AFP ផ្សាយថា ដាវជា «ភស្ដុតាងផ្នែកប្រវត្ដិសាស្រ្ដ» នៃការបង្កើតប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវគេដាក់ដេញថ្លៃលក់នៅប្រទេសបារាំង និងមានមនុស្សចាប់អារម្មណ៍ ចំណាយប្រាក់ទិញក្នុងតម្លៃជាង១លានដុល្លារអាមេរិក កាលពីថ្ងៃទី១៧ វិច្ឆិកា ២០១៣ ។ លោកហ្សង់ព្យែរ៍ អូសេណា អ្នករៀបចំការដេញថ្លៃបញ្ជាក់ថា ដាវតូចនេះលម្អដោយពេជ្រទំហំ២៤ការាត់ និងដងច្នៃពីភ្លុកដំរី ។
ដាវនេះប្រវែងជិត៧៩សង្ទីម៉ែត្រ លក់បានក្នុងតម្លៃ៩៥៥.៤០០អឺរ៉ូ ។ ដាវមួយនេះជារង្វាន់ដែលព្រះមហាក្សត្រអាប់ឌុលអាស៊ីស ប៊ីនសាអ៊ូត នៃចក្រភពអារ៉ាប៊ីសាអូឌីត ព្រះរាជទានដល់ព្រះអង្គម្ចាស់អាម៉ាត់ សាលាន នៃប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី៥ ឧសភា ១៩៣២ និងក្រោយមកបានលក់ឱ្យបុគ្គលម្នាក់ ។
មជ្ឈមណ្ឌលដេញថ្លៃអូសេណា បានប៉ាន់ប្រមាណលើតម្លៃដាវមួយដើមនេះពី៨០០.០០០ទៅ១.២០០.០០០អឺរ៉ូ ។ ដាវបុរាណនេះបានទទួលការចាប់អារម្មណ៍ពីអ្នកសន្សំវត្ថុបុរាណជាច្រើននៅមជ្ឈិមប្រទេស ។ លោកហ្សង់គ្រីស្ដូវ សាតេនីយេ បុគ្គលិកនៅក្នុងមជ្ឈមណ្ឌលដេញថ្លៃអូសេណា និយាយថា «ដាវនេះមានន័យជានិមិត្ដរូបសម្រាប់ប្រទេសអារ៉ាប់» ។ ការប្រគល់ដាវគឺជាការសច្ចាថា ជាមិត្ដនឹងគ្នាជារៀងរហូត មានការស្មោះត្រង់ ទុកចិត្ដ និងការពារគ្នាទៅវិញទៅមករវាងអ្នកផ្ដល់ និងអ្នកទទួល» ៕
ចែករំលែកព័តមាននេះ