាម​។

យ៉ាងណាមិញ ប្រភព​ពី​គណៈកម្មការ​ទន្លេមេគង្គ​បាន​គូសបញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១០ ខែកញ្ញា នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន នៅ​តំបន់​ខាងលើ និង​ខាងកើត​នៃ​អាង​ទន្លេមេគង្គ​ក្រោម​។

ជាមួយ​គ្នា​ផង​ដែរ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ដោយ​ព្យុះ​យ៉ាក​ជី​បាន​វិវត្តន៍​ទៅ​ជា​ព្យុះ​ស្ឃ​រា នឹង​មាន​ឥទ្ធិពល​លើ​ខ្យល់មូសុង​និរតី ដែល​បក់​លើ​សមុទ្រ​អាន់​ដា​ម៉ា​ន (Andaman) ខណៈ​ដែល​សម្ពាធ​ទាប គ្របដណ្ដប់​លើ​ឈូង​សមុទ្រ​ថៃ ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ សមុទ្រ​ចិន​ខាងត្បូង និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហើយ​ស្ថាន​បែប​នេះ ចាប់​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៤ នឹង​នាំ​ឱ្យ ៖

បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប រួម​មាន បន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់​ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង កណ្តាល តាកែវ និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី ៦០%​។

បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប រួម​មាន កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ស្ទឹង​ត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៣៥%​។ ចំណែក​តំបន់​មាត់សមុទ្រ រួម​មាន​ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប​និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​រហូត​ដល់ ៥០%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ