ខេត្តប៉ៃលិន ៖ មានករណីអំពើហិង្សាមួយបានកើតឡើងរវាងក្មេងទំនើង ២ក្រុម ខណៈពេលពួកគេចូលទៅផឹកស៊ីរាំរែកនៅក្នុងក្លិបហ្គោលដិន ដ្រាហ្គន ស្រវឹងរាំប៉ះគ្នាបង្កទៅជាអំពើហិង្សា ដោយយុវជនម្នាក់បានយកកែវស្រាគប់ក្បាលយុវជនម្នាក់ទៀត បណ្តាលឲ្យបែកហូរឈាមជោគខ្លួនត្រូវបានគ្រូពេទ្យដេរអស់ច្រើនថ្នេរ។ ចំណែកជនបង្ក ត្រូវកងរាជអាវុធហត្ថខេត្តឃាត់ខ្លួននៅព្រឹកថ្ងៃបន្ទាប់។
ហេតុការណ៍ប្រើអំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ១០នាទី យប់ថ្ងៃទី០៨ ធ្នូ ២០១៣ ស្ថិតនៅក្នុងក្លិបហ្គោលដិន ដ្រាហ្គន ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ជនរងគ្រោះឈ្មោះ សន រ៉ាវី ភេទប្រុស អាយុ ១៧ឆ្នាំ ជាអ្នកចម្ការ រងរបួសបែកក្បាលផ្នែកខាងមុខ និងរបួសដៃស្រាល រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងបក្ខពួក ៥ ទៅ ៦នាក់ទៀត ពុំមានរងរបួសឡើយ។ ចំណែកជនដៃដល់ឈ្មោះ ស៊្រុន រ៉ាយូ ភេទប្រុស អាយុ ២០ឆ្នាំ ជាអ្នកចម្ការ យកកែវចំនួនពីរគប់ទៅលើក្បាលជនរងគ្រោះខាងលើ និងបក្ខពួកចំនួន ៦នាក់ រត់គេចខ្លួន។
ក្រោយពីធ្វើការឃាត់ខ្លួន នៅរសៀលថ្ងៃទី១០ ធ្នូ ២០១៣ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានរៀបចំកសាងសំណុំរឿងដោយចោទពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងប្រើហិង្សាដោយមានស្ថានទម្ងន់ទោស ហើយក៏បានបញ្ជូនជនបង្កទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីកាត់ទោសតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ