រាជធានីភ្នំពេញ ៖ ឃ្លាំងស្តុកកង់មួយកន្លែង នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ OCIC ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់ជាច្រើនម៉ោង បណ្តាលអោយរងការខូចខាតទាំងស្រុង ដែលគិតជាទឹកប្រាក់ប្រមាណជាង ២០ម៉ឺនដុល្លារ ។
គ្រោះអគ្គិភ័យនេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ០៥និង១០នាទីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារOCIC ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាប់ឆេះចេញពីក្នុងឃ្លាំងយ៉ាងសន្ធោសន្ធៅ ផ្សែងហុយទៅលើអាកាស បង្កឲ្យមានការភ្ញាក់ផ្អើលស្ទើរមួយចំហៀងក្រុង។ ភ្លាមៗអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចុះទៅកន្លែងកើតហេតុ ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅអន្តរាគមន៍បាញ់ពន្លត់ ដោយសារតែឃ្លាំងបិតជិតដោយជញ្ជាំងសង្ក័សី និងទ្វាររ៉ូត ហើយភ្លើងបានឆេះពេញបន្ទុក រថយន្តមិនអាចទប់ស្កាត់បានទានពេល។ នៅក្នុងការណ៍នោះ សមត្ថកិច្ចបានប្រើគ្រឿងចក្រ កាយទម្លុះឃ្លាំង ដើម្បីបាញ់ពន្លត់ ទើបរលត់ ។
តាមនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យបានទៅអន្តរាគមន៍ចំនួន ២៦គ្រឿង ក្នុងនោះរថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគបាលរាជធានីភ្នំពេញ ចំនួន១៥គ្រឿង,រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន ០៧គ្រឿង, រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០២គ្រឿង, រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងអូឡាំព្យា ចំនួន ០១គ្រឿង, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ហើយភ្លើងបានរលត់ទៅវិញ នៅវេលាម៉ោង៧និង១០នាទិយប់ថ្ងៃដដែល ។
មន្ត្រីនគរបាលអោយដឹងទៀតថា អគ្គិភ័យនេះ បានបំផ្លាញឃ្លាំងធ្វើពីដែក ប្រក់សង្ក័សី ទំហំ ១០ម៉ែត្រ គុណ ៤០ម៉ែត្រ រួមទាំងកង់ចំនួន ៤,០០០គ្រឿង អស់ទាំងស្រុង តែពុំបណ្តាលអោយឆេះរាលដាល់ឡើយ ។ ទាក់ទិនមូលហេតុ ដែលកើតមានអគ្គិភ័យនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។
បើតាមម្ចាស់ឃ្លាំង ដែលជាអាជីវករលក់កង់ នៅផ្សារអូឬស្សី បានអោយដឹងថា អគ្គិភ័យនេះ បណ្តាលមកពីចរន្តអគ្គិសនីនៅកន្លែងដោតកង្ហារ ដែលកម្មករដេកយាមនៅផ្នែកខាងមុខ ហើយឆេះរាលដាល់ទៅគ្រែពូក និងកង់នៅក្នុងឃ្លាំងតែម្តង ខណៈពេល ដែលកម្មករបានចាក់សោរចេញទៅក្រៅ ។
តាមម្ចាស់អោយដឹងទៀតថា កង់ដែលត្រូវភ្លើងឆេះនោះជាកង់ជជុះ មានកង់កូនក្មេង និងកង់មនុស្សធំ ដែលចូលពីប្រទេសជប៉ុន ដើម្បីលក់ចែកចាយនៅក្នុងរាជធានី និងតាមបណ្តាលខេត្ត មិនមែនជាកង់អាគុយ នោះទេ។ កង់ទាំងនោះ បាននាំចូលតាំងពីកំឡុងឆ្នាំ២០២០ ដោយសារតែកូវីដ-១៩ និងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ លក់មិនសូវដាច់ ក៏ចេះតែស្តុកក្នុងឃ្លាំងរហូតមក ។
តាមអាជីវកររូបនោះ ក៏បានបញ្ជាក់អោយដឹងថា គាត់បានរកស៊ីលក់កង់នៅផ្សារអូរឬស្សី តាំងពីឆ្នាំ១៩៨៦ ហើយនៅឆ្នាំ២០១៧ ក៏បានប្រមែលប្រមូលប្រាក់មកសាងសង់ឃ្លាំង ផ្នែកខាងមុខ ១ជាន់ និងផ្នែកខាងក្រោយ ២ជាន់ គិតជាប្រាក់ប្រមាណ ១០ម៉ឺនដុល្លារ ហើយកង់ប្រមាណ៤ពាន់គ្រឿង ដែលរងការខូចខាតទៀតសរុបអស់ប្រមាណជាង២០ម៉ឺនដុល្លារ ៕




















<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ