វិមានក្រឹមឡាំង ថ្លែងកាលពីថ្ងៃទី២ ធ្នូ ថា ប្រទេសរុស្ស៊ី បានអនុម័តទណ្ឌកម្មនានាប្រឆាំងកូរ៉េខាងជើង យោងទៅតាមដំណោះស្រាយលេខ២០៩៤របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ។ក្រិត្យដែលចុះហត្ថលេខាដោយប្រធានាធិបតីលោក វ៉្លាឌីមៀរ ពូទីន ហាមឃាត់ពលរដ្ឋ បណ្តាសហគ្រាសនិងបណ្តាអង្គការរុស្ស៊ី កុំឱ្យធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ឬក៏ធ្វើការទូទាត់ផ្លាស់ប្តូរហិរញ្ញវត្ថុទាក់ទិនជាមួយកម្មវិធីនុយក្លេអ៊ែរ និងកម្មវិធីមីសុីលរបស់ក្រុងព្យុងយ៉ាង ។
ដោយអនុវត្តក្រិត្យនេះ រុស្ស៊ីនឹងចាប់ផ្តើមត្រួតពិនិត្យបណ្តាទំនិញមកពីកូរ៉េខាងជើង ឬទំនិញដឹកឆ្លងកាត់របស់ប្រទេសនោះ បើមានការសង្ស័យ ។ រុស្ស៊ីចាប់ពីពេលនេះតទៅ ក៏រក្សាសិទ្ធិផងដែរហាមឃាត់យន្តហោះកូរ៉េខាងជើងមិនឱ្យហោះចេញ ឬចុះចតនៅលើដែនដីរុស្ស៊ី ព្រមទាំងហោះឆ្លងកាត់ដែនអាកាសរុស្ស៊ី នៅពេលក្រុងមូស្គូទទួលបានព័ត៌មាននានាដែលថា យន្តហោះនោះដឹកទំនិញហាមឃាត់ ។បណ្តាធនាគាររបស់កូរ៉េខាងជើងនឹងត្រូវហាមឃាត់មិនឱ្យដំណើរការនៅរុស្ស៊ី ឬមួយដឹកនាំសហគ្រាសរួមជាមួយបណ្តាស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី ។
កាលពីខែវិច្ឆិកា កន្លងមកនេះ រុស្ស៊ីទាមទារឱ្យបើកធ្វើឡើងវិញ ដោយគ្មានលក្ខខណ្ឌនូវការចរចា៦ភាគីស្តីពីការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ។ កូរ៉េខាងជើងបានដកខ្លួនថយចេញពីការចរចា៦ភាគីនោះ កាលពីខែមេសា ឆ្នាំ២០០៩ ជាការតវ៉ាប្រឆាំងនឹងទណ្ឌកម្មថ្មីៗរបស់ អ.ស.ប ៕
ចែករំលែកព័តមាននេះ