ឪពុកមារបស់មេដឹកនាំវ័យក្មេងកូរ៉េខាងជើងលោកគីម ជុងអ៊ុន ដែលចាប់តាំងពីយូរមកហើយចាត់ទុកជាគ្រូរបស់លោកនោះត្រូវបានដកចេញពីតំណែងទទួលខុសត្រូវជាន់ខ្ពស់ ដែលឪពុកមារូបនោះកាន់ក្នុងផ្ទៃកងទ័ព ហើយមនុស្សជំនិតរបស់គាត់ជាច្រើននាក់ត្រូវគេប្រហារជីវិត។ នេះជាការគូសបញ្ជាក់កាលពីថ្ងៃទី៣ ធ្នូ របស់បណ្តាអ្នកទទួលខុសត្រូវកូរ៉េខាងត្បូង ។
ក្នុងសេចក្តីរាយការណ៍មួយនៅចំពោះមុខគណៈកម្មាធិការសភាមួយ ភ្នាក់ងារស៊ើបការណ៍កូរ៉េខាងត្បូង NIS គូសបញ្ជាក់ថា លោក JANG SONG THAEK ត្រូវបានគេដកចេញពីតំណែងអនុប្រធានគណៈកម្មាធិការការពារជាតិជាអង្គការធ្វើការសម្រេចចិត្តដែលមានឥទ្ធិពលខ្លាំងបំផុតរបស់ប្រទេស ។
ប្រសិនបើការដកហូតតំណែងពីលោក JANG SONG THAEK ជាព័ត៌មានច្បាស់នោះនឹងគឺជាការលោតផ្លោះខាងនយោបាយដ៏សំខាន់ក្នុងផ្ទៃពួកអ្នកកាន់អំណាចកូរ៉េខាងជើងចាប់តាំងពីលោកគីម ជុងអ៊ុន ឡើងធ្វើមេដឹកនាំប្រទេសពីខែធ្នូ ឆ្នាំ២០១១ បន្តវេនពីឪពុក លោកគីម ជុងអុីល ដែលទទួលមរណភាពដោយសារជំងឺបេះដូងមក ។
សេចក្តីរាយការណ៍នេះរបស់ NIS ផ្អែកលើមូលដ្ឋានដែលមនុស្សជិតដិតបំផុត២នាក់របស់លោក JANG ត្រូវគេប្រហារជីវិតជាសាធារណៈកាលពីដំណាច់ខែវិច្ឆិកា ។ ក្រោយការប្រហារជីវិតអ្នកទាំងពីរនោះ លោក JANG បានបាត់មុខជាសាធារណៈ ។ រូបលោកត្រូវបានគេឃើញជាលើកចុងក្រោយកាលពីថ្ងៃទី៦ វិច្ឆិកាក្នុងឱកាសនៃកិច្ចប្រជុំជាមួយគណៈប្រតិភូជបុ៉នមួយ ។ ការលេចមុខចុងក្រោយរបស់លោក JANG នៅក្បែរលោកគីម ជុងអ៊ុន គឺកាលពីថ្ងៃទី១០ តុលា ក្នុងឱកាសខួបលើកទី៦៨ នៃការបង្កើតបក្សពលករកូរ៉េខាងជើង ។
មនុស្សជំនិតបំផុតទាំង២នាក់របស់លោក JANG ដែលត្រូវគេប្រហារជីវិតទទួលការចោទប្រកាន់ពីបទពុករលួយ ហើយធ្វើសកម្មភាពផ្ទុយពីឆន្ទៈរបស់បក្សពលករកូរ៉េខាងជើង ។ អ្នកទាំងពីរនោះត្រូវគេស្គាល់ថា ម្នាក់ឈ្មោះ RI RYONGHA ហើយម្នាក់ទៀតឈ្មោះ JANG SOO KIL ជាមន្ត្រីនៃលេខាធិការដ្ឋានរបស់បក្សពលករកូរ៉េ ។ ដៃស្តាំទាំងពីរនាក់នោះរបស់លោក JANG SONG THAEK ត្រូវប្រហារជីវិតជាសាធារណៈកាលពីខែវិច្ឆិកា ។ អ្នកទាំងពីរជាអនុប្រធាននាយកដ្ឋានរដ្ឋបាលនៃបក្សពលករកូរ៉េជាស្ថាប័នបក្សដែលមានអំណាចដឹកនាំដោយលោក JANG ។
លោក JANG ជាស្វាមីរបស់លោកស្រីគឹម គីយុ៉ងហ្វី ម្តាយមីងបង្កើតរបស់លោកគីម ជុងអ៊ុន ពាក់ផ្កាយ៤ ។ លោកត្រូវបានគេចាត់ទុកថា ជាមនុស្សមានឥទ្ធិពលបំផុតនៅកូរ៉េខាងជើងបន្ទាប់ពីលោកគីម ជុងអ៊ុន ហើយជាអ្នកធ្លាប់ជួយជ្រោមជ្រែងលោកគីម ជុងអ៊ុន ឱ្យឡើងកាន់អំណាចក្រោយមរណភាពរបស់លោកគីម ជុងអុីល កាលពីដំណាច់ឆ្នាំ២០១១ ។
ប្រសិនបើលោក JANG ពិតជាត្រូវគេដកចេញពីតំណែងប្រាកដមែននោះអាចជាលទ្ធផលនៃការតស៊ូដណ្តើមអំណាចគ្នាមួយ ហើយក្រុងសេអ៊ូលតាមដានចំពោះរឿងនេះ ។ ការដកតំណែងលោក JANG អាចបង្កើនភាពមិនច្បាស់លាស់ក្នុងផ្ទៃរបបកូរ៉េខាងជើង ហើយវាក៏អាចនាំឱ្យមានការកើនឡើងនៃភាពតានតឹងនៅឧបទ្វីបកូរ៉េអាស្រ័យលើមនុស្សដែលត្រូវឡើងជំនួសលោក ៕
ចែករំលែកព័តមាននេះ