រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីសុខាភិបាលណែនាំ«ក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ ដោយនាំយកចំណេះជំនាញវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ជាពិសេសមកបម្រើដល់ប្រទេសជាតិ» ។ នេះបើយោងតាមផេកក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតវេជ្ជបណ្ឌិតឯកទេសដែលត្រូវបន្តការសិក្សានៅសាធារណៈរដ្ឋបារាំងឆ្នាំសិក្សា ២០២៥-២០២៦ ។ ពិធីនេះរៀបចំឡើង នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមវត្តមានចូលរួមពី លោកស្រី Marie Buscail ទីប្រឹក្សាទី១នៃស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និស្សិតមហាវិទ្យាល័យវេជ្ជសាស្ត្រ និងនិស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិតឯកទេស សរុបប្រមាណ ៥០០នាក់ ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានណែនាំដល់និស្សិតអាហារូបករណ៍ និងនិស្សិតកំពុងសិក្សាក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួន ខិតខំសិក្សាឱ្យស្មើនឹងតម្លៃនឹងកម្ពស់នៃឱកាសកាលានុវត្តភាពដែលក្មួយបានទទួល ដោយ ៖
១. នៅពេលយើងសិក្សា យើងនឹងទទួលបានចំណេះដឹង ដែលជាវិជ្ជាជីវៈមួយដែលល្អ ពិសេស និងមិនអាចខុស ។ ហើយត្រូវចាំថាគ្រប់ឥរិយាបថរបស់យើង តំណាងឱ្យប្រទេសរបស់យើង ។
២. ត្រូវយកចំណេះជំនាញនេះ មកបម្រើសុខភាពប្រជាពលរដ្ឋកម្ពុជា កាន់តែប្រសើរឡើង ។
៣. ត្រូវយល់ដឹងបានល្អ ត្រូវចេះសង្កេតក្នុងកម្មសិក្សា ដោយអនុវត្ត ជាអត្ថប្រយោជន៍មួយ ពាំនាំនូវនៅចំណេះជំនាញ និងបច្ចេកវិទ្យាទំនើប ទាំងផ្នែកបច្ចេកទេស របៀបនៃការរៀបចំចាត់ចែងធ្វើការងារ និងក្រមសីលធម៌ វិន័យ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តាំផ្ញើនិស្សិតជ័យលាភី និងនិស្សិតដែលកំពុងសិក្សាជំនាញសុខាភិបាលនេះ ដូចខាងក្រោម ៖
១) ត្រូវខិតខំសិក្សាស្រូបយកចំណេះដឹង ដោយកុំនៅតែក្នុងជំនាញរបស់ខ្លួនតែមួយមុខ ដោយសម្លឹងធ្វើយ៉ាងណាឱ្យមានចក្ខុវិស័យទូលាយ ដើម្បីជំនះបញ្ហាប្រឈមពាក់ព័ន្ធ ។
២) ត្រូវខិតខំសិក្សាដោយរំពឹងទុកថានឹងទទួលបានការចាប់អារម្មណ៍ល្អ ដោយសារការខិតខំរបស់និស្សិតពីគ្រូបង្រៀននិងភាគីបារាំង
៣) និស្សិតជ័យលាភ នឹងមានភាពមមារញឹកខ្លាំងក្នុងអំឡុងពេលសិក្សាដ៏ខ្លី ការសិក្សាបានច្រើន និងសិក្សាបន្ថែមចំណេះដឹងលើភាសា វប្បធម៌ និងការអនុវត្ត ជាពិសេសរក្សាបាននូវភាពទំនាក់ទំនងជាប្រចាំរហូតក្រោយពេលសិក្សាជាមួយគ្រូបង្ហាត់ផ្ទាល់។
៤) ត្រូវខិតខំប្រឹងប្រែងសិក្សា និងសូមរក្សាការចងចាំ និងមានអនុស្សាវរីយ៍ល្អ សម្រាប់ការបំពេញវិជ្ជាជីវៈរបស់ខ្លួន។
៥) ត្រូវខិតខំប្រឹងប្រែងសិក្សា ធ្វើយ៉ាងណាឱ្យពោរពេញដោយភាពជោគជ័យ ក្នុងអំឡុងពេលសិក្សារបស់ខ្លួន។
៦) សូមក្មួយៗ ក្តីរំពឹងលើសមត្ថភាព ខិតខំឱ្យស្មើនឹងតម្លៃ កម្ពស់នៃកាលានុវត្តភាពដោយរបស់និស្សិតនីមួយៗ ទទួលបានចំណេះដឹង ក្នុងជំនាញ ដោយយកចំណេះជំនាញនេះ មកបម្រើសុខភាពប្រជាពលរដ្ឋកម្ពុជា កាន់តែប្រសើរឡើង ។
ជាទីបញ្ចប់ ឯកឧត្ដមសាស្ត្រាចារ្យ បានវាយតម្លៃខ្ពស់ និងកោតសរសើរសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានខិតខំពង្រឹងគុណភាពបណ្តុះបណ្តាលនិស្សិត ។
ឯកឧត្ដមសាស្ត្រាចារ្យបានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលបារាំង ដែលបាន និងកំពុងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេស គឺការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ។
ថ្លែងក្នុងឱកាសនោះ លោកស្រី Marie Buscail ទីប្រឹក្សាទី១ នៃស្ថានទូតបារាំង បានរំលេចកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា ជាកិច្ចសហប្រតិបត្តិការបន្តមកតាំងពីយូរលង់ណាស់មកហើយ ។ លោកស្រីបានកំណត់សំគាល់ប្រទេសកម្ពុជា គឺជាប្រទេសលេខរៀងទី១ ក្នុងពិភពលោកដែលបញ្ជូននិស្សិតវេជ្ជបណ្ឌិតឯកទេសច្រើនជាងគេ ទៅបន្តកម្មសិក្សានៅប្រទេសបារាំង ។
គួរជម្រាបជូនថា បច្ចុប្បន្ននេះ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានដំណើរការថ្នាក់បណ្តុះបណ្តាល វេជ្ជបណ្ឌិតឯកទេសសរុបចំនួន ២១ និងនៅឆ្នាំសិក្សា ២០២៤-២០២៥នេះ មាននិស្សិតកំពុងសិក្សាវេជ្ជបណ្ឌិតឯកទេស សរុបទាំង ២១ ឯកទេស មានចំនួន ៩៥០ នាក់ ៕
ចែករំលែកព័តមាននេះ