រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឲ្យដឹងថា ក្រសួងយុត្តិធម៌បានកំពុងពិនិត្យរៀបចំធ្វើវិសោធនកម្មច្បាប់ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដែលគោលបំណងសំដៅដល់ការកាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរនៅក្នុងសង្គម ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត បញ្ចប់ការសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសាលសន្នីបាតកោះពេជ្របានបញ្ជាក់ថា៖ «ពេលនេះ ក្រសួងយុត្តិធម៌ កំពុងតែពិនិត្យ និងរៀបចំធ្វើ វិសោធនកម្ម ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធី ។ ដែលយើងគួរតែពិនិត្យមើលគោលដៅណាខ្លះ ដែលត្រូវពិនិត្យមើលថា កាត់បន្ថយគ្រោះថ្នាក់ពិសេសនោះ គ្រោះថ្នាក់នៃការផឹកស្រវឹងហើយបុកគេស្លាប់»។
សម្តេចធិបតីបានលើកឡើងទៀតថា ការធ្វើវិសោធនកម្មច្បាប់ទាំងនោះនឹងត្រូវតម្លើង និងពង្រឹងការអនុវត្តតទោសទណ្ឌស្ថិតកម្រិតណា ដើម្បីធ្វើឲ្យមនុស្សខ្លាច ។ ការធ្វើវិសោធនកម្មច្បាប់នេះ ក៏ជាការធ្វើឲ្យមានការសម្រេចមួយរួមរបស់យើង គឺគោលដៅទប់ស្កាត់និងបង្កការនូវការប្រព្រឹត្តិបទល្មើសដែលកើតឡើងជាដដែលៗ ។
សម្តេចធិបតីក៏បានលើកឡើងបន្តថា ចំពោះកិច្ចការងារនេះ សម្តេចបានស្នើឲ្យស្ថាប័នតុលាការ អយ្យការ ត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះអ្នកដែលប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរដល់សង្គមធ្វើយ៉ាងណា ឲ្យមានសុខ ដុមរនាកម្មក្នុងសង្គម ក៏ដូចជាការកាត់បន្ថយចំពោះការភ័យបារម្ភរបស់ប្រជាពលរដ្ឋដូចជាបទល្មើសគ្រឿងញៀន ជួញដូរមនុស្សបទល្មើសក្មេងទំនើងបទល្មើសចរាចរណ៍បុកគេស្លាប់ដោយភាពស្រវឹងជាដើម៕
ចែករំលែកព័តមាននេះ