រាជធានីភ្នំពេញ ៖ កសិដ្ឋានដំបូងបង្អស់ដែលនាំយកនូវប្រព័ន្ធការដាំបន្លែបែបទំនើប ហៅថា (ហៃដ្រូ ផូនិក) បានមកដល់ប្រទេសកម្ពុជា ។ ហៃដ្រូ ផូនិក គឺជាបន្លែដោយដាំមិនចាំបាច់ប្រើដី នេះជាបច្ចេកទេសថ្មីក្នុងការដាំបន្លែ ជាពិសេសមិនចាំបាច់ប្រើបរិវេណទីធា្លធំ ហើយមិនប៉ះពាល់សារធាតុគីមីដែលមាននៅក្នុងដី ធ្វើឱ្យយើងទទួលបានបន្លែដែលមានអនាម័យល្អ ។ លើសពីនេះ ធ្វើឱ្យអ្នកទទួលទានមានសុខភាពល្អ ។
ទាក់ទងនឹងបច្ចេកទេសនេះ លោក ម៉ាន់ សុផល ម្ចាស់កសិដ្ឋានដាំបន្លែសាឡាត់ក្នុងទឹក នៅភូមិថ្មី ឃុំតាខ្មៅ ស្រុកតាខ្មៅ ឱ្យដឹងថា ការដាំបន្លែសាឡាត់ក្នុងទឹក មានអត្ថប្រយោជន៍ច្រើនធ្វើឱ្យយើងងាយស្រួលក្នុងការគ្រប់គ្រងបរិស្ថាននៃការលូតលាស់របស់បន្លែបានល្អជាងការដាំបន្លែសាឡាត់លើដី ។ មិនត្រឹមតែប៉ុណ្ណោះ យើងទទួលបានទិន្នផលខ្ពស់ និងគុណភាពល្អជាង និងប្រើរយៈពេលខ្លីជាង និងការពារបន្លែមិនឱ្យមានមេរោគឆ្លងពីដី មិនចាំបាច់នឿយហត់ក្នុងការធ្វើដីឡើយ ។ លោកបានឱ្យដឹងទៀតថា ដាំបន្លែសាឡាត់ក្នុងទឹក ដំបូងលោកមានពូជត្រឹមតែ២០ជាងទៅ៤០ពូជប៉ុណ្ណោះ ហើយសព្វថ្ងៃនេះលោកមានដល់ជាង១០០ពូជ ប៉ុន្តែសម្រាប់ការសាកល្បងធ្វើពេលនេះបានត្រឹមតែ៤០ពូជជាងតែប៉ុណ្ណោះ ហើយគាត់នឹងព្យាយាមសាកល្បងបន្តៗទៀតរហូត ។
ចំពោះការប្រមូលផល យើងដាំបានរយៈពេល៤០ទៅ៤៥ថ្ងៃ ចាប់ពីថ្ងៃយើងបណ្តុះកូនមក គឺអាចប្រមូលផលបានហើយ ហើយការប្រមូលផលខែខ្លះបាន១០០គីឡូក្រាម ខែខ្លះទៀតបាន៧០គីឡូក្រាម ការប្រមូលផលមិនទៀងបែបនេះ ដោយសារជួនកាលអាកាសធាតុមិនអំណោយផលដូចជាមេឃអត់មានពន្លឺថ្ងៃ ធ្វើឱ្យបន្លែដាំធំធាត់ ។ ចំណែកតម្លៃលក់លើទីផ្សារវិញ លោកមានប្រសាសន៍ថា បើលក់តាមហាងបារាំងខ្មែរ ក្នុង១គីឡូក្រាម តម្លៃ៣ដុល្លារ សម្រាប់ប្រជាពលរដ្ឋក្នុងភូមិវិញ ១គីឡូក្រាម ត្រឹមតែ១០.០០០រៀលទេ ។ សព្វថ្ងៃនេះ ការលក់ពេលខ្លះអត់គ្រប់គ្រាន់នឹងតម្រូវការរបស់អតិថិជនផង ប្រសិនបើយើងប្រៀបធៀបការលក់កាលពីឆ្នាំ២០១២ ធៀបនឹងឆ្នាំនេះ ការលក់គ្មានការថយចុះឡើយ ។
លោកបានបន្តទៀតថា កសិដ្ឋានដែលលោកដាំបន្លែក្នុងទឹករាល់ថ្ងៃនេះមានផ្ទៃដីទំហំក្បាល១០ម៉ែត្រ បណ្តោយ៣០ម៉ែត្រ ហើយពូជបន្លែសាឡាត់ ដែលលោកដាំរាល់ថ្ងៃ គឺនាំចូលពីប្រទេសថៃ ។ លោកបានលើកឡើងទៀតថា បន្លែដែលគាត់លក់រាល់ថ្ងៃនេះ គឺលក់ឱ្យហាងបារាំង និងអង្គការតែប៉ុណ្ណោះ មិនទាន់បានដាក់លក់នៅលើផ្សារទំនើប ឬផ្សារធំៗនៅឡើយទេ ដោយសារបច្ចុប្បន្នប្រជាពលរដ្ឋមិនទាន់ស្គាល់ពីប្រភេទបន្លែដែលដាំក្នុងទឹក ។ បច្ចុប្បន្នកំពុងតែមានជនជាតិជប៉ុន និងកូរ៉េមួយចំនួនចាប់អារម្មណ៍មកទាក់ទងទិញបន្លែរបស់លោក ព្រោះជនបរទេសស្គាល់ច្បាស់ពីបន្លែដាំក្នុងទឹក៕
ចែករំលែកព័តមាននេះ