គេធ្លាប់តែឮថា ពាក្យថាIMF តែក៏មានអ្នកខ្លះមិនទាន់បានដឹងច្បាស់នៅឡើយថាតើIMF ជាអ្វីមានតួនាទីអ្វីនៅលើពិភពលោក ។ IMF មកពីពាក្យពេញថា មូលនិធិរូបិយវត្ថុអន្តរជាតិ(International Monetary Fund) IMFគឺជាភ្នាក់ងារអន្តររដ្ឋាភិបាលដែលធ្វើការដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងប្រព័ន្ធទូទាត់អន្តរជាតិ ។ ស្ថានប័ននេះរៀបចំចាត់ចែងប្រព័ន្ធខាងលើតាមរយៈការផ្តល់ការគាំទ្រដល់ប្រទេសទាំងឡាយដែលធ្លាក់ចូលទៅក្នុងបញ្ហាសេដ្ឋកិច្ច ហើយបង្កការគំរាមកំហែងដល់សេដ្ឋកិច្ចសាកល ។
IMFត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៤៥បន្ទាប់ពីមានសន្និសីទរបស់អង្គការសហប្រជាជាតិនៅទីក្រុង Bretton Woods រដ្ឋញូវហែមសៀរ សហរដ្ឋអាមេរិក ។ កាលនោះប្រទេសទាំង៤៤ដែលចូលរួមក្នុងសន្និសីទនោះបានផ្តួចផ្តើមមូលនិធិនេះឡើងជាសហប្រតិបត្តិការសេដ្ឋកិច្ចដែលអាចបញ្ចៀសមហន្តរាយនៃការធ្លាក់ថ្លៃរូបិយប័ណ្ណនៅលើពិភពលោក ។មនុស្សដំបូងដែលផ្តើមគំនិតបង្កើតមូលនិធិនេះឡើងគឺលោក ចន ម៉េណាដ ឃីណេស(John Maynard Keynes) និងលោកហារី ដិចទ័រវ៉ាយ(Harry Dexter White) ហើយស្ថាប័នដែលបានផ្តើមបង្កើតឡើងដំណាលគ្នានឹងIMFដែរនោះគឺធនាគារពិភពលោក(World Bank) និងបានធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធទៅវិញទៅមក ។ បច្ចុប្បន្នស្ថាប័នទាំងពីរនេះមានទីស្នាក់ការនៅទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ។
តើIMFធ្វើការអ្វីខ្លះ
តាមពិតទៅមុខងាររបស់IMFគឺធ្វើការជាអ្នកផ្តល់ប្រឹក្សា និងផ្តល់កម្ចីដល់ប្រទេសទាំងឡាយណាដែលត្រូវការជំនួយផ្នែកសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសាកលនិងស្ថេរភាពសេដ្ឋកិច្ច។ ប្រទេសជាសមាជិកទាំងអស់រួមចំណែកដល់ស្ថាប័ននេះនូវសាច់ប្រាក់រួមគ្នាដែលត្រូវបានប្រើប្រាស់សម្រាប់កម្ចីដល់ប្រទេសទាំងឡាយណាដែលប្រឈមមុខនឹងកាលៈទេសៈសេដ្ឋកិច្ចជ្រួលច្របល់ ។ ជាញឹកញយ ឥណទានទាំងនោះត្រូវបានបង្កើតឡើងផ្អែកលើការធានាថា គោលនយោបាយសេដ្ឋកិច្ចជាក់លាក់ និងបំពេញតាមគោលដៅប្រទេសខ្ចីប្រាក់ ។ តម្រូវការសំខាន់រួមមាន កំណែទម្រង់ថវិកា ការអនុវត្តពន្ធអាករ និងរបបរូបិយប័ណ្ណតម្រង់ទិសទីផ្សារ ។
យ៉ាងណាក៏ដោយ សម្រាប់អ្នកដែលគាំទ្រប្រតិបត្តិការរបស់IMFបានផ្តល់ហេតុផលថា ការតម្រូវទាំងអស់សម្រាប់ឥណទានរបស់IMF គឺបានលើកកម្ពស់ការអនុវត្តសារពើពន្ធត្រឹមត្រូវ និងរួមចំណែកនៅក្នុងស្ថិរភាពសេដ្ឋកិច្ចសាកល និយាយឲ្យចំគឺផ្តល់ប្រយោជន៍ដល់បណ្តាប្រទេសជាសមាជិករបស់IMFទាំងអស់ ។ ផ្ទុយទៅវិញ ក៏មានការរិះគន់នានាលើកឡើងថា IMFជាទូទៅត្រូវបានគ្រប់គ្រងដោយប្រទេសលោកខាងលិច ដែលចំនួនសំឡេងឆ្នោតរបស់ក្រុមប្រឹក្សាប្រតិបត្តិត្រូវបានកំណត់ដោយឥទ្ធិពលសេដ្ឋកិច្ចប្រទេសមួយ ហើយជាលទ្ធិផលគោលនយោបាយរបស់ខ្លួនមានទំនោរគាំទ្រផលប្រយោជន៍អាមេរិក និងអឺរ៉ុប ។
ហេតុអ្វីបានជាIMFមានសារសំខាន់ ?
IMFបានរៀបចំយុទ្ធនាការដែលមានការចាប់អារម្មណ៍ច្រើនដើម្បីស្តាររដ្ឋឯករាជ្យនានាដែលប្រឹងប្រែងកសាងប្រទេសទាំងត្រដាបត្រដួស ។ ជាការកត់សម្គាល់គេនៅចាំបានថា ការចូលរួមរបស់ស្ថាប័នមួយនេះជាមួយនឹងប្រទេសអាហ្សង់ទីន ចំពេលដែលប្រទេសនេះធ្លាក់ក្នុងវិបត្តិបំណុលកាលពីឆ្នាំ២០០១-២០០២ ។ ជាពិសេស អាមេរិកឡាទីន មានប្រវត្តិសាស្ត្រដែលគេមិនអាចបំភ្លេចបានជាមួយIMF ហើយកាលពីឆ្នាំ១៩៨៦ IMFបានបញ្ឈប់កម្ចីដល់ប្រទេសប៉េរូ បន្ទាប់ពីប្រទេសនេះខកខានមិនបានធ្វើការទូទាត់សងបំណុលរបស់ខ្លួន ។ IMF ក៏បានសហការផ្តល់ជំនួយហិរញ្ញវត្ថុលើកដំបូងដល់ប្រទេសម៉ិចស៊ិកនៅក្នុងឆ្នាំ១៩៨២ ហើយម្តងទៀតនៅក្នុងឆ្នាំ១៩៩៥ ។
ត្រង់ចំណុចនេះIMFក៏រងនូវការរិះគន់ដែរ មានពេលខ្លះIMFត្រូវបានគេស្តីបន្ទោសចំពោះលក្ខខណ្ឌតឹងរ៉ឹងដែលខ្លួនភ្ជាប់ជាមួយកម្មវិធីឥណទាន ដែលអ្នកខ្លះនិយាយថា ធ្វើឲ្យបញ្ហាសេដ្ឋកិច្ចក្នុងតំបន់កាន់តែធ្ងន់ធ្ងរ ។
ខាងក្រោមនេះជាប្រធានIMFចាប់ពីឆ្នាំ១៩៤៦រហូតមកទល់នឹងបច្ចុប្បន្ន៖
១.លោកCamille Gutt សញ្ជាតិបែលហ្ស៊ិច(១៩៤៦-១៩៥១)
២.លោក Ivar Rooth សញ្ជាតិស៊ុយអែត(១៩៥១-១៩៥៦)
៣.លោក Per Jacobsson សញ្ជាតិស៊ុយអែត(១៩៥៦-១៩៦៣)
៤.លោក Pierre-Paul Schweitzerសញ្ជាតិបារាំង(១៩៦៣-១៩៧៣)
៥.លោក Johan Witteveen សញ្ជាតិហូឡង់(១៩៧៣-១៩៧៨)
៦.លោក Jacques de Larosière សញ្ជាតិបារាំង (១៩៧៨-១៩៨៧)
៧.លោក Michel Camdessus សញ្ជាតិបារាំង (១៩៨៧-២០០០)
៨.លោកHorst Köhler សញ្ជាតិអាល្លឺម៉ង់(២០០០-២០០៤)
៩. លោកRodrigo Rato សញ្ជាតិអេស្បា៉ញ(២០០៤-២០០៧)
១០.លោកDominique Strauss-Kahn សញ្ជាតិបារាំង (២០០៧-២០១១)
១១.លោកស្រីChristine Lagardeសញ្ជាតិបារាំង(២០១១មកដល់បច្ចុប្បន្ន) ៕
ប្រភព៖ CNBC, Wikipedia
ចែករំលែកព័តមាននេះ